អាន់នេលីស មីឆេល ស្រីក្រមុំដែលត្រូវខ្មោចចូល ជិត 70ដង រហូតដល់ស្លាប់យ៉ាងអាណោចអាធម្មបំផុត

គេនាំគ្នានិយាយថា មនុស្សដែលត្រូវខ្មោចចូល គឺមនុស្សដែលមានអាការរោគខាងផ្លូវចិត្ត តែនៅពេលខ្លះ អាការរោគខាងផ្លូវចិត្តរបស់ពួកគេទាំងនោះ ក៏ធ្វើឱ្យយើងលួចមិនគិតមិនបានដែរថា ឬក៏ការពិតទៅ ពួកគេទាំងនោះត្រូវខ្មោចចូលមែនទែន? ដោយសារតែអ្វីដែលបានកើតឡើងនោះ វាគួរឱ្យភ័យរន្ធត់ខ្លាំងណាស់។

ចំណែករឿងរ៉ាវដ៏គួរឱ្យព្រឺក្បាលនេះ បានកើតឡើងនៅឆ្នាំ1968 នៅលើស្រីក្រមុំវ័យ 16ឆ្នាំម្នាក់ ដែលមានឈ្មោះថា អាន់នេលីស មីឆេល នៅពេលដែលនាងចាប់ផ្តើមមានអាការចម្លែកៗឡើង គឺមានអាការញ័រខ្លួនយ៉ាងខ្លាំងក្លាម្តងម្កាល។ ឪពុកម្តាយរបស់នាងក៏ប្រញាប់នាំនាងទៅមន្ទីពេទ្យ ដែលបន្ទាប់មកនាងត្រូវបានពេទ្យរកឃើញថា កើតជំងឺប្រកាច់ឆ្កួតជ្រូក(ស្កន់ជាន់) និងបានទទួលការព្យាបាលតាមប្រក្រតី។

បន្ទាប់ពីចូលទទួលការព្យាបាលដ៏យូរអស់រយៈពេល 5ឆ្នាំមក អាការរបស់អាន់នេលីសមិនបានធូរស្រាលឡើងឡើយ ហើយនាងថែមទាំងចាប់ផ្តើមមើលឃើញវិញ្ញាណខ្មោចព្រាយបិសាចទៀតផង រហូតដល់គ្រប់គ្នាជឿថា នាងត្រូវខ្មោចចូល និងត្រូវតែប្រញាប់ធ្វើពិធីបណ្តេញខ្មោចជាបន្ទាន់។

អាការរបស់នាងចាប់ផ្តើមធ្ងន់ធ្ងរឡើងៗជាលំដាប់ រហូតដល់ថ្នាក់វាយតប់គេឯង និងមនុស្សនៅក្នុងគ្រួសារ មិនព្រមញ៉ាំអាហារ តែបែរជាទៅញ៉ាំសត្វរុយ ពីងពាង ចាប ដុំធ្យូង ខ្មោចសត្វផ្សេង ឬសម្បីតែផឹកទឹកនោមខ្លួនឯងទៀតផង។ ទោះជាមានបព្វជិត ឬអ្នកបួសជាច្រើនមកធ្វើពិធីបណ្តេញខ្មោចឱ្យនាងហើយក៏ដោយ តែក៏មិនអាចជួយនាងឱ្យជា ឬធូរស្រាលឡើងវិញបានឡើយ។

គ្រប់ពេលដែលធ្វើពិធីបណ្តេញខ្មោច អ្នកនៅជុំវិញនោះ នឹងត្រូវជួបនឹងទិដ្ឋភាពដ៏គួរឱ្យភ័យរន្ធត់របស់អាន់ នេលីស ។ នាងអាចស្រែករោទ៍យ៉ាងគ្រលួច បានយូរជាច្រើនម៉ោង និងមានកម្លាំងយ៉ាងខ្លាំងមហាសាល ខ្លាំងជាងមនុស្សប្រុសមាឌធំៗ 3នាក់រួមគ្នាទៅទៀត។ រហូតទីបំផុត ពួកគេត្រូវបង្ខំចិត្តដាក់ច្រវាក់នាងតែម្តង…។

រាងកាយរបស់នាងក៏ត្រូវស្គមស្គាំងស្លេកស្លាំងចុះជារឿយៗ រហូតដល់ទម្ងន់ខ្លួនរបស់នាងនៅសល់ត្រឹមតែ 30 គីឡូក្រាមប៉ុណ្ណោះ និងទោះជាអាការរបស់នាងបានធូរស្រាលឡើងម្តងម្កាលក៏ដោយ តែមិនយូរប៉ុន្មាននាងក៏កើតអាការនោះឡើងវិញដដែលទៀត។

រហូតដល់ក្នុងរយៈពេលត្រឹមតែ 8ខែ នាងត្រូវគេធ្វើពិធីបណ្តេញខ្មោចឱ្យជាច្រើនដង រហូតដល់ទៅ 67ដងឯណោះ។ ទីបំផុត រាងកាយរបស់នាង ក៏មិនអាចទ្រាំទ្រនឹងភាពចុកចាប់គ្រាំគ្រាបានតទៅទៀត នាងបានស្លាប់បាត់បង់ជីវិតដោយមានវ័យត្រឹមតែ 24ឆ្នាំប៉ុណ្ណោះ ហើយប្រយោគចុងក្រោយបំផុតដែលនាងបាននិយាយជាមួយម្តាយរបស់នាងនោះគឺ “ម៉ាក់អ៊ើយ…កូនខ្លាចណាស់”៕

ប្រភព៖​ សារ​ព័ត៌មាន​បរទេស

Advertisement