ត្រូវ​ពិន័យ​ជិត​450​ដុល្លារ​​ ព្រោះ​តែ​នាំ​អណ្ដើក​ដើរ​លេង​ មិន​ខ្វល់​ពី​បម្រាម​គោចរ

ត្រូវ​ពិន័យ​ជិត​450​ដុល្លារ​​ ព្រោះ​តែ​នាំ​អណ្ដើក​ដើរ​លេង​ មិន​ខ្វល់​ពី​បម្រាម​គោចរ

អ៊ីតាលី​៖ ស្រ្តី​ម្នាក់​ដែល​នាំ​អណ្ដើក​ទៅ​ដើរ​លេងខាង​ក្រៅ​ផ្ទះ​ ត្រូវ​បាន​សមត្ថ​កិច្ច​ទីក្រុង​ Rome ចាប់​ពិន័យ​ជា​ទឹក​ប្រាក់​440​ដុល្លារ​អាមេរិក​ ព្រោះ​តែ​បាន​រលោភ​លើ​បម្រាម​គោចរ​​ទប់​ស្កាត់​COVID-19។

យោង​តាម​បទ​បញ្ជា​បម្រាម​គោចរ​ដែល​ត្រូវ​បាន​រដ្ឋា​ភិបាល​អ៊ីតាលី​ប្រកាស​ជា​ផ្លូវការ​កាលពី​ជាង​1ខែ​មុនដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​COVID-19 ពលរដ្ឋ​ទាំង​អស់​ត្រូវ​តែ​មាន​មូល​ហេតុ​​សម​រម្យ​ដូច​ជា​ទៅ​ទិញ​របស់​របរ​ចាំ​បាច់​ ឬ​ទៅ​ពិនិត្យ​សុខ​ភាព​ជា​ដើម ទើប​អាច​ចេញ​ពី​ផ្ទះ​បាន​។ នាំ​ឆ្កែ​ដើរ​លេងនៅ​ខាងក្រៅ​ផ្ទះ ​ត្រូវ​បាន​ចាត់​ទុក​ជា​មូល​ហេតុ​សម​រម្យ​ដើម្បី​ចេញ​ទៅ​ក្រៅ​ផ្ទះ ក៏ប៉ុន្តែការ​នាំ​អណ្ដើក​ដើរ​លេង​វិញ គឺ​មិន​អាច​នោះ​ទេ​។

សមត្ថកិច្ច​ទីក្រុង​ Rome កាល​ពីថ្ងៃទី​14​មេសា​ បាន​ឱ្យ​ដឹង​ថា ស្ត្រី​វ័យ​60​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ប្រទះ​ឃើញ​ដើរ​លេង​ជាមួយ​​​សត្វ​អណ្ដើក​មួយ​ក្បាល​ដែល​មាន​ទំហំ​ប៉ុន​នំភីហ្សា។ អ្នកនាំពាក្យ​​នគរ​បាល​ Nunzio Carbone ឱ្យ​ដឹង​ថា ស្ត្រី​ជា​ជន​ល្មើល​នេះ​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​400​អឺរ៉ូ(440ដុល្លារ​អាមេរិក) ព្រោះ​ថា នេះ​មិន​មែនជា​ “មូល​ហេតុ​សម​រម្យ​” ដើម្បី​ចេញ​ទៅ​ក្រៅ​ផ្ទះ​​នោះ​ទេ​ នៅ​ក្នុង​បម្រាម​គោចរ​របស់​ប្រទេស​​។

នៅ​អ៊ីតាលី ​សមត្ថកិច្ច​អ៊ីតាលី បាន​ពិន័យ​មនុស្ស​ចំនួន​16,545​នាក់ដែល​បាន​រំលោភ​លើ​បម្រាម​គោចរ នេះ​បើ​គិត​តែ​ក្នុង​ពិធីបុណ្យ​ Easter Sunday កាល​ពី​ថ្ងៃទី​13មេសា​ ខណៈ​ដែល​ថ្ងៃទី​12​មេសា អាជ្ញាធរ​បាន​ពិន័យ​​ជន​ល្មើស​ដល់​ទៅ​13,756​នាក់​។ លើ​បណ្ដាញ​សង្គម​នៅ​អ៊ីតាលី​ គេ​ឃើញ​មាន​អ្នក​ខ្លះ​ថែម​ទាំង​និយាយ​លេង​ថា ពួក​គេ​នឹង​បើក​ក្រុម​ហ៊ុន​ផ្ដល់​សេវា​កម្ម​ឱ្យ​ជួល​ឆ្កែ​សម្រាប់​អ្នក​ណា​ដែល​ត្រូវ​ការ​មូលហេតុ​សម​ស្រប​ដើម្បី​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​។

អ៊ីតាលី​នៅ​តែជា​សម្បុកមេរោគ​ធំជាង​គេ​លំដាប់​ទី​2​នៅ​អឺរ៉ុប និង​ទី​3​នៅ​ទូទាំង​ពិភពលោក​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ និង​អេស្ប៉ាញ ដោយ​មាន​មនុស្ស​​ជាង​162,000​នាក់​បាន​ឆ្លង​វីរុស​COVID-19 ក្នុង​នោះ​មាន​ជាង​21,000​​នាក់​បាន​បាត់​បង់​ជីវិត​។ បម្រាម​គោចរ​នៅ​អ៊ីតាលី នឹង​ត្រូវ​ពន្យារ​សុពល​ភាព​រហូ​ត​ដល់​ថ្ងៃទី​3​ឧសាភា​។ ក៏​ប៉ុន្តែ កាល​ពី​ម្សិល​មិញ នាយក​រដ្ឋ​មន្ត្រី​ Giuseppe Conte បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ថ្មី​មួយ​ដែល​អនុញ្ញាត​ឱ្យ​អាជីវ​កម្ម​មួយ​ចំនួន​អាច​បើក​ដំណើរ​ការ​ឡើង​វិញ​បាន​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement