បង្គោល​លោហធាតុ​អាថ៌កំបាំង​នៅ​រូ​ម៉ា​នី បាន​បាត់​ខ្លួន​ដែរ​ហើយ! ប្រជាជន​ក្នុង​តំបន់ អះអាងថា មាន​ពន្លឺ​ចម្លែក​នៅត្រង់​ទីតាំង​នៃ​បង្គោល​នោះ

បង្គោលលោហធាតុអាថ៌កំបាំងមួយផ្សេងទៀត បង្ហាញខ្លួននៅរូម៉ានី ខណៈបង្គោលអាថ៌កំបាំងនៅអាមេរិកបានបាត់ខ្លួន

សារព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា បង្គោល​លោហធាតុ​មិនមាន​ម្ចាស់​កម្មសិទ្ធិ​ដែល​ត្រូវបាន​គេ​ប្រទះឃើញ​នៅលើ​ចង្កេះភ្នំ​មួយ​នៃ​ប្រទេស​រូ​ម៉ា​នី បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​ជាទីបំផុត​កាលពី​ថ្ងៃទី 30វិច្ឆិកា។

បង្គោល​លោហធាតុ​ដែលមាន​រាង​ត្រីកោណ ភ្លឺរលោង​នេះ ត្រូវបាន​ប្រទះឃើញ​កាលពី​ថ្ងៃទី 26 វិច្ឆិកា នៅក្បែរ​បន្ទាយ Petrodava Dacian ជាទី​តាំង​បុរាណ​មួយ​នៅក្នុង​ទីក្រុង Piatra Neamt នៃ​ប្រទេស​រូ​ម៉ា​នី។ យោងតាម​ស្ថានីយ​វិទ្យុ Juranl FM មាន​សាក្សី​ជាច្រើន​បានឃើញ «ពន្លឺ​ដ៏​ចម្លែក» ដែល​កើត​មាននៅ​តំបន់​ដែល​គេ​រកឃើញ​បង្គោល​អាថ៌កំបាំង​នោះ។

បង្គោល​លោហធាតុ​ដែលមាន​កម្ពស់​ជិត 4 ម៉ែត្រ និង​បែរមុខ​ទៅរក​ភ្នំ Ceahlau ដែលជា​អច្ឆរិយវត្ថុ​ធម្មជាតិ 1 ក្នុងចំណោម 7 របស់​ប្រទេស​រូ​ម៉ា​នី និង​ត្រូវបាន​ប្រជាជន​ហៅថា «ភ្នំ​ទេព»។ អាជ្ញាធរ​របស់​ប្រទេស​នេះ មិនទាន់​ដឹងថា បង្គោល​នេះ​មាន​ប្រភពពី​ណា​នៅឡើយ ធ្វើឱ្យមាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​និយាយ​អំពី​វា ដោយ​អ្នកខ្លះ​បានដាក់​សំណួរ​ថា «តើ​វា​ជា​អ្វី​ឱ្យ​ពិតប្រាកដ? ហេតុអ្វី​បានជា​វា​អាច​បង្ហាញខ្លួន​នៅ​ទីនោះ?» ឬថា «ហេតុអ្វី​បានជា​បាត់​ខ្លួនភ្លាមៗ បន្ទាប់ពី​ត្រូវបាន​ប្រទះឃើញ?»។

ទាក់ទង​នឹង​រឿង​ចម្លែក​នេះដែរ កាលពី​ថ្ងៃទី 18 វិច្ឆិកា បង្គោល​លោហធាតុ​អាថ៌កំបាំង​មួយ​ដែលមាន​កម្ពស់​ប្រហែល 3.6 ម៉ែត្រ ក៏​ត្រូវបាន​ប្រទះឃើញ​នៅក្នុង​តំបន់​សមុទ្រ​ខ្សាច់​នៃ​រដ្ឋ Utah សហរដ្ឋអាមេរិក ប៉ុន្តែ វា​បាន​បាត់​ខ្លួន​ពី​កន្លែងកើតហេតុ​ទៅហើយ។ នាយកដ្ឋាន​គ្រប់គ្រង​ដីធ្លី​របស់​រដ្ឋ Utah ឱ្យដឹងថា បង្គោល​នេះ​ត្រូវបាន​មនុស្ស​មួយក្រុម​ដែល​គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ បាន​លួច​យក​បង្គោល​នេះ​កាលពី​យប់​ថ្ងៃទី 27 វិច្ឆិការ។

មកដល់​បច្ចុប្បន្ន មិនទាន់មាន​អ្នកណាម្នាក់​ចេញមុខ​មក​អះអាងថា ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​បង្គោល​លោហធាតុ​ដ៏​អាថ៌កំបាំង​នេះ​នៅឡើយ៕

>បង្គោល​លោហធាតុ​អាថ៌កំបាំង​មួយ​ផ្សេងទៀត បង្ហាញខ្លួន​នៅ​រូ​ម៉ា​នី ក្នុង​ខណៈ​បង្គោល​អាថ៌កំបាំង​នៅ​អាមេរិក​បាន​បាត់​ខ្លួន

ប្រភព៖ Fox News

Advertisement