មុខ​របរ​ប្រមូល​សាក​សព​អ្នកជំងឺ​COVID-19 កំពុង​ត្រូវ​ប៉ាន់​នៅ​ប៉េរូ

មុខ​របរ​ប្រមូល​សាក​សព​អ្នកជំងឺ​COVID-19 កំពុង​ត្រូវ​ប៉ាន់​នៅ​ប៉េរូ
មុខ​របរ​ប្រមូល​សាក​សព​អ្នកជំងឺ​COVID-19 កំពុង​ត្រូវ​ប៉ាន់​នៅ​ប៉េរូ

“យមរាជៗ! យើង​មក​ដល់​ហើយៗ” Néstor Vargas និង Luis José Cerpa​ កំពុង​តែ​ឆ្លើយឆ្លង​គ្នា​នៅ​លើ​រលក​វិទ្យុទាក់​ទង​ ក្នុង​ពេល​ពួកគេ​បើក​បរ​រថយន្ត​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដែល​បាន​ជូន​ដំណឹង​មក​ពួក​គេ​ថា “មាន​អ្នកជំងឺ​COVID-19 ​បាន​ស្លាប់”​។​

ស្លៀក​ពាក់​ឈុត​ការ​ពារ​វីរុស​តាំង​ពី​ក្បាល​ដល់​ចុង​ជើង Néstor Vargas និង Luis José Cerpa កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ប្រមូល​សាក​សព​នៃ​អ្នក​ជំងឺ​COVID-19 នៅ​ពាស​ពេញ​ទីក្រុង Lima ក្នុង​ប្រទេស​ប៉េរូ។ នោះ​គឺជា​មុខ​របរ​ដែល​មាន​មនុស្ស​តិច​តួច​ណាស់​ដែល​ហ៊ាន​ធ្វើ​ ព្រោះ​តែ​ខ្លាច​ឆ្លង​វីរុស​។ ក៏ប៉ុន្តែ Néstor Vargas និង Luis José Cerpa​ ដែល​ជា​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​វេណេស៊ុយអេឡា​នេះ​ ហ៊ាន​​ប្រឈម​មុខ​នឹង​​ហានិភ័យ​គ្រប់​យ៉ាង​នៅ​ពេល​ពួកគេ​ជ្រើស​រើស​ការ​ងារ​ជា​អ្នក​ប្រមូល​សាក​សព​​អ្នក​ជំងឺCOVID-19​។

Vargas កាន់ទូរស័ព្ទ​ដែល​មាន​រូបភរិយា​បណ្ដើរ​ ​ប្រាប់​អ្ន​ក​យក​ព័ត៌មានបណ្ដើរ​​ថា “យើង​ពិត​ជា​មាន​ការ​ភ័យ​ខ្លាច​ឆ្លង​វីរុស​ និងការ​​ចម្លង​ទៅ​អ្នក​ផ្ទះ​ ជាកន្លែង​ដែល​ខ្ញុំ​រស់​នៅ​ជា​មួយម្ដាយ​ ​ភរិយា​ និង​កូន​ៗ​”។

យោង​តាម​អង្គ​ការ​សហប្រជា​ជាតិ​ ពលរដ្ឋ​វេណេស៊ុយ​អេឡា​ជិត​5​លាន​នាក់​បាន​ចាក​ចេញ​ពី​ប្រទេស​ ចាប់​ពី​ឆ្នាំ​2016​ ក្នុង​នោះ​មាន​យ៉ាង​តិច​878,000​នាក់​បាន​ចូល​មក​កាន់​ប្រទេស​ប៉េរូ ដើម្បី​ធ្វើ​ការ​រក​ប្រាក់​ចិញ្ចឹម​ជីវិត​ ឬ​ផ្ញើទៅ​កាន់​សាច់​ញាតិ​ដែល​កំពុង​ជួប​ការ​លំបាក​នៅ​ឯស្រុក​កំណើត​។

មុខ​របរ​ប្រមូល​សាក​សព​អ្នកជំងឺ​COVID-19 កំពុង​ត្រូវ​ប៉ាន់​នៅ​ប៉េរូ
Néstor Vargas និង Luis José Cerpa

Cerpa អាយុ​21​ឆ្នាំ ធ្លាប់​ជា​និស្សិត​ផ្នែក​រចនា​ក្រហ្វិកនៅ​មុន​ពេល​មកកាន់​ប្រទេស​ប៉េរូ​ធ្វើ​ជា​អ្នក​រត់​តុ​។ ចំណែក​ Vargas វ័យ​38​ឆ្នាំ​ ធ្វើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន​រៀប​ចំពិធី​​បុណ្យ​សព​នៅ​វេណេស៊ុយ​អេឡា​ ប៉ុន្តែ បច្ចុប្បន្ន​ធ្វើ​ជា​អ្នកបើក​បរ​រថយន្ត​ឱ្យ​​ក្រុមហ៊ុយ​​ហ្គាស​មួយ​នៅ​ប៉េរ៉ូ។ ពេល​ COVID-19 បាន​រាល​ដាល​ពេញ​តំបន់ ភ្ញៀវ​ទេសចរណ៍​ក៏​លែង​មាន​ ការ​ងារ​ក្នុង​វិស័យ​ដែល​ពួកគេ​ធ្វើ​ក៏ត្រូវ​បាត់​បង់​នៅ​សល់​តែ​​ការងារ​ក្នុង​​វិស័យ​រៀប​ចំ​បុណ្យ​សព​តែ​ប៉ុណ្ណោះ​​។

Vargas និយាយ​ថា “ពួកយើង​មិន​បាន​ធ្វើ​ការ​អស់​រយៈ​ពេល​3​ខែមក​ហើយ​​ ពួក​យើង​ត្រូវ​ការ​ហូប​ចុក​ បង់​ថ្លៃ​ផ្ទះ​ និង​ផ្ញើ​ប្រាក់​ទៅ​ឱ្យ​គ្រួសារ​នៅ​វេណេស៊ុយ​អេឡា​។ មុខ​របរ​នេះ​ពិត​ជា​មាន​ការ​លំបាក​ច្រើន​ណាស់​ ប៉ុន្តែ​ដោយ​សារ​ត្រូវ​ការ​ប្រាក់ ពួក​យើង​នៅ​តែ​ធ្វើ”។

Vargas និង​ Cerpa ម្នាក់​ៗ​អាច​រក​បាន​ប្រហែល​500​ដុល្លារ​ក្នុង​1ខែ​ៗ គឺ​ច្រើន​ជាង​ជិត​ពីរ​ដង​បើធៀប​នឹង​ប្រាក់​ខែ​អប្បបរមា​នៅ​ប្រទេស​ប៉េរូ។ ពួកគេ​ធ្វើ​ការ​រហូត​ដល់​19​ម៉ោង​ក្នុង​1​ថ្ងៃ​ និង​7​ថ្ងៃក្នុង​1សប្ដាហ៍​។

បើ​ទោះ​ជា​ប្រទេស​ប៉េរូ បាន​ចាប់​ផ្ដើម​ចាត់​វិធាន​ការទប់​ស្កាត់​យ៉ាង​ឆាប់​រហ័ស​ក៏​ដោយ ប៉ុន្តែ COVID-19 នៅ​តែ​ឆ្លង​រាល​ដាល​ដូច​ភ្លើង​ឆេះ​ព្រៃ​ បណ្ដាល​ឱ្យ​មនុស្ស​ជាង​353,000​នាក់​បាន​ឆ្លងវីរុស​ និង​ជាង​13,000​នាក់​បាន​បាត់​បង់​ជីវិត​។ ជា​រៀង​រាល់លើក​ នៅ​​ពេល​​ Vargas និង Cerpa ចូល​ទៅ​យក​សាកសពតាម​ការ​​ហៅ​រក​​ ពួកគេ​តែង​តែ​ត្រូវ​បាន​ទទួល​​ស្វាគមន៍​​ដោយ​សំឡេង​ទ្រហោយំ​ពី​ម្ចាស់​ផ្ទះ​ជា​និច្ច​។ ពួកគេ​តាំង​តែ​ព្យាយាម​ដើរ​ចូល​យ៉ាងប្រញាប់​ដើម្បី​​នាំ​យក​សាក​សព​ រួច​ត្រលប់​ចេញ​យ៉ាង​លឿន​ ប៉ុន្តែក៏​​នៅ​តែ​សំដែង​ការ​គោរព​ចំពោះ​គ្រួសារ​នៃ​សព​។

នៅក្នុង​សាល​បូជា​សព El Angel Cemetery បុគ្គលិក​ដែល​ធ្វើ​ការ​ងារ​ជា​អ្នកបូជា​ ឬ​រំលាយ​សព ក៏ជា​ជនជាតិ​វេណេស៊ុយ​អេឡាដែរ​។ ពលរដ្ឋ​ម្នាក់​ឈ្មោះ​ Orlando Arteaga បាននិយាយ​ថា​ “ជនជាតិ​ប៉េរូ​មិន​ធ្វើ​ការ​ងារ​នេះទេ​។ ពិត​ជា​លំបាក​ណាស់​”។

ឡ​បូជា​សព​ និង​ក្ដារ​មឈូស​ដាក់​សាក​សព​យ៉ាង​ច្រើន​គរ​លើ​គ្នា​ក្នុង​ទីលាន​របស់​ក្រុម​ហ៊ុន​ El Angel Cemetery នៅ​ទីក្រុង​ Lima ប្រទេស​ប៉េរូ

លោក​ Orlando Arteaga ធ្វើការ​7​ថ្ងៃ​ក្នុង​1សប្ដាហ៍​ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន​ៗចំនួន​3​នាក់​នៅ​វេណេស៊ុយ​អេឡា​ និង​កូន​ស្រី​អាយុ​2​ឆ្នាំ​ម្នាក់​នៅ​ Lima។ លោក​ Orlando Arteaga ថ្លែង​ថា លោក​មិន​ដែល​ស្មាន​ដល់​ថា លោក​បាន​ឃើញ​ទិដ្ឋ​ភាព​ស្លាប់​យ៉ាង​ច្រើន​បែប​នេះ​សោះ​។

លោក​ Arteaga អាយុ​40​ឆ្នាំ ជា​អ្នកទទួល​ខុស​ត្រូវ​លើ​ឡបូជា​សព​ កំពុង​តែ​ធ្វើការ​យ៉ាង​មមាញឹក​។ សាក​សព​​ដែល​ដាក់​ក្នុង​​មឈូស​​ធ្វើ​អំពី​ក្រដាស់​រឹង​​យ៉ាង​ច្រើន​កំពុង​ស្ថិត​នៅ​គរ​លើ​គ្នា​នៅក្បែរ​នោះ​ រង់​ចាំ​ដល់​វេន​ត្រូវ​បូជា​។

លោក​ Orlando Arteaga បន្ត​ថា “នេះ​គ្រាន់​តែ​ជា​សាក​សព​មួយចំនួន​តួច​ប៉ុណ្ណោះ។ នៅមាន​សាក​សព​ជា​ច្រើន​ទៀត​ដែល​ដាក់​នៅ​កន្លែង​ផ្សេងៗ​ ដោយ​សារ​តែ​ទី​នេះ​ពេញ​អស់​ហើយ​”។ លោក​ថ្លែង​ថា “ពិត​ជា​មិន​មាន​អ្នក​ណា​ម្នាក់​គួរ​តែ​ត្រូវ​ធ្វើ​ការ​នេះ​ឡើយ សូម្បី​តែ​មនុស្ស​ដែល​ខ្ញុំ​ស្អប់បំផុត​”៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement