បង្គោល​លោហធាតុ​អាថ៌កំបាំង​នៅ​សមុទ្រ​ខ្សាច់​អាមេរិក ត្រូវ​មនុស្ស 4 នាក់​លួច​គាស់​យកទៅ​ទាំងយប់

បង្គោលលោហធាតុអាថ៌កំបាំងនៅសមុទ្រខ្សាច់អាមេរិក ត្រូវមនុស្ស 4 នាក់លួចគាស់យកទៅទាំងយប់

Ross Bernards ដែល​ជាជាង​ថតរូប​ម្នាក់ បានឱ្យដឹងថា គាត់​បានឃើញ​បង្គោល​លោហធាតុ​អាថ៌កំបាំង​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់​នៃ​រដ្ឋ Utah ត្រូវបាន​មនុស្ស 4 នាក់ គាស់​យក​ពី​កន្លែង​ដើម។

Bernards និយាយថា កាលពី​ថ្ងៃទី 27 វិច្ឆិកា គាត់​រួម​នឹង​មិត្ត​ចំនួន 3 នាក់ បាន​បើករថយន្ត​រយៈពេល 6 ម៉ោង ពីរ​ដ្ឋ Colorado ទៅកាន់​រដ្ឋ Utah ដើម្បី​ពិនិត្យមើល​បង្គោល​លោហធាតុ​នេះ។ ក្រោយពី​ទៅដល់​ទីតាំង​នៅវេលា​ម៉ោង​ជិត 21 យប់ និង​បាន​ថតរូប​រួចរាល់ ក៏​ស្រាប់​តែមាន​បុរស​មួយក្រុម​បង្ហាញខ្លួន។

មនុស្ស​ម្នាក់​ក្នុង​ក្រុម​នោះ បានស្នើ​ឱ្យ​ថតរូប មុននឹង​ពួកគេ​ចាប់ផ្ដើម​រុញច្រាន​បង្គោល​ទៅមក​ដើម្បី​លើក​វា​ចេញពី​ដី។ ក្រោយ​រយៈពេល​ប្រហែល 10-15នាទី បង្គោល​នេះ​ក៏​រលំ បង្កើតបានជា​សំឡេង​មួយ​យ៉ាង​ធំ។ ក្រុមមនុស្ស​នេះ បន្ទាប់មក​ក៏បាន​ដោះ​បំបែក​បង្គោល​នេះ​ជា​បំណែក និង​ដាក់​វា​ឡើង​រទេះ​មួយ រួច​បរ​ចេញទៅ។

«នៅពេល​ក្រុមមនុស្ស​នេះ​បាន​នាំយក​បង្គោល​នេះ​ចេញទៅ សមាជិក​ខ្លះ​របស់​ពួកគេ​បាន​រំឭកថា មិនត្រូវ​ទុក​ដាន​អ្វី​នៅទីនេះ​ទេ» Bernards រៀបរាប់​ដូច្នេះ។

បង្គោល​លោហធាតុ​អាថ៌កំបាំង​នៅ​សមុទ្រ​ខ្សាច់​អាមេរិក ត្រូវ​មនុស្ស 4 នាក់​លួច​គាស់​យកទៅ​ទាំងយប់
ទិដ្ឋ​ភាព​បង្គោល​លោហ​ធាតុ​ មុន​ និង​ក្រោយ​ការ​លួច​គាស់

Bernards មិន​ហ៊ាន​ប្រើប្រាស់​កាមេរ៉ា​ធំ​ដើម្បី​ថតរូប​ពួកនេះ​ទេ ដោយសារ​ខ្លាច​ពួកនេះ​មាន​អាវុធ។ ប៉ុន្តែ មិត្ត​ម្នាក់​របស់ Berbards គឺ Michael James Newlands ថត​បាន​រូបភាព​មួយចំនួន​ដោយ​ប្រើ​ទូរស័ព្ទដៃ។

Bernards ជឿថា ក្រុមមនុស្ស 4 នាក់​ខាងលើនេះ មិនមែនជា​អ្នក​ដែល​បាន​កប់​បង្គោល​អាថ៌កំបាំង​នេះ​ទេ ហើយ​ពួកគេ​លួច​យក​វា​ទៅ​ក៏​ព្រោះតែ​មើលឃើញថា វា «ទើសភ្នែក និង​ប៉ះពាល់​ដល់​សោភ័ណភាព» នៅទីនេះ។ ព្រោះថា ចាប់តាំងពី​បាន​ប្រទះឃើញ​បង្គោល​នេះ មាន​រថយន្ត​រាប់សិប​គ្រឿង និង​មនុស្ស​ជាច្រើន​មកកាន់​ទីនេះ។

«នោះ​គឺជា​មូល​ហេតុដែល​មិនគួរ​ទុក​សំរាម​នៅលើ​សមុទ្រ​ខ្សាច់» Bernards រៀបរាប់​អំពី​សម្ដី​របស់​សមាជិក​ម្នាក់​នៃ​ក្រុមមនុស្ស​ខាងលើ។

Bernards និយាយថា គាត់​និង​មិត្ត​របស់គាត់ ក៏​មិនបាន​ព្យាបាល​រារាំង​សកម្មភាព​របស់​ក្រុមមនុស្ស​នេះដែរ ព្រោះ​ពួកនេះ​បាន​ប្ដេជ្ញា​យក​បង្គោល​នេះ​ឱ្យខាងតែបាន។ «យើង​មិនដឹងថា ពួកគេ​ជា​អ្នកណា​ទេ ហើយ​យើង​ក៏​មិន​បានធ្វើ​អ្វី​ដើម្បី​រារាំង​ពួកគេ​ដែរ។ ពួកគេ​ទៅ​ទីនោះ​គឺ​គ្រាន់តែ​ដើម្បី​ទម្លាក់​ប​ង្កោ​ល​នេះ​តែប៉ុណ្ណោះ ហើយ​វា​ហាក់ដូចជា​ភារកិច្ច​របស់​ពួកគេ​អីចឹង»។

បង្គោល​លោហធាតុ​អាថ៌កំបាំង​នៅ​សមុទ្រ​ខ្សាច់​អាមេរិក ត្រូវ​មនុស្ស 4 នាក់​លួច​គាស់​យកទៅ​ទាំងយប់គួររំឭកថា ក្រុម​បុគ្គលិក​នៅ​អង្គភាព​សុវត្ថិភាព​សាធារណៈ​នៃ​រដ្ឋ Utah (DPS) សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី18វិច្ឆិកា បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ជួយ​ដល់​នាយកដ្ឋាន​ការពារ​ធនធាន​សត្វព្រៃ ដើម្បី​រាប់​សត្វ​ចៀម​ស្នែង​ធំ​នៅលើ​សមុទ្រ​ខ្សាច់​ភាគ​អាគ្នេយ៍​របស់​រដ្ឋ​នេះ។ ពួកគេ​ស្រាប់តែ​បាន​ប្រទះឃើញ​វត្ថុ​មួយ​ដែល​ដូច​ទៅនឹង​ដុំថ្ម​អាថ៌កំបាំង​ដែលមាន​នៅក្នុង​ខ្សែភាពយន្ត​រឿង “2001: A Space Odyssey” ផលិត​ឆ្នាំ 1968។

កាលពី​ថ្ងៃទី 27 វិច្ឆិកា នាយកដ្ឋាន​គ្រប់គ្រង​ដីធ្លី​នៃ​រដ្ឋ Utah បានប្រកាសថា បង្គោល​នេះ​បាន​បាត់​ខ្លួន និង​សង្ស័យថា មាន​មនុស្ស​លួច​គាស់​យកទៅ​នៅពេល​យប់៕

ប្រភព៖ Guardian

Advertisement