Live-stream ក្នុង​គ្រា​អាសន្ន​រោគ​កូរ៉ូណា បាន​ជួយ​ឱ្យ​បុរស​ម្នាក់​រក​បាន​ជាង​1ម៉ឺន​ដុល្លារ ដោយ​គ្រាន់​តែ​គេងបំបាត់​ទុក្ខ

ប្រទេស​ចិន​៖ Yuansan មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ឃ្លីប​វីដេអូ​ ដែល​បង្ហាញ​អំពី​សកម្ម​ភាព​គាត់​គេង​នៅ​ក្នុង​ផ្ទះ​នៅ​ឯខេត្ត ជាំង​ស៊ី (Jiangxi) ​ក្នុង​អំឡុង​អាសន្នរោគកូរ៉ូណា​ COVID-19 បាន​ទាក់​ទាញ​អ្នក​ចូល​មើល​រាប់​លាន​នាក់ ដែល​​នេះ​បាន​ជួយ​ឱ្យ​គាត់​រកបាន​​ប្រាក់​11,000​ដុល្លារ​អាមេរិក​។

Yuansan ​ជា​អ្នក​សម្ដែង​មិន​មែន​អាជីព​ម្នាក់ រក​បាន​​ប្រាក់​ជា​ច្រើន​ដោយ​ប្រើ​ប្រាស់​ App live-stream ឈ្មោះ Souyin ដោយ​គ្រាន់​តែ​ពឹង​លើ​ការ​គេងរបស់​ខ្លួន​​ប៉ុណ្ណោះ។

នៅ​ពេល​ភ្ញាក់​ឡើង​ Yuansan មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង នៅ​ពេល​ដឹង​ថា ឃ្លីប​វីដេអូ​របស់​ខ្លួន​ មាន​អ្នក​ចូល​មើល​រាប់​សែនលើក ហើយ​ឆានែល​ (Chanel) របស់​ខ្លួន​ក៏​ទទួល​បាន​អ្នក​ចុះ​ឈ្មោះ​តាម​ដាន​បន្ថែម​ដល់​ទៅ​800,000នាក់​។ ទស្សនិក​ជន​ថែម​ទាំង​បាន​ជូន​អំណោយ​នៅ​លើ​​ឆានែល​ដល់​ម្ចាស់​គណនី​នេះ​ ដែល​មាន​តម្លៃ​ 76,800​យន់ (11,000​ដុល្លារ​អាមេរិក)។

អ្នក​សម្ដែងគ្មាន​ក្រុម​រូប​នេះ បាន​បន្ត​ live-stream អំពី​ការ​គេង​មួយ​ឈុត​ទៀតរបស់​ខ្លួន ហើយ​ក៏​ទាក់​ទាញ​បាន​អ្នក​ចូល​មើល​ជាង​18លាន​លើក​។

“ខ្ញុំធុញ​ពេក​ ក៏​សម្រេច​ចិត្ត​ live-stream ក្នុង​ពេលខ្ញុំ​គេង​តែ​ម្ដង​ទៅ ប៉ុន្តែ ខ្ញុំ​មិន​នឹក​ស្មាន​ថា អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ មាន​ការ​ធុញ​ទ្រាន់​ជាង​ខ្ញុំ​ទៅ​ទៀត”។ នេះ​ជា​សម្ដី​​របស់​ Yuansan។

​អំឡុង​ពេល​ដែល​អាសន្ន​រោគ​កូរ៉ូណា​ COVID-19 កំពុង​​គំរាម​កំហែង​ដល់​សេដ្ឋ​កិច្ច​ចិន និង​បណ្ដាល​ឱ្យមនុស្ស​រាប់​លាន​នាក់​ត្រូវ​ជាប់​ក្នុង​បម្រាម​គោចរ​នៅ​ប្រទេស​ចិន វា​បាន​ជួយ​ឱ្យ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​មួយ​ចំនួន​រក​ផល​ចំណេញ​បាន​ច្រើន​ ជា​ពិសេស​គឺ​ក្រុម​ហ៊ុន​ដែល​មាន​​កម្ម​វិធី​ live-stream ដោយ​សារ​តែ​អតិថិជន បាន​ប្ដូរ​សកម្ម​ភាព​ offline ទៅ​ជា​សកម្ម​ភាព​ online ។

យោង​តាម​របាយ​ការណ៍​ពី QuestMobile បាន​ឱ្យ​ដឹង​ថា កម្មវិធី ឬ​ App ចែក​រំលែក​ឃ្លីប​វីដេអូ​ខ្លីៗ ដោយ​ការ​ផ្សាយ​ផ្ទាល់​ បានទាក់​ទាញ​អ្នក​ប្រើ​ប្រាស់​កាន់​តែ​ច្រើន​ឡើង​ៗ ក្នុង​អំឡុង​ដើម​ឆ្នាំ​នេះ​។

ក្នុង​រដូវ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ អ្នក​ប្រើប្រាស់ App Douyin បាន​ចំណាយ​ពេល​ជា​មធ្យម​99នាទី​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ចូល​ទៅ​មើល​ App នេះ​។ តួលេខ​នេះ បាន​កើន​ឡើង​ច្រើន​ បើ​ធៀប​នឹង​67នាទី​កាល​ពី​រដូវ​ចូល​ឆ្នាំ​ចិន​ឆ្នាំ​2019។ Kuaishou ដែល​ជា​គូប្រជែង​ធំបំផុត​របស់​ Douyin ក៏​បាន​កត់​សម្គាល់​ឃើញ​ថា រយៈ​ពេល​នៃការ​ចូល​មើល​ជា​មធ្យម​កើន​ឡើង​ពី​44 ដល់​71​នាទី​ជា​រៀង​រាល់​ថ្ងៃ​។ នេះ​បើ​តាមសារ​ព័ត៌មាន​​ Asiaone។

ចំណែក​កសិករ​នៅ​ប្រទេស​ចិន​ ក៏​មិន​អន់​ដែរ​ ទាក់​ទិន​នឹង​ការ​រក​ផល​ចំណេញ​ពី​អាសន្ន​រោគ​កូរ៉ូណា ដោយ​ពួកគេ​បាន​បង្កើន​ការ​លក់​កសិផល តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ Taobao។ សកម្ម​ភាព​នេះ បាន​ជួយ​ឱ្យ​អ្នក​លក់​ជា​ច្រើន​រូប​ ក្នុង​នោះ​មាន​កសិករ​ម្នាក់ បាន​លក់​ដាច់​ប៉េងប៉ោះ​ចំនួន​5តោន ​ត្រសក់​7,3តោន និង​ស្ត្រូបូរីចំនួន3តោន។

ប៉ុន្តែ យ៉ាង​នេះ​ក្ដី អ្ន​ក​វិភាគឯក​រាជ​​ម្នាក់បាន​សង្ស័យ​ទៅ​លើលទ្ធ​ភាព​នៃ​​ការ​កើន​ឡើង​ខ្លាំង​របស់​បណ្ដា​គេហ​ទំព័រ live-stream បន្ទាប់​ពី​អាសន្នរោគ​កូរ៉ូណា​ បាន​ឆ្លង​ផុត។

“នៅ​ពេល​អាសន្ន​រោគ​ត្រូវ​បាន​គ្រប់​គ្រង វិស័យ​ឧស្សាហ​កម្ម​ offline ជា​ប្រពៃណី​នឹង​ត្រឡប់​មក​រក​ភាព​ដើម​។ ផ្ទុយ​ទៅ​វិញ ល្បឿន​នៃ​កំណើន​សកម្ម​ភាព​ online នឹង​ត្រូវ​ថយ​ចុះ​” នេះ​បើ​តាម​ Zhang Dingding ដែល​ជា​អតីត​អគ្គនាយក​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​អ៊ីនធើណិត​ Internet Sootoo នៅ​ទី​ក្រុង​ប៉េកាំង​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement