តំណាងរាស្ត្រ 9ប្រទេស ចូលរួម​​ពិធី​ជប់​លៀង Sex ក្នុង​គ្រា Covid-19 កំពុង​រាតត្បាត​ខ្លាំង

លោក David Manzheley អ្នក​រៀប​ចំពិធីជប់លៀង​ Sex

អ្នករៀបចំ​កម្មវិធី​ជប់លៀង Sex នៅ​ទីក្រុង Brussels កាលពី​សប្ដាហ៍​មុន បានឱ្យដឹងថា បុរស​ជា​តំណាងរាស្ត្រ​មកពី​ប្រទេស​ចំនួន 9 បាន​ចូលរួម​ព្រឹត្តិការណ៍​ដែល​ខ្លួន​បានរៀបចំ នៅ​មុនពេល​ត្រូវបាន​ក្រុមប៉ូលិស​ឆ្មក់​ចូលចាប់។

នៅក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយនឹង​សារព័ត៌មាន Onet របស់​ប៉ូឡូញ កាលពី​ថ្ងៃទី 3ធ្នូ David Manzheley បានឱ្យដឹងថា ខ្លួន​បាន​ប្រារព្ធ​កម្មវិធី​ជប់លៀង Sex សម្រាប់​មនុស្ស​ភេទ​ទី​បី​នេះ​អស់​រយៈពេល 2ឆ្នាំ​មកហើយ។ លោក​បន្តថា កម្មវិធី​របស់ខ្លួន​តែងតែមាន​មនុស្ស​រាប់រយ​នាក់​ចូលរួម។

លោក Manzheley និយាយថា៖ «ក្រុមមនុស្ស​ល្បីឈ្មោះ​ជាច្រើន​មកពី​ប្រទេស​នានា បានបង្ហាញ​ខ្លួន​នៅក្នុង​ពិធីជប់លៀង​ដែល​ខ្ញុំ​បានរៀបចំ ក្នុងនោះ​មាន​ទាំង​អ្នកនយោបាយ​ប៉ូឡូញ​ផងដែរ។ ពួកគេ​សុទ្ធតែជា​អ្នកមាន​គ្រួសារ​រួចហើយ ហើយ​ពួកគេ​ក៏​សុទ្ធតែ​ស្នើឱ្យ​រក្សា​ការសម្ងាត់​អំពី​ការចូលរួម​ពិធីជប់លៀង​សម្រាប់​មនុស្ស​ភេទ​ពីរ​បី​នេះ»។

កាលពី​សប្ដាហ៍​មុន Manzheley បានរៀបចំ​ពិធីជប់លៀង​ដូចខាងលើ នៅក្នុង​ផ្ទះមួយ​នៅ​ទីក្រុង Brussels ដោយមាន​មនុស្ស 25នាក់​ចូលរួម ប៉ុន្តែ ត្រូវបាន​ក្រុមប៉ូលិស​ឆ្មក់​ចូល​ត្រួតពិនិត្យ ដោយសារតែ​បាន​រំលោភ​លើ​បម្រាម​គោចរ​ដើម្បី​ទប់ស្កាត់ Covid-19។

Manzheley និយាយថា៖ «ពួកគេ​គឺជា​អ្នកនយោបាយ​មកពី អ៊ុយ​ក្រែ​ន បារាំង អាល្លឺម៉ង់ ហូ​ឡង់ លុច​ហ្សំ​បួរ ស្វី​ស និង​អេ​ស្ប៉ា​ញ។ ក៏ប៉ុន្តែ ភ្ញៀវ​ដែល​បាន​ចូលរួម​ជា​ញឹកញាប់​គឺ​អ្នកតំណាងរាស្ត្រ​នៃ​ប្រទេស​ប៉ូឡូញ និង​ហុង​គ្រី»។

អ្នករៀបចំ​ពិធីជប់លៀង Sex ខាងលើ​បាន​អះអាងថា មាន​អ្នកនយោបាយ​ដល់​ទៅ 9រូប​របស់​បក្ស​កាន់អំណាច Fidesz នៅ​ហុង​គ្រី ក្នុងនោះ​មាន​តំណាងរាស្ត្រ Jozsef Szajer ផងដែរ​ដែល​បាន​ចូលរួម​ពិធីជប់លៀង​នេះ។

តំណាងរាស្ត្រ Jozsef Szajer

Manzheley បាន​រៀបរាប់ថា ពិធីជប់លៀង Sex របស់លោក ត្រូវបាន​ប្រារព្ធ​ឡើង​ទៅតាម​រូបភាព “អាក្រាត​ជាទីបំផុត” ក្នុងនោះ មិនមាន​វិធានការ​ការពារ ក៏ដូចជា​ការពិនិត្យរ​កវី​រុស Covid-19។ ភ្ញៀវ​គ្រប់រូប​ត្រូវតែ​ចូលរួម​ដោយ​អស់ពី​ចិត្ត ហើយ​ពុំមាន​អ្នកណាម្នាក់​ត្រូវបាន​អនុញ្ញាត​ឱ្យប្រើ​ទូរស័ព្ទ ឬ​ថតរូប​នៅក្នុង​ពិធីជប់លៀង Sex នេះ​ទេ។

ក្រុមមន្ត្រី​បាន​រកឃើញថា អ្នកចូលរួម​ចំនួន 25នាក់​ដែលជា​បុរស ភាព​ច្រើន​គ្មាន​សម្លៀកបំពាក់​ជាប់​ខ្លួន​នោះឡើយ នៅក្នុង​ពិធីជប់លៀង​ក្នុង​បន្ទប់​មួយ​នៅ​ជាន់​លើ​របស់​ហាង​កាហ្វេ​មួយកន្លែង។ ព័ត៌មាន​នេះ​បាន​បែកធ្លាយ និង​បាន​នាំឱ្យ Szajer អាយុ 59ឆ្នាំ មកពី​បក្ស​កំពុងកាន់​អំណាច Fidesz របស់​នាយករដ្ឋមន្ត្រី​ហុង​គ្រី Vikto Orban ត្រូវ​លាលែង​ពី​តំណែង។

ការិយាល័យ​រដ្ឋអាជ្ញា​នៃ​ទីក្រុង Brussels បាន​ទទួលស្គាល់ថា មាន​បុរស​ម្នាក់​ត្រូវបាន​គេ​ដាក់ឈ្មោះថា S.J. បាន​ចូលរួម​ពិធីជប់លៀង និង​បាន​ព្យាយាម​គេចចេញ​ពី​ពិធីជប់លៀង មុនពេល​ត្រូវបាន​ចាប់ខ្លួន។

Manzheley បាន​បញ្ជាក់ថា អ្នកចូលរួម​សុទ្ធតែ​ត្រូវបាន​តម្រូវឱ្យ​ចុះឈ្មោះ​ទៅក្នុង​បញ្ជី​មួយ​ដែល​ប្រកាសថា មិនមាន​ផ្ទុក​វីរុស Covid-19។ គាត់​និយាយថា ក្រុមប៉ូលិស​អាច​ឆ្មក់​ចូល​បាន ក៏​ព្រោះ​តែមាន​អ្នក​ទុក​ទ្វារ​ចំហ៕

ប្រភព៖ Fox News

Advertisement