ផ្អើលភូមិ!! ទស្សនារូបភាពអ្នកស្រុកឥណ្ឌូនេស៊ី ចាប់បាន “ក្រពើបិសាច ប្រវែង 4ម៉ែត្រកន្លះ” ទម្ងន់ជាងកន្លះតោន ក្រោយជាប់សំណាញ់ផ្លែឡាម

ក្លាយជារឿងល្បីល្បាញភ្លាមៗឡើងតែម្ដង នៅពេលរូបភាពរថយន្តគ្រឿងចក្រចូកដី ពណ៌លឿងស្រស់ 1គ្រឿង កំពុងដឹកក្រពើយក្ស 1ក្បាលប្រវែង 4ម៉ែត្រកន្លះ និងទម្ងន់ជាងកន្លះតោន បើកទៅតាមផ្លូវ មុននឹងដឹកយកទៅកាត់ក្បាល ចេញពីដងខ្លួន ហើយកប់ដោយឡែកពីគ្នា តាមជំនឿរបស់អ្នកស្រុកកោះបាំងកា បេលីទុង ក្រោយពីសត្វក្រពើយក្ស អាយុ 50ឆ្នាំ 1ក្បាលនេះ ធ្លាប់បានសាងក្ដីភិតភ័យខ្លាចដល់ពួកអ្នកស្រុក បានបណ្ដែតខ្លួនមកជាប់សំណាញ់ដែលមានបំពាក់ផ្លែឡាម កាលពីព្រលប់ថ្ងៃចន្ទ សប្ដាហ៍មុន។

សារព័ត៌មាន ដេលី មេល របស់ប្រទេសអង់គ្លេស បានរាយការណ៍កាលពីថ្ងៃម្សិលមិញ(ទី11សីហា)ថា “ក្រពើបិសាច” ដែលជារហស្សនាមរបស់សត្វក្រពើខ្នាតធំមួយ ត្រូវចាប់បានដោយអ្នកស្រុកនៅលើកោះបាំងកា បេលីទុង តាមដងទន្លេខេយូបេស៊ី កាលពីពេលព្រលប់ថ្ងៃចន្ទ ទី3 សីហា បន្ទាប់ពីវាហែលមកជាប់អន្ទាក់សំណាញ់បំពាក់ផ្លែឡាម ដែលពួកអ្នកស្រុកបានដាក់ និងបានដឹងថា សត្វក្រពើដ៏ធំនេះ មានទម្ងន់ជាងកន្លះតោន និងមានប្រវែងខ្លួនប្រមាណជា 4ម៉ែត្រកន្លះ និងស្លាប់ 2ថ្ងៃមកហើយ ដោយសារតែភាពនឿយហត់។ ហើយរឿងរ៉ាវនេះ បានក្លាយជាព័ត៌មានល្បីល្បាញជាទូទៅ នៅពេលមានការបង្ហោះរូបភាពការដឹកជញ្ជូនសត្វក្រពើយក្សបែបមិនធម្មតាមួយនេះ ឆ្ពោះទៅកាន់រណ្ដៅ ដើម្បីកប់។ ដោយសារតែ អាក្រពើបិសាច 1ក្បាលនេះ មានទម្ងន់សរុបដល់ទៅជាងកន្លះតោននោះ ធ្វើឱ្យអ្នកស្រុកត្រូវប្រើរថយន្តគ្រឿងចក្រចូកដី ដែលមានសាកសពសត្វក្រពើដេកនៅលើដៃចូក និងបើកបរទៅតាមដងផ្លូវ បានទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកដែលបានឃើញ និងមានកងទ័ពម៉ូតូជាច្រើនគ្រឿងបើកហែហមលើកទឹកចិត្តតាមពីក្រោយ។

យ៉ាងណាក្ដី សារព័ត៌មានដដែល បានបញ្ជាក់ថា អ្នកស្រុកបានបដិសេធក្នុងការប្រគល់សាកសពសត្វក្រពើយក្ស 1នេះទៅឱ្យក្រុមអ្នកការពារ និងអនុរក្សធម្មជាតិ កោះបាំងកា បេលីទុង ដោយសារតែជឿថា ភូមិស្រុកនឹងធ្លាក់ក្នុងភាពគ្រោះថ្នាក់ បើវាត្រូវបានបញ្ជូនទៅកន្លែងផ្សេង។

ដេលី មេល បានរាយការណ៍ទៀតថា មុននឹងកប់ មានការកាប់ផ្ដាច់ក្បាលសត្វក្រពើនេះ បំបែកចេញពីដងខ្លួន ដើម្បីធ្វើការកប់ដាច់ដោយឡែកពីគ្នា ព្រោះតាមជំនឿអំពីដួងវិញ្ញាណរបស់អ្នកស្រុកនោះ បើមិនធ្វើបែបហ្នឹងទេ ដួងវិញ្ញាណបិសាចក្រពើ នឹងត្រឡប់មកលងបន្លាចម្ដងទៀត។

អាជ្ញាធរ បានធ្វើការវះកាត់ធ្វើកោសល្យវិច័យសាកសពសត្វក្រពើនោះ ហើយបានដឹងថា ក្រពើ 1ក្បាលនេះ មានអាយុប្រមាណជា 50ឆ្នាំ និងគ្មានសល់ធ្មេញនៅក្នុងមាត់ឡើយ រួចហើយការកប់ជាផ្លូវការ បានចាប់ផ្ដើមឡើង ក្រោយពីមនុស្សនៅក្នុងភូមិបានចូលរួមក្នុងពិធីរួចរាល់៕

ប្រភព៖ សាព័ត៌មានបរទេស

Advertisement