ឪពុកម្ដាយ ទ្រហោយំដោយក្ដីត្រេកអរបំផុតក្នុងជីវិត បន្ទាប់ពីបានឱបកូនប្រុសជាថ្មីម្ដងទៀត ក្រោយពី…

នៅថ្ងៃទី19 ឧសភា ម្សិលមិញ ទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍អំពីរឿងរ៉ាវរបស់ក្រុមគ្រួសារមួយ ដែលបានត្រឡប់មកជួបជុំគ្នាជាថ្មីម្ដងទៀត នៅពេលដែលស្វាមីភរិយាជនជាតិចិន 1គូ មានឱកាសបានជួបកូនប្រុសបង្កើតរបស់ពួកគេ ដែលត្រូវបានចាប់ពង្រត់យកទៅបាត់តាំងពីនៅតូច និងដោយសារភាពមានះព្យាយាមតាមស្វែងរកទូទាំងផែនដីចិន អស់រយៈពេល 32ឆ្នាំកន្លងមក។

ក្មេងប្រុសដែលបាត់ខ្លួននោះគឺ លោកម៉ៅ យិន កើតនៅថ្ងៃទី23 កុម្ភៈ ឆ្នាំ1986 ចំណែកឯឪពុក និងម្ដាយ គឺលោក ម៉ៅ ជិនជីង និងអ្នកស្រី លី ជិនជឺ ក្រុមគ្រួសារនេះរស់នៅក្នុងទីក្រុងស៊ីអាន មណ្ឌលសានស៊ី ភាគកណ្ដាលប្រទេសចិន។

ចំណែករឿងរ៉ាវ បានកើតឡើងនៅអំឡុងពេល 2ឆ្នាំបន្ទាប់មក នៅថ្ងៃទី17 តុលា ឆ្នាំ1988 លោកម៉ៅ ជិនជីង បានមកទទួលកុមារ ម៉ៅ យិន ពីមណ្ឌលមើលថែទាំកុមារ ដើម្បីត្រឡប់ទៅផ្ទះវិញ តែក្នុងអំឡុងពេលធ្វើដំណើរ កូនប្រុសស្រេកទឹក ឪពុកក៏ឆៀងចូលទៅក្នុងសណ្ឋាគារមួយ ដើម្បីយកទឹកមកឱ្យកូនប្រុសញ៉ាំ ហើយខណៈពេលដែលកំពុងផ្លុំឱ្យទឹកត្រជាក់ ឪពុកបានសម្លឹងមើលទៅកន្លែងដែលកូនប្រុសអង្គុយចាំ ស្រាប់តែមិនឃើញកូនប្រុស និងក្រោយមកទើបដឹងថា កូនត្រូវគេចាប់ពង្រត់យកទៅបាត់ទៅហើយ។

លោកម៉ៅ និងអ្នកស្រីលី បានជួយគ្នាតាមរកកូនប្រុសជាទីស្រឡាញ់ ទាំងនៅក្នុង និងក្រៅទីក្រុងស៊ីអាន ដើរបិទផូស្ទើររូបកូនប្រុស និងប្រាប់ភិនភាគរបស់កូន ដោយក្ដីសង្ឃឹមថា នឹងបានជួបគ្នាវិញនៅថ្ងៃណាមួយ…តែទាំងអស់នោះ បានក្លាយជាក្ដីសង្ឃឹមបែបគ្មានសង្ឃឹម។

ឪពុកម្ដាយ ទ្រហោយំដោយក្ដីត្រេកអរបំផុតក្នុងជីវិត បន្ទាប់ពីបានឱបកូនប្រុសជាថ្មីម្ដងទៀត ក្រោយពី...អ្នកស្រីលី បានសម្រេចចិត្តឈប់ធ្វើការ ដើម្បីឱ្យមានពេលដើរស្វែងរកកូនប្រុស។ អ្នកស្រីបានចែកចាយរូបភាព និងភិនភាគរបស់កូនប្រុសអស់ជាង 100,000សន្លឹក នៅតាមមណ្ឌល និងទីក្រុងផ្សេងៗជាង10កន្លែង ទូទាំងផែនដីចិន តែបែរជានៅតែគ្មានដំណឹងដដែល។

ក្រៅពីនេះ ច្រើនឆ្នាំកន្លងមកនេះ អ្នកស្រីលី បានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ជាច្រើន ដើម្បីសុំការជួយស្វែងរកកូនប្រុស រួមទាំងក្នុងកម្មវិធីប្រកួតច្រៀងចម្រៀង អេកស៍ ហ្វ៊ែកធើរ ទៀតផង ហើយអ្នកស្រីលី បានតាមដានដំណឹងរបស់ក្មេងអនាថាជាង 300នាក់ តែក៏នៅតែរកមិនឃើញភិនភាគដែលដូចគ្នានឹងកុមារ ម៉ៅ យិនដដែល។

ក្រោយមក នៅឆ្នាំ2007 អ្នកស្រីលី ចាប់ផ្ដើមធ្វើជាអ្នកស្ម័គ្រចិត្ត ជាមួយក្រុម “បេប៊ី ខំប៊ែក ហូម” ដើម្បីជួយឪពុកម្ដាយដទៃទៀតក្នុងការស្វែងរកកូនៗ ដែលត្រូវគេចាប់ពង្រត់ដូចគ្នា។ អ្នកស្រីលី បានជួយឱ្យកុមារចំនួន 29នាក់ បានត្រឡប់ទៅក្នុងរង្វង់ដៃឱបរបស់ឪពុកម្ដាយរបស់ពួកគេវិញ ហើយអ្នកស្រីនៅតែតាំងចិត្តធ្វើការជាមួយក្រុម “បេប៊ី ខំប៊ែក ហូម” តទៅទៀត ទោះជាគ្មានសង្ឃឹមថា បានជួបកូនប្រុសជាថ្មីក៏ដោយ។

ឪពុកម្ដាយ ទ្រហោយំដោយក្ដីត្រេកអរបំផុតក្នុងជីវិត បន្ទាប់ពីបានឱបកូនប្រុសជាថ្មីម្ដងទៀត ក្រោយពី...រហូតទាល់តែដល់ថ្ងៃមួយ ក្ដីសង្ឃឹមដែលងងឹតឈឹង ចាប់ផ្ដើមមានពន្លឺឡើងនៅខែមេសាឆ្នាំ2020 កន្លងទៅ ក្រោយពីប៉ូលិសបានទទួលដំណឹងពីពលរដ្ឋម្នាក់ រស់នៅក្នុងទីក្រុងមៀន យ៉ាង មណ្ឌលសេឈួន ភាគខាងលិចឆៀងខាងត្បូងនៃប្រទេសចិន ឆ្ងាយពីទីក្រុងស៊ីអាន ស្រុកកំណើតរបស់គ្រួសារម៉ៅ ប្រមាណជា 1,000គីឡូម៉ែត្រ ថា មានប្រវត្តិក្នុងការទទួលចិញ្ចឹមក្មេងតូចម្នាក់កាលពីជាង 30ឆ្នាំមុន។

ទីភ្នាក់ងារព័ត៌មានរបស់ចិន CCTV បានរាយការណ៍ថា ប៉ូលិសបានប្រើតិចណូឡូជីការចងចាំផ្ទៃមុខ ដើម្បីវិភាគរូបថតរបស់កុមារម៉ៅ យិន និងបង្កើតរូបភាពសិប្បនិម្មិតពេលកុមារម៉ៅ ក្នុងវ័យមនុស្សធំ ហើយប្រៀបធៀបជាមួយរូបថតរបស់ពលរដ្ឋចិនដែលបានប្ដឹងបាត់កូនទាំងអស់ ដែលមាននៅក្នុងបណ្ដុំព័ត៌មានរបស់អង្គភាព។

បន្ទាប់ពីនោះ ប៉ូលិសក៏តាមស្វែងរកឃើញបុរសម្នាក់នៅក្នុងទីក្រុងនោះ គឺលោក គូ និងនិង អាយុ 34ឆ្នាំ ហើយក៏បានដំណើរការសាកល្បងពិសោធ DNA ដើម្បរកមើលថា តើលោកគូ មានសម្ព័ន្ធខាងខ្សែលោហិតជាមួយលោកម៉ៅ និងអ្នកស្រីលីដែរឬទេ? លទ្ធផលបានបង្ហាញថា “វិជ្ជមាន” មានន័យថា លោកម៉ៅ និងអ្នកស្រីលី គឺជាឪពុកម្ដាយបង្កើតរបស់លោកគូ ហ្នឹងឯង។

នៅក្នុងពិធីថ្លែងព័ត៌មានរបស់ប៉ូលិស កាលពីថ្ងៃចន្ទ ទី18 ឧសភាកន្លងទៅ ឪពុក-ម្ដាយ-កូន បានឱបគ្នា និងទ្រហោយំដោយក្ដីត្រេកអរជាទីបំផុត។ លោកម៉ៅ យិន(ឈ្មោះមុន គូ និងនិង) ដែលបច្ចុប្បន្នប្រកបមុខជំនួញតុបតែងផ្ទះ បានថ្លែងថា លោកមិនប្រាកដក្នុងចិត្តពាក់ព័ន្ធនឹងអនាគតរបស់ខ្លួនឡើយ តែចាប់ពីពេលនេះតទៅ លោកនឹងប្រើពេលវេលានៅជាមួយឪពុកម្ដាយបង្កើតរបស់លោកឱ្យបានច្រើនបំផុត។

ឪពុកម្ដាយ ទ្រហោយំដោយក្ដីត្រេកអរបំផុតក្នុងជីវិត បន្ទាប់ពីបានឱបកូនប្រុសជាថ្មីម្ដងទៀត ក្រោយពី...ខណៈដែលអ្នកស្រីលី ដែលបានដឹងដំណឹងល្អបំផុតក្នុងជីវិតនេះកាលពីថ្ងៃទី10 ឧសភា ចំថ្ងៃទិវាមាតារបស់ប្រទេសចិននោះ បានថ្លែងថា នេះជាអំណោយដ៏មានតម្លៃបំផុតក្នុងជីវិតរបស់អ្នកស្រី ហើយព្រមទាំងបានសម្ដែងការអរគុណដល់គ្រប់គ្នាដែលបានជួយឱ្យអ្នកស្រីបានជួបកូនប្រុសម្ដងទៀត។

ប៉ូលិសបញ្ជាក់ថា លោកម៉ៅ យិន ត្រូវបានចាប់ពង្រត់នៅពេលអាយុ 2ឆ្នាំ និងបានលក់បន្តទៅឱ្យប្ដីប្រពន្ធ 2នាក់ដែលគ្មានកូន ក្នុងតម្លៃ 6,000យន់(ប្រមាណ 900ដុល្លារអាមេរិក) ខណៈនេះ ប៉ូលិសកំពុងដំណើរការស៊ើបអង្កេតរឿងក្ដីចាប់ពង្រត់លោកម៉ៅ យិន ដើម្បីស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់។

ទាំងអស់នេះ ការចាប់ពង្រត់ និងជួញដូរទារក និងក្មេងតូច គឺជាបញ្ហាដ៏រ៉ាំរ៉ៃ និងយូរយារណាស់មកហើយនៅក្នុងប្រទេសចិន។ ទោះជាគ្មានតួលេខជាផ្លូវការក៏ដោយ តែ បេប៊ី ខំប៊ែក ហូម វេបសាយដែលបណ្ដាអាណាព្យាបាលទាំងឡាយប្រើសម្រាប់ប្រកាសស្វែងរកកូនដែលបាត់ខ្លួននោះ បានបញ្ជាក់ថា មានកុមារតូចៗដែលបានបាត់ខ្លួនទាំងអស់ចំនួន 22,304នាក់ ក្នុងនោះក្មេងប្រុស 14,893នាក់ និងក្មេងស្រី 7,411នាក់។

កាលពីឆ្នាំ2009 ក្រសួងសុវត្ថិភាពសាធារណៈរបស់ចិន បានរៀបចំបណ្ដុំព័ត៌មាន DNA ដែលជួយឱ្យឪពុកម្ដាយ រកឃើញកូនដែលត្រូវបានចាប់ពង្រត់មកវិញបានចំនួនជាង 6,000នាក់។ ក្រោយមក នៅឆ្នាំ2016 ក្រសួងនោះបានបើកសម្ពោធប្រព័ន្ធ “រីយូនៀន” ដែលបានធ្វើឱ្យកុមារជាង 4,000នាក់ បានជួបឪពុកម្ដាយបង្កើតរបស់ពួកគេឡើងវិញម្ដងទៀត៕

ប្រភព៖ សារព័ត៌មានបរទេស

ប្រែសម្រួលដោយ តាវ៉ែនតា

Advertisement