បង្គោល​លោហធាតុ​អាថ៌កំបាំង​ដែល​គេ​ប្រទះឃើញ​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់​អាមេរិក បាន​បាត់​ខ្លួន!

បង្គោលលោហធាតុអាថ៌កំបាំងដែលគេប្រទះឃើញនៅកណ្ដាលសមុទ្រខ្សាច់អាមេរិក បានបាត់ខ្លួន!

ក្រុមមន្ត្រី​នៃ​រដ្ឋ Utah បានឱ្យដឹងថា បង្គោល​លោហធាតុ​ដ៏​អាថ៌កំបាំង​ដែល​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់ បាន​បាត់​ខ្លួន​ហើយ ដែល​នេះ​ត្រូវបាន​សង្ស័យថា ប្រហែល​ជាមាន​ក្រុមមនុស្ស​ណាមួយ លួច​គាស់​យកទៅ​កន្លែង​ផ្សេង។

នាយកដ្ឋាន​គ្រប់គ្រង​ដីធ្លី​របស់​រដ្ឋ Utah សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 28 វិច្ឆិកា បានឱ្យដឹងថា ពួកគេ​ទទួលបាន​សេចក្ដីរាយការណ៍​ដ៏​គួរឱ្យ​ទុកចិត្ត​មួយ និយាយថា បង្គោល​លោហធាតុ​នេះ ត្រូវបាន “ក្រុម​ជន​ណាមួយ” លួច​គាស់​យកទៅ​កន្លែង​ផ្សេង​កាលពី​យប់​មុន​នោះ។ ប៉ុន្តែ នាយកដ្ឋាន​នេះ​ប្រកាសថា ខ្លួន​មិន​ធ្វើការ​ស៊ើបអង្កេត​លើ​បទល្មើស​ទាក់ទង​នឹង​ទ្រព្យ​ឯកជន​នេះ​ទេ ដោយ​កិច្ចការ​នេះ​ជា​ភារកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​ក្នុង​តំបន់។ នាយកដ្ឋាន​នេះ ជឿថា បង្គោល​លោហធាតុ​នេះ​គឺជា​ទ្រព្យ​ឯកជន។

បង្គោលលោហធាតុអាថ៌កំបាំងដែលគេប្រទះឃើញនៅកណ្ដាលសមុទ្រខ្សាច់អាមេរិក បានបាត់ខ្លួន!សូម​រំលឹកថា មុនពេល​បាត់​ខ្លួន​ពី​កន្លែងកើតហេតុ បង្គោល​លោហធាតុ​ដែលមាន​រាង​ត្រីកោណ កម្ពស់​ប្រហែល 3.6 ម៉ែត្រ និង​ត្រូវបាន​ផ្គុំ​ពី​បន្ទះ​ដែក​ដែក​អ៊ី​ណុ​ក​ចំនួន 3 ផ្ទាំង នៅ​កណ្ដាល​ថ្ម​ពណ៌​ក្រហម​នៅលើ​សមុទ្រ​ខ្សាច់​ភាគខាងត្បូង​រដ្ឋ Utah ត្រូវបាន​ក្រុមមន្ត្រី​ក្នុង​តំបន់​ប្រទះឃើញ​កាលពី​ថ្ងៃទី 18 វិច្ឆិកា នៅពេល​ពួកគេ​កំពុង​ហោះហើរ​ដើម្បី​រាប់​ចំនួន​សត្វ​ចៀម​ស្នែង​ធំ​នៅក្នុង​តំបន់។

ក្រុមមន្ត្រី​ខាងលើ មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ទីតាំងរ​បស់បង្គោល​ខាងលើ​ទេ ប៉ុន្តែ វា​នៅតែ​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នក​ចង់ដឹង​ចង់​ឮ ហើយ​មនុស្ស​ជាច្រើន​បាន​ទៅដល់​កន្លែងកើតហេតុ។ អ្នកខ្លះ​បានចាត់ទុក​ថា វា​គឺជា​វត្ថុ​របស់​មនុ​ស្សម​ក​ពី​ពិភព​ខាងក្រៅ ខណៈ​អ្នកខ្លះ​ថា វា​គឺជា​ស្នាដៃ​របស់​មនុស្ស​នៅលើ​ផែនដី។

បង្គោលលោហធាតុអាថ៌កំបាំងដែលគេប្រទះឃើញនៅកណ្ដាលសមុទ្រខ្សាច់អាមេរិក បានបាត់ខ្លួន!
រូប​ភាព​បង្ហាញ​ថា បង្គោល​លោហ​ធាតុ​​បាន​បាត់​ខ្លួន​

មកដល់​បច្ចុប្បន្ន មិនទាន់មាន​អ្នកណាម្នាក់​ចេញមុខ​អះអាងថា ជា​ម្ចាស់​កម្មសិទ្ធិ​លើ​បង្គោល​លោហធាតុ​នេះ​នៅឡើយ។

>ប្រទះឃើញ​បង្គោល​លោហធាតុ​ចម្លែក​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់! អាជ្ញាធរ​ថា “ទោះ​អ្នក​ដាំ​មកពី​ពិភព​ផ្កាយ​ក៏ដោយ វា​ជា​រឿង​ខុសច្បាប់ បើសិនជា​ធ្វើឡើង​នៅ​ទីសាធារណៈ” 

>ទីតាំង​នៃ​បង្គោល​លោហធាតុ​ដ៏​អាថ៌កំបាំង​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់ ត្រូវបាន​គេ​រកឃើញ​ហើយ!

ប្រភព៖ AFP

Advertisement