ទីរួម​ស្រុក​1របស់​អ៊ីតាលី បោះ​ពុម្ភ​ក្រដាស​ប្រាក់​ដោយ​ឡែក​ ដើម្បីឱ្យ​ប្រជា​ជន​ចាយ បំណង​ជួយ​ពួក​គេ​​ឆ្លង​កាត់​វិបត្តិ​សុខភាព​Covid-19

ទីរួម​ស្រុក​1របស់​អ៊ីតាលី បោះ​ពុម្ភ​ក្រដាស​ប្រាក់​ដោយ​ឡែក​ ដើម្បីជួយ​ប្រជាជន​ឆ្លង​កាត់​វិបត្តិ​សុខភាព​Covid-19

ទីរួម​ស្រុក​តូច​មួយ​នៅ​ប្រទេស​អ៊ីតាលី​ បាន​បោះ​ពុម្ភ​ក្រដាស​ប្រាក់​ដោយ​ឡែក​របស់​ខ្លួន​ ដើម្បី​រួម​ចំណែក​ជួយ​ដល់​ប្រជា​ជន​ក្នុង​តំបន់​នេះ​ ដែល​ពួក​គេ​កំពុង​ជួប​កា​រលំបាក​ដោយ​សារ​ផល​ប៉ះពាល់​ពី​មេរោគ​COVID-19​។

ការ​បោះ​ពុម្ភ​ក្រដាស​ប្រាក់​ដោយ​ឡែក​បែប​នេះ ជួយ​ឱ្យ​ប្រជា​ជន​ប្រមាណ​ជា​550​នាក់​នៅ​ទី​រួមស្រុក​ Castellino del Biferno នៅ​ភាគ​ត្បូង​ប្រទេស​អ៊ីតាលី មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទិញ​ដូរ​​សម្ភារ​សំខាន់​ៗ​ក្នុង​បណ្ដា​ហាង​ទំនិញ​នៅក្នុង​មូលដ្ឋាន​។​

អភិបាល​ទីរួម​ស្រុក​ Castellino del Biferno លោក Enrico Fratangelo ថ្លែង​ថា “យើង​សម្រេច​ចិត្ត​បោះ​ពុម្ភ​ក្រដាស​ប្រាក់​នេះ​គឺដើម្បី​ធានា​ឱ្យ​សេដ្ឋ​កិច្ច​ក្នុង​មូលដ្ឋាន​ អាច​ទប់​ទល់​ជាមួយ​នឹង​ឥទ្ធិពល​របស់​ស្ថាន​ភាព​នេះ​(វិបត្តិ​សុខភាព​ COVID-19)។

ក្រដាស​ប្រាក់​ Ducati ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ទិញ​ដូរ​ស្បៀង​អាហារ​ និង​របស់​របរ​ប្រើ​ប្រាស់​ចាំបាច់​ផ្សេង​ទៀត​នៅ​ក្នុង​ហាង​ទំនិញ​ដែល​ស្ថិត​ក្នុង​ទី​រួម​ស្រុក​។ តម្លៃ​នៃ​ក្រដាស​ប្រាក់​ Ducati នេះ គឺ​ស្មើ​នឹង​តម្លៃ​ក្រដាស​ប្រាក់​ EUR ក្នុង​នោះ​​​ក្រដាស​ប្រាក់​ដែល​មាន​តម្លៃទាប​បំផុត​គឺ 5Ducati ដែល​ស្មើ​នឹង​5 EUR។

ទីរួម​ស្រុក​1របស់​អ៊ីតាលី បោះ​ពុម្ភ​ក្រដាស​ប្រាក់​ដោយ​ឡែក​ ដើម្បីជួយ​ប្រជាជន​ឆ្លង​កាត់​វិបត្តិ​សុខភាព​Covid-19
អភិបាល​ទីរួម​ស្រុក​ Castellino del Biferno លោក Enrico Fratangelo

ក្រដាស​ប្រាក់​ Ducati ត្រូវ​បាន​បោះ​ពុម្ភ​នៅក្នុង​ហាង​ថត​ចម្លង​(photocopy) ក្នុង​ទីរួម​ស្រុក​ បន្ទាប់​មក​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ទីរួម​ស្រុក​បោះ​ត្រា​ពី​លើ​ដើម្បី​ធានា​អំពី​តម្លៃ​របស់​វា​។ ការបោះ​ពុម្ភ​ក្រដាស​ប្រាក់​នេះ ពិត​ជា​មាន​ភាព​ស្រប​ច្បាប់​ ព្រោះ​វា​គោរព​ទៅ​តាម​ការ​កំណត់​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អ៊ីតាលី​អនុម័ត​យល់​ព្រម​កាល​ពី​ឆ្នាំ​2018។

គិត​មក​ដល់​បច្ចុប្បន្ន ​ក្រដាស​ប្រាក់​ Ducati រាប់ពាន់​សន្លឹក​ត្រូវ​បាន​បោះ​ពុម្ភ​ និង​ចែក​ចាយ​ដល់​ប្រជា​ជន និង​អាជីវ​ករ​នៅក្នុង​ទីរួម​ស្រុក​។ រៀង​រាល់​2សប្ដាហ៍ម្ដង ក្រុម​អ្នក​រកស៊ី និង​ប្រជា​ជន​នឹង​យក​ក្រដាស​ប្រាក់​ Ducati ដែល​ពួក​គេ​រក​បានតាម​រយៈ​ការ​ជួញ​ មក​ប្រគល់​ជូន​ក្រុម​ប្រឹក្សា​ទីរួម​ស្រុក​ ហើយពួកគេ​​នឹង​ទទួល​បានក្រដាស​​ប្រាក់ EUR​ ដែល​មាន​តម្លៃ​ដូច​គ្នា​ត្រឡប់​ទៅ​វិញ​។

ទីរួម​ស្រុក​ Castellino del Biferno ទទួល​បាន​ជំនួយ​ជា​ថវិកា​5,500​ EUR ពី​រដ្ឋាភិបាល​ដើម្បី​ចែក​ប័ណ្ណ​ទទួល​អាហារ​ដល់​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​ដែល​រង​គ្រោះ​ដោយ​សារ​ COVID-19។ ទីរួម​ស្រុក​នេះ​ត្រូវ​ប្រើ​ប្រាស់​​ខ្ទង់​ប្រាក់​សន្សំ​ និង​បោះ​ពុម្ភ​ក្រដាស​ប្រាក់ Ducati សម្រាប់​ជួយ​ដល់​គ្រួ​សារ​ជាង​200​ នៅ​​ក្នុង​ទីរួម​ស្រុក​ Castellino del Biferno នេះ​។

ទីរួម​ស្រុក​1របស់​អ៊ីតាលី បោះ​ពុម្ភ​ក្រដាស​ប្រាក់​ដោយ​ឡែក​ ដើម្បីជួយ​ប្រជាជន​ឆ្លង​កាត់​វិបត្តិ​សុខភាព​Covid-19
ក្រដាស​ប្រាក់​ Ducati របស់​ទីរួម​ស្រុក​​ Castellino del Biferno នៅ​ប្រទេស​អ៊ីតាលី

អភិបាល​ទីរួម​ស្រុក​​Castellino del Biferno យល់​ថា​ ក្រៅ​ពី​ការ​ជួយ​ដល់​ពលរដ្ឋ​ក្នុង​ការ​ទិញ​ដូរ​របស់​របរ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ក្រដាស​ប្រាក់​ Ducati នេះ​ ក៏​អាច​ជួយ​ឱ្យ​ប្រជា​ជន​ក្នុង​តំបន់​មាន​អារម្មណ៍​ល្អ​ និង​ស្និទ្ធ​ស្នាល​ជាមួយ​នឹង​ទីកន្លែង​ដែល​ពួកគេ​កំពុង​រស់​នៅ​ ដោយ​អាជ្ញាធរ​ទីរួម​ស្រុក​នេះ បាន​​បោះ​ពុម្ភ​រូប​ភាព​នានា​ដែល​ជា​និមិត្ត​រូប​របស់​ទីរួម​ស្រុក​ ​នៅ​លើ​ក្រដាស​ប្រាក់ ​Ducati៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement