ចុំ អីក៏ខ្លាំងម្ល៉េះ!? បុរស ​3នាក់​ ​លួច​គោ​ ​1ក្បាល​ និង​ចៀម 2ក្បាល ​ញាត់ចូលរថយន្តតូចមួយ បាន​​យ៉ាង​​ស្រួល​…​​(មានឃ្លីប)​

ចុំ អីក៏ខ្លាំងម្ល៉េះ!? បុរស 3នាក់ លួចគោ 1ក្បាល និងចៀម 2ក្បាល ញាត់ចូលរថយន្តតូចមួយ បានយ៉ាងស្រួល...(មានឃ្លីប)

នៅលើពិភពអនឡាញ បានបង្ហាញឃ្លីបវីដេអូដ៏មហាសែនភ្ញាក់ផ្អើលមួយ ជាហេតុការណ៍ដែលបុរស 3នាក់កំពុងប្រតិបត្តិភារកិច្ច “Mission Imposible” នាំគ្នាលួចសត្វគោ 1ក្បាល និងសត្វចៀម 2ក្បាល ញាត់ចូលទៅក្នុងឡានតូច 1គ្រឿងបានយ៉ាងស្រួល មុននឹងបើកចេញទៅយ៉ាងប្រហើរ។

នៅក្នុងឃ្លីបវីដេអូនោះ បានបង្ហាញឱ្យឃើញរថយន្តតូចមួយយីហោ នីសសាន់ សាន់នី កំពុងចតនៅជិតរោងបិទជិតមួយ ដែលគេសន្និដ្ឋានថា ប្រហែលជាក្រោលសត្វចិញ្ចឹម ដោយមានបុរសពាក់អាវពណ៌ខៀវម្នាក់នៅចាំមើលផ្លូវឱ្យពួកគេ។

បន្ទាប់ពីមក គេឃើញបុរសម្នាក់ពាក់អាវពណ៌ប្រផេះ បានអូសសត្វចៀម 1ក្បាលចេញមក ហើយទាំង 2នាក់ក៏ជួយគ្នាលើកសត្វចៀមនោះដាក់ចូលទៅក្នុងកាប៉ូខាងក្រោយឡាន រួចហើយបុរសម្នាក់ទៀត ក៏អូសសត្វចៀម 1ក្បាលទៀតចេញមក ព្រមទាំងចាប់លើកវា ញាត់ចូលទៅក្នុងកាប៉ូឡានដដែល រួមជាមួយសត្វចៀម 1ក្បាលដំបូង។

ប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេ ប៉ុន្មានវិនាទីតមកទៀត ស្រាប់តែបុរសពាក់អាវពណ៌ប្រផេះដដែល ដើរទៅដឹងគោមាឌធំ 1ក្បាលចេញមកទៀត ហើយព្យាយាមរុញវាឱ្យឡើងចូលទៅក្នុងកន្លែងអ្នកជិះខាងក្រោយ ដោយមានបុរសម្នាក់ទៀតជួយ រហូតបានសម្រេច មុននឹងទាំងអស់គ្នា បើកឡាននោះរត់គេចបាត់ទៅ។

ពីដំបូង ព័ត៌មានអំពីឃ្លីបវីដេអូនេះ មិនមានភាពច្បាស់លាស់ទេ តែអ្នកផូស្តឃ្លីបនេះប្រាប់ថា ជាហេតុការណ៍ដែលកើតឡើងនៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប តែមិនបានប្រាប់ថា កើតឡើងនៅពេលណាឡើយ ដោយប្រាប់តែត្រឹមថា វាជាហេតុការណ៍ប្រើរថយន្តនីសសាន់ សាន់នី តូចមួយគ្រឿង លួចគោ និងចៀមតែប៉ុណ្ណោះ។

ដោយសារនៅមិនទាន់មានការអះអាងថា វាជាហេតុការណ៍ចោរលួចមែនទែន ឬយ៉ាងណានោះ? អ្នកដែលបានឃើញឃ្លីបនេះមួយចំនួន បានដាក់ការសង្ស័យថា ជួនកាលវាអាចជាឃ្លីបដែលកាត់ត តែអ្នកខ្លះជឿថា វាជាហេតុការណ៍ដឹកជញ្ជូនសត្វទាំងនោះមែន ក្រៅពីនោះ មានអ្នកខ្លះទៀតបានបញ្ចេញយោបល់ថា វាអាចជាផែនការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនផលិតរថយន្តនីសសាន់ផង ក៏មិនដឹង…៕

ប្រភព ៖ សារព័ត៌មានបរទេស

Advertisement