រក​ឃើញ​សត្វ​ថ្មី​30​ប្រភេទ​៖ ​សត្វ​ខ្លះ​ប្រវែង​47​ម៉ែត្រ​(មាន​វីដេអូ)

មហាសមុទ្រ​នានា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ព្រំ​ដែន​ចុង​ក្រោយ​របស់​ភព​ផែន​ដី​។ ថ្មី​ៗ​នេះ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ធ្វើ​ការ​រុក​រក​មួយ​នៅ​ឯលម្ហ​សមុទ្រ​​នៃ​ប្រទេស​អូស្ត្រាលី​ភាគ​ខាង​លិច ហើយ​បាន​រកឃើញ​សត្វសមុទ្រ​យ៉ាង​តិច​30​ប្រភេទ​ ក្នុង​នោះ​មាន​សត្វ​ខ្លះ ​មាន​ដង​ខ្លួន​វែង​មិន​ធ្លាប់​បាន​​ឃើញ​ពី​មុន​មក​។

ការ​រុញ​រក​ខាង​លើ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នកវិទ្យា​សាស្ត្រ​​មក​ពី​សារ​មន្ទីរ​ជាតិ​អូស្ត្រាលី​ខាង​លិច សាកល​វិទ្យា​ល័យ​ Curtin នាយកដ្ឋាន​ភូមិសាស្ត្រ​អូស្ត្រាលី វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​មហា​សមុទ្រ​ Scripps និង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវមហា​សមុទ្រ​ Schmidt​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នេះ​ បាន​ប្រើ​ពេល​180​ម៉ោង​ និង​បាន​មុជ​ចូល​ក្រោម​សមុទ្រ​20​លើក​ ដើម្បី​ស្រាវជ្រាវ​​តំបន់​ជ្រលង​ភ្នំ​ Ningaloo នៅ​តំបន់​មហា​សមុទ្រ​ឥណ្ឌា ដែល​មាន​ជម្រៅ​4,500​ម។

ដោយ​ប្រើ​ប្រាស់​រ៉ូបូត​បញ្ជា​ពី​ចម្ងាយ​ដែល​មាន​ឈ្មោះ​ថា ROV SuBastian ក្រុម​អ្នក​ស្រាវ​ជ្រាវ​​ថត​បាន​ទិដ្ឋ​ភាព​សត្វ​សមុទ្រ​ចម្លែក​ៗ​ជា​ច្រើន​។ មាន​សត្វ​ខ្លះ​ គេ​មិន​ធ្លាប់​បាន​ឃើញ​នៅ​ទីនេះ​ពី​មុន​នោះ​ដែរ​ រួម​មាន​ មឹក Taning ដែល​មាន​ចម្រុះពណ៌ ត្រសក់​សមុទ្រ​កន្ទុយ​វែង និង​បណ្ដា​សត្វ​ដែលមាន​រូប​រាង​ទន់​ផ្សេង​ៗទៀត​។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ក៏​បាន​រកឃើញ​សត្វ​ Hydra ដ៏ធំមួយ​ ដែល​មាន​​ពណ៌​ក្រហម​ស្រស់ និង​ប្រវែង​ជាង​1ម៉ែត្រ​។

នៅ​ក្នុង​ចំណោម​សត្វ​សមុទ្រ​ថ្មី​ៗ​ដែល​ទើប​ត្រូវ​បាន​រកឃើញ ក៏មាន​សត្វ​ Apolemia ថ្មី ​មាន​ប្រវែង​រហូត​ដល់​47​ម៉ែត្រ​ ជា​សត្វ​សមុទ្រ​​វែង​ជាង​គេ​បង្អស់​ក្នុង​ចំណោម​សត្វ​ដែល​មាន​ដង​ខ្លួន​វែង​ជាង​គេ​នៅ​លើ​ភព​ផែន​ដី​។ ត្រីបាឡែន​ពណ៌​ខៀវ មាន​ប្រវែង​ជិត30​ម៉ែត្រ​។

Apolemia មិន​មែន​ជា​សត្វ​ទោល​តែ​ឯង​នោះ​ទេ​ ប៉ុន្តែ​វា​គឺជា​បណ្ដុំ​នៃ​សត្វ​​តូច​ៗ​ជាច្រើន​​ដែល​ហៅ​ថា zooids ដោយ​ពួក​វា​ត្រូវ​ពឹងលើ​​​គ្នា​ទៅ​វិញទៅ​មក​ ដោយ​រួម​គ្នា​អនុវត្ត​ភារកិច្ច​ ដូចជា​ការ​ការ​ពារ​ខ្លួន ការ​បង្កើត​កូន និង​ការ​រំលាយ​អាហារ​ជា​ដើម​។

លោក​ Logan Mock-Bunting អ្នក​នាំ​ពាក្យ​របស់​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​មហា​សមុទ្រ​ Schmidt បាន​ឱ្យ​ដឹង​ថា “ជាក់​ស្ដែង​ សត្វ​នេះ​អាច​មាន​ដង​ខ្លួន​វែង​​ខ្លាំង​ណាស់​។ យើង​បាន​ប៉ាន់​ប្រមាណ​​ឃើញ​ថា វា​អាច​មាន​ប្រវែង​ដល់​ទៅ​ជាង​120​ម៉ែត្រ​ឯណោះ​”។​

Rebecca Helm ដែល​ជា​ជំនួយ​ការ​របស់​សាស្ត្រា​ចារ្យ​នៅ​សាកល​វិទ្យា​ល័យ​ Carolina Asheville ខាង​ជើង (University of North Carolina Asheville) ឱ្យ​ដឹង​ថា “ខ្ញុំ​ធ្លាប់​បាន​ឃើញ​សត្វ ​siphonophore (Apolemia) នេះ ប៉ុន្តែ ទាំង​អស់​សុទ្ធ​តែ​មាន​ប្រវែង​ត្រឹម​20​​សម ហើយ​វែង​បំផុត​ក៏ត្រឹម​តែ​1ម។ ប៉ុន្តែ លើក​នេះ​គឺ​ផ្សេង​។ នេះ​គឺជា​ siphonophore ធំបំផុត និង​ស្អាត​បំផុត​ដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ​។

លទ្ធ​ផល​នៃ​ការ​រុក​រក​ខាង​លើ​នឹង​ត្រូវ​បាន​ដាក់​តាំង​នៅ​ក្នុង​សារ​មន្ទីរ​អូស្ត្រាលី​ខាង​លិច​។ ទិន្ន​ន័យ​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ក៏​នឹង​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​ដើម្បី​ជាជំនួយ​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្សេង​ៗ​ទៀត​៕

ប្រភព៖​​ សារ​ព័ត៌មាន​បរទេស

Advertisement