ចិន៖ សំឡេង​ចម្លែកដ៏គួរ​ឱ្យ​ខ្លាច​ លាន់​ឮចេញ​ពី​តំបន់​ភ្នំ​ ទាក់​ទាញ​អ្នក​ទេសចរ​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ (វីដេអូ)

ចិន៖ សំឡេង​ចម្លែកដ៏គួរ​ឱ្យ​ខ្លាច​ លាន់​ឮចេញ​ពី​តំបន់​ភ្នំ​ ទាក់​ទាញ​អ្នក​ទេសចរ​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ

នៅក្នុង​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក​នេះ សំឡេង​​ដ៏ចម្លែក​បាន​និង​កំពុង​បន្លឺ​ឡើង​​​​ពី​ជ្រលង​ភ្នំ​ក្បែរ​ទីរួម​ស្រុក​ Xiushui ក្នុង​តំបន់ Guizhou ប្រទេស​ចិន។ សំឡេង​​ដ៏គួរ​ឱ្យ​ព្រឺ​ក្បាល​នេះ​ បាន​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​ជា​ខ្លាំង​​នៅក្នុង​តំបន់ និង​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​​អ្នក​ទេសចរ​ ក្នុង​និង​ក្រៅ​ប្រទេសផងដែរ​​។

កាល​ពី​ថ្ងៃទី​2កក្កដា​កន្លង​ទៅ​ ពលរដ្ឋ​ក្នុង​តំបន់​ខាង​លើ​បាន​និយាយ​ប្រាប់​សារ​ព័ត៌មាន​ Epoch Times ថា ពួក​គេ​ពិត​ជា​បាន​ឮសូរ​សំឡេង​ស្រែក​ជា​ច្រើន​ប្រភេទ​ វា​ដូច​ទៅ​នឹង​សម្រែក​​​របស់​សត្វគោ ស្រែក​ចេញពី​ក្នុង​ល្អាង​ភ្នំ​ ហើយ​សំឡេង​នេះ​​​លាន់​ឮគួរ​ភ័យ​ខ្លាច​។

ពលរដ្ឋ​ក្នុងតំបន់​កើត​ហេតុ​បាន​បញ្ជាក់ថា សំឡេង​ចម្លែក​នេះ​បាន​ចាប់​ផ្ដើម​កើត​មាន​ឡើង​ពី​ថ្ងៃទី​26​មិថុនា​មក​ម្ល៉េះ​។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ គេ​ឃើញ​មាន​មនុស្ស​រាប់​ពាន់​នាក់​ រួម​មាន​ទាំង​ក្រុម​អ្នក​ជំនាញ​ការ​ ក្រុម​អ្នក​យក​ព័ត៌មាន​ ព្រម​ទាំង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ចិន​ជា​ច្រើន​ ក៏បាន​នាំ​គ្នា​ឡើង​ភ្នំ​ដើម្បី​ស្វែង​យល់​។

ពលរដ្ឋ​ម្នាក់​បាន​និយាយ​ថា សម្រែក​ដ៏ចម្លែក​នេះ​ ភាគ​ច្រើន​កើត​មាន​ឡើង​នៅវេលា​​ថ្ងៃ​ត្រង់​ “វា​ស្រែក​ឡើង​តាំង​ពី​ថ្ងៃ​ត្រង់​ រហូត​ដល់​ថ្ងៃ​រសៀល​ ហើយ​ថ្ងៃ​ណា​ក៏មាន​ឮសូរសម្រែក​​ចម្លែក​នេះ​ដែរ​”។

ពលរដ្ឋ​ម្នាក់​ផ្សេង​ទៀត​ថ្លែង​ថា “សំឡេង​ចម្លែក​នេះ​ពិត​ជា​គួរ​ឱ្យ​ខ្លាច​ណាស់​។ ក្នុង​ភូមិ​កំពុង​តែ​មាន​ភាព​ច្របូកច្របល់​ គ្មាន​អ្នក​ណា​ហ៊ាន​ដើរ​កាត់​តំបន់​នេះ​ទេ​បើ​សិនជា​មាន​គ្នាតិច​។ ប្រជា​ជន​លែង​ហ៊ាន​រស់​នៅ​ក្នុង​តំបន់​នេះ​ទៀត​ហើយ។ សម្រែក​នេះ​ លាន់​ឮ​ខ្លាំង​ ហើយជូន​កាល​វា​បន្លឺ​ឡើង​ដូច​សំឡេង​របស់​សត្វ​គោ​ស្រែក​យ៉ាង​ដូច្នោះ​ដែរ​”។

ពលរដ្ឋ​ក្នុង​តំបន់​ខាង​លើ​បាន​រាយការណ៍​អំពី​សំឡេង​​ចម្លែក​នេះ​ជូន​អាជ្ញាធរ​ចិន​។​ ក្នុង​ចំណោម​ពល​រដ្ឋ​ទាំង​នោះ​ មាន​អ្នក​ខ្លះ​និយាយ​ថា វា​​គឺជា​ “សំឡេង​ស្រែក​​របស់​សត្វ​គោ” អ្នកខ្លះ​ថា​ជា​ “សំឡេង​​គ្រហឹម​របស់ខ្លា” ឯអ្នក​ខ្លះ​ទៀត​ក៏​យល់​ថាជា​ “សម្រែក​របស់​សត្វនាគ” ឬ​ “សំឡេង​​កញ្ជ្រៀវ​​របស់​បក្សី​” ។ល។

អាជ្ញាធរ​ចិន​ សហការ​ជាមួយ​ក្រុម​អ្នក​ជំនាញ​ខាង​គ្រោះ​ធម្មជាតិ​កំពុង​តែធ្វើ​ការ​ស្រាវ​ជ្រាវ​ស្វែង​រក​ប្រភព​នៃ​សំឡេង​​​ចម្លែកខាងលើ។ នេះ​បើ​តាម​សារ​ព័ត៌មាន China News Service។

ប៉ុន្តែ​ បន្ទាប់​ពី​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​និង​ពិនិត្យ​ត្រួស​ៗ ភាគី​អាជ្ញា​ធរ​បាន​ឱ្យ​ដឹង​ថា “មិនមាន​សកម្ម​ភាព​រញ្ជួយ​ដី​ណា​មួយ​ត្រូវ​បាន​រកឃើញ​ក្នុង​តំបន់​ដែល​មាន​សម្រែក​ចម្លែក​នេះ​ទេ​។ “មិន​ទាន់​បាន​រកឃើញ​មូលហេតុ​ និង​ប្រភព​របស់​សំឡេង​នេះ​នៅ​ឡើយ​”។ អាជ្ញាធរ​បាន​ស្នើ​ឱ្យ​ពល​រដ្ឋ​ កុំ​យកចិត្ត​ទុក​ដាក់​ស្ដាប់​សំឡេង​នេះ និង​មិន​ត្រូវ​និយាយ​តគ្នា​អំពី​”ដំណឹង​ចចាម​អារ៉ាម​”​ នេះ​ដែរ​។

កាល​ពី​ល្ងាច​ថ្ងៃទី​2​កក្កដា sina.cs បាន​រាយការណ៍​ថា ថ្មី​នេះ​ ទីរួម​ស្រុក​ Xiushui បាន​ក្លាយ​ជា​តំបន់​ល្បី​ឈ្មោះ​ព្រោះ​តែ​សំឡេង​​ចម្លែក​នេះ​។ Sina.cs បន្ត​ថា សំឡេង​នេះ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ជាច្រើន​។ អ្នក​ក្រុង​ Kunming ក៏បាន​ប្រារព្ធ​ពិធី​ “ដំណើរពិសេស​” មួយ ដើម្បី​មក​មើល​ “នាគ” នៅ​ទី​នេះ​។

សារ​ព័ត៌មាន​ចិន​បាន​ចេញ​ផ្សាយ​ថា សំឡេង​​ចម្លែក​នេះ​បាន​កើត​ឡើង​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​។ ជា​រៀង​រាល់​ថ្ងៃ មាន​មនុស្ស​រាប់​ពាន់​​នាក់​បាន​មក​តាម​ដាន​និង​ស្វែង​យល់​។ ក្រៅ​ពី​ប្រជា​ជន​ក្នុង​តំបន់​កើត​ហេតុ ក៏​មាន​ក្រុម​អ្នក​ទេសចរ​មក​ពី​តំបន់​ផ្សេង​ៗ​ផងដែរ​។ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ ក្រុមអ្នក​ជំនាញ​ និង​ក្រុម​អ្នកវិទ្យា​សាស្ត្រ​មិន​ទាន់​បក​ស្រាយ​ច្បាស់​ប្រកប​ដោយ​វិទ្យា​សាស្ត្រ​នៅ​ឡើយ​អំពី​បាតុភូត​នេះ​៕

ប្រភព៖ Epoch Times

Advertisement