5 អគារដែលមានរចនាបទប្លែកបំផុតទូទាំងពិភពលោក

ច្រើនឆ្នាំកន្លងមកនេះយើងបានឃើញនូវការផ្លាស់ប្តូរប្រែប្រួលនៅតាមប្រទេសនីមួយ និងសូម្បីតែនៅក្នុងប្រទេសយើងក៏ដោយក៏មានផុសឡើងនូវរូបបែបម៉ូដអគារដែលមានទ្រង់ទ្រាយប្លែកចម្លែកៗបែបមិនដែលធ្លាប់បានឃើញនៅទីណាពីមុនមកឡើយ។

ថ្ងៃនេះទំព័រដេគ័រនៃទស្សនាវដ្តី ឡារ៉ែនសូមរួបរួមកំពូលអគារដែលមានរចនាបទ និងរូបរាងប្លែកស្អាតទូទាំងពិភពលោកមកជូនប្រិយមិត្តអ្នកអានបានទស្សនាទាំងអស់គ្នា។

1 – The sky Pool (London,UK)

ជាអគារម៉ូដជ្រុងៗធម្មតា តែចំណុចលេចធ្លោគឺ នៅលើដំបូលអគារ The sky Pool នេះមានអាងហែលទឹកដែលសាងពីកញ្ចក់ថ្លាកម្រាស់ 20 សង់ទីម៉ែត្រ និងមានកម្ពស់ពីដីដល់ទៅ 35 ម៉ែត្រ សម្រាប់អ្នកណាចង់សាកល្បងភាពក្លាហានដោយការហែលទឹកនៅក្នុងអាងទឹកដែលសាងពីកញ្ចក់ថ្លានេះ។ អាងហែលទឹកកញ្ចក់នេះតភ្ជាប់អគារចំនួន 2 ឱ្យជាប់គ្នាដោយខាងក្រោមគ្មានសសរទ្រ ឬសំណង់អ្វីទប់ទ្រនៅពីក្រោមឡើយ។

2 – The Louvre Abu Dhabi (Abu Dhabi, United Arab Emirates)

សហរដ្ឋអារ៉ាប់ អេមីរេតបានទិញសិទ្ធិពីសារមន្ទី The Louvre ក្នុងតម្លៃ 500 លានដុល្លារ ហើយអគារសារមន្ទី The Louvre នៅក្នុង អាប៊ូ ដាប៊ីនេះថែមត្រូវបានសាងសង់ឡើងដោយការសហការគ្នារវាងអារ៉ាប់ និងបារាំងទៀតផង។ ដោយបានទទួលការរចនាម៉ូដឱ្យក្លាយជាអគារដែលមានរូបរាងជាដូម មានស្នាមបែក និងរន្ធនៅលើដំបូលដែលជួយឱ្យពន្លឺចាំងចុះមក នៅពេលយើងដើរចូលទៅខាងក្នុង ធ្វើឱ្យមានអារម្មណ៍ថា ដូចកំពុងដើរនៅក្រោមទឹក។ គឺជារចនាបទដ៏កំពូលអស្ចារ្យ។

3 – The San Francisco Museum of Modern Art (San francisco, CA)

សារមន្ទីសិល្បៈសម័យថ្មីរបស់ San Francisco ឬ SFMOMA ដែលច្នៃម៉ូដអគារឡើងដោយ Snohetta ដែលស្ថិតនៅលើផ្ទៃដីទាំងអស់ 12,000ម៉ែត្រការ៉េ ទាំងផ្ទៃដីក្នុងម្លប់ និងកណ្តាលវាល។ ផ្នែកខាងក្រោមជាបន្ទប់វិចិត្រសាលបំពាក់កញ្ចក់ដែលអាចឱ្យមនុស្សម្នាទូទៅចូលទៅទស្សនាដោយសេរី និងនៅក្នុងជាន់នីមួយៗថែមទាំងមានការរចនាបទតុបតែងខាងក្នុងខុសប្លែកពីគ្នា មានលក្ខណៈពិសេសដោយឡែកពីគ្នា ធ្វើឱ្យអគារមួយនេះត្រូវបានច្នៃម៉ូដឡើងយ៉ាងចម្លែក។

4 – The Agora Garden (Taipei, Taiwan)

ជាអគារកម្ពស់ 20 ជាន់ កំពូលទំនើបស្ថិតនៅក្នុងទីក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់ ជាអគារពណ៌បៃតង មានរូបរាងទ្រង់ទ្រាយជារាងអគាររមួល រចនាម៉ូដឡើងដោយ Paris-based Vincent Callebaut Architecture ។ ខាងក្នុងមានទំហំជាង 42,335 ម៉ែត្រការ៉េ ព្រមជាមួយក្លិបហៅស៍ អាងហែលទឹក រោងហាត់ប្រាណ ចំណតរថយន្ត និងកន្លែងស្នាក់នៅលំដាប់ Luxury ហើយផ្នែកខាងក្រៅនៃអគារថែមទាំងមានទឹកធ្លាក់សិប្បនិម្មិត និងសួនច្បារពណ៌បៃតងខ្ចីដែលពោរពេញទៅដោយរក្ខជាតិ បន្លែផ្លែឈើ និងរុក្ខជាតិឱសថបុរាណដែលបញ្ចេញក្លិនក្រអូបនៅជុំវិញនោះទៀតផង។

5 – Zlota 44 (Warsaw, Poland)

ជាអគារស្នាក់នៅដ៏សែនទំនើបបំផុតកម្ពស់ 54 ជាន់ ត្រូវបានច្នៃម៉ូដឡើងឱ្យមានរូបលក្ខណៈដ៏ទាន់សម័យ និងប្រើប្រាស់នវានុវត្តន៍ដែលទាន់សម័យបំផុតនៅក្នុងប្រទេសប៉ូឡូញ វាក្លាយជាអគារស្នាក់នៅដ៏សែនទំនើបបំផុត និងជានិមិត្តសញ្ញាដ៏លេចធ្លោរបស់ទីក្រុង វ៉-ស ប្រទេសប៉ូឡូញ។ ផ្នែកខាងក្នុងប្រកបទៅដោយទីកន្លែងទំនើបៗជាច្រើនដើម្បីតបស្នងចំពោះអ្នកដែលមកសា្នក់នៅ ដែលមានទាំងអាងហែលទឹក បន្ទប់ចំហុយសៅណា និងស្ប៉ា ជាដើម។

អគារមួយនេះថែមទាំងត្រូវបានសាងសង់ និងរចនាម៉ូដឡើងដើម្បីធ្វើជាអគារកម្រិតស្តង់ដារថ្មីដែលឆ្លុះបញ្ចាំងអំពីភាពជោគជ័យ និងកម្លាំងជំរុញចិត្តរបស់ប្រជាជនប៉ូឡូញទៀតផង៕

Advertisement