ត្រី​បាឡែន​យក្ស ប្រវែង​19ម៉ែត្រ ជាប់​គាំង​លើ​វាល​ថ្ម​ក្បែរ​សមុទ្រ​ (មានវីដេអូ)

អងគ្លេស​៖ ថ្វី​បើ​ត្រូវ​បាន​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ស្ម័គ្រ​ចិត្ត​ ជួយ​បាច់​ទឹក​រក្សា​សំណើម ប៉ុន្តែ ត្រីបាឡែន​យក្ស​ដែល​ជាប់​គាំង​នៅ​លើ​ឆ្នេរ​សមុទ្រ​នៃ​កោះ Lizard កាល​ពី​ថ្ងៃទី14​កុម្ភៈ ក៏នៅ​តែ​មិន​អាច​បន្ត​ជីវិត​ដល់​វេលា​​ទឹក​ជោរមក​ដល់​ដដែល។

ត្រី​បាឡែន​ Fin whale ដែល​ស្លាប់​ដោយ​សារ​ជាប់​គាំង​លើ​វាល​ថ្ម

ត្រីយក្ស​ប្រវែង​ដល់ទៅ​19,25ម៉ែត្រ ត្រូវ​បាន​គេ​បញ្ជាក់​ថា​ជា​ត្រី​បាឡែនមួយ​ប្រភេទ​ដែល​គេ​ហៅ​ថា Fin whale។ នេះ​ជា​សត្វ​ធំបំផុត​លំដាប់​ទី​2 ដែល​នៅ​មានវត្តមាន​លើ​ភព​ផែនដី​ បន្ទាប់ពី​ត្រី​បាឡែន​ខៀវ (blue whale)​។ ត្រី​បាឡែន​ Fin whale នេះ​ ត្រូវ​បាន​សង្កេត​​ឃើញ​ថា ហែល​ចូល​ក្នុង​តំបន់​សមុទ្រ​​ទឹក​រាក់ ក្បែរ​ទីស្នាក់​ការ​នៃ​ឆ្មាំ​សមុទ្រ​ Nare Point កាល​ពី​ព្រឹក​ថ្ងៃទី​14កុម្ភៈ ហើយ​មក​ដល់​ថ្ងៃ​ត្រង់​ វា​ក៏​បាន​ជាប់​គាំង​នៅ​លើ​វាល​ថ្មនៅ​ពេល​ដែល​ទឹក​​សមុទ្រ​នាច​ទៅ​វិញ​។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​សត្វសមុទ្រ​​ជនជាតិ​អង់គ្លេស BDMLR បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ភ្លាម​ៗ ប៉ុន្តែ មិន​អាចជួយ​សង្គ្រោះ​ជីវិត​ត្រី​នេះ​ទាន់​ពេលនោះទេ​។

Dan Jarvis មក​ពី​អង្គ​ការ BDMLR បាន​និយាយ​ថា “ពេល​យើង​ខ្ញុំ​មក​ដល់​កន្លែង​កើត​ហេតុ យើង​ឃើញ​វា​កំពុង​ហា​មាត់​ធំ និង​បក់កន្ទុយ​ជា​ញឹក​ញាប់​​ទៅ​លើ​ដុំ​ថ្ម​ បង្ក​ជា​សម្លេង​ខ្លាំង​ៗ”។ ត្រី​បាឡែន​យក្ស​នេះ មាន​កម្លាំង​ខ្សោយ​ បង្ហាញ​ថា វា​មាន​បញ្ហា​សុខ​ភាព​មុន​ពេល​ត្រូវ​ជាប់​លើ​គោក​។

ត្រីបាឡែន​ខៀវ ជា​សត្វ​ដែល​មាន​រូប​រាង​ធំជាង​គេ​ក្នុង​ពិភពលោក

“យើង​ខ្ញុំ​ពិត​ជាចង់​ជួយ​វា​ណាស់។ មនុស្ស​ជាង​20នាក់ បាន​មក​ដល់​ទី​នេះ សង្ឃឹម​ថា អាច​ជួយ​នាំ​វា​ទៅ​កាន់​សមុទ្រ​នៅ​ពេល​ទឹក​ជោរមក​ដល់​។ ប៉ុន្តែ គួរ​ឱ្យ​ស្ដាយ វា​ឈប់​ដក​ដង្ហើម​ និង​លែង​កម្រើត​ទៅ​ហើយ” នេះ​គឺជា​សម្ដី​របស់​ Steve Green ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​ឃើញ​ត្រី​នេះ​មុន​គេ​។

កន្លង​មក​នេះ ឱកាស​នៃ​ការ​ជួយ​សង្គ្រោះ​ជីវិត​ត្រី​បាឡែន​យក្ស គឺ​ពិបាក​ធ្វើ​ទៅ​បាន​ ព្រោះ​តែ​ទំហំ​ដង​ខ្លួន​ដ៏​មហិ​មា​របស់​វា​។ អង្គ​ការ​ BDMLR បាន​និយាយថា នឹង​ធ្វើ​កោសល្យ​វិច័យ​ទៅលើ​សាក​សព​ត្រី​បាឡែន​នេះ ដើម្បី​ឱ្យ​ដឹង​ថា តើ​វា​ស្លាប់​ដោយ​សារ​មូលហេតុ​អ្វី​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement