ផ្ទះ​ស្រោបមាស​ដ៏​ស្រស់ស្អាត​មួយ​ខ្នង ទទួលបាន​ភ្ញៀវ​មក​ទស្សនា​ខ្ទង់រយ​នាក់​​​​ជា​រៀងរាល់ថ្ងៃ

ផ្ទះ​ស្រោបមាស​ដ៏​ស្រស់ស្អាត​មួយ​ខ្នង ទទួលបាន​ភ្ញៀវ​មក​ទស្សនា​ខ្ទង់រយ​នាក់​ជា​រៀងរាល់ថ្ងៃ

ក្រោយពី​ចំណាយពេល 6 ឆ្នាំ ក្នុងការ​គិតគូរ និង​សាងសង់ គេហដ្ឋាន​ស្រោបមាស​មួយ​ខ្នង​ដែល​ស្ថិតក្នុង​បរិវេណ​ដី​ទំហំ 1,500ម៉ែត្រការ៉េ របស់លោក Van Trung កំពុងតែ​ធ្វើឱ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​នៅ​ទីក្រុង Can Tho។

ថ្មីៗនេះ «ផ្ទះ​ស្រោបមាស» មួយ​ខ្នង ដែល​ស្ថិតនៅក្នុង​ទីក្រុង Can Tho ភាគខាងត្បូង​ប្រទេស​វៀតណាម បាន​ក្លាយជា​ឈ្មោះ​ដែល​ត្រូវបាន​គេ​និយាយតៗគ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ។ សម្ភារ​ភាគច្រើន​នៅក្នុង​ផ្ទះ​នេះ ត្រូវបាន​ស្រោប​ពណ៌​លឿង នាំ​ឱ្យគេ​ឆ្ងល់​ថា «តើ​នេះ​ត្រូវបាន​គេ​ស្រោបមាស ឬ​យ៉ាងណា?»។

ម្ចាស់​របស់​ផ្ទះ​ពិសេស​នេះ គឺ​លោក Nguyen Van Trung ដែលជា​អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ​ម្នាក់​នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម។ លោក Trung និយាយថា គំនិត​អំពី​ផ្ទះ​នេះ​ត្រូវបាន​លោក​គិត​តែងតែ​ពី​យូរ​មកហើយ ប៉ុន្តែ ទើបតែ​បានចាប់ផ្ដើម​ធ្វើ​កាលពី 6ឆ្នាំមុន។ ក្នុងនោះ ផ្ទះ​ធ្វើ​អំពី​ឥដ្ឋ​សេ​រ៉ា​មិច គឺជា​ចំណុច​ពិសេស​នៅក្នុង​ហាង​កាហ្វេ​របស់លោក ដែល​ស្ថិតក្នុង​ទីក្រុង Can Tho។

លោក Trung ប្រាប់ថា នេះ​គឺជា​លទ្ធផល​ដែល​បាន​កើតឡើង​ពី​ការ​សន្សំ​នូវ​គំនិត​ថ្មី ប្លែកៗ ក្នុង​គ្រា​ដែល​លោក​បាន​ចេញទៅ​បរទេស។ បច្ចុប្បន្ន ផ្ទះ​នេះ​បានចាប់ផ្ដើម​បើកទ្វារ​ទទួលភ្ញៀវ​ដែល​មកកាន់​ហាង​កាហ្វេ​របស់លោក និង​ទុកជា​អនុស្សាវរីយ៍​សម្រាប់​ការ​ទស្សនា និង​ថតរូប។ នៅទីនេះ គេ​ក៏​ឃើញ​មាន «ស្ថាបត្យកម្ម» តាម​បែបបទ​ប្រទេសផ្សេងៗ ចាប់ពី​អឺរ៉ុប ដល់​អាស៊ី។

ម្ចាស់ផ្ទះ​ខាងលើ​បាន​បន្ថែមថា ជា​រៀងរាល់ថ្ងៃ មាន​មនុស្ស​មក​ទស្សនា​ផ្ទះ​របស់លោក ប្រហែលជា 100 នាក់។ ចំណែក​ថ្ងៃ​ចុង​សប្ដាហ៍​វិញ គឺមាន​ភ្ញៀវ​ច្រើនណាស់។

លោក Trung បញ្ជាក់ថា ក្រៅពី​ស្រោបមាស លោក​ក៏​ជ្រើសរើស​រុក្ខជាតិប្រណិតៗសម្រាប់​តាំង​លម្អ​ផ្ទះ​នេះ​ទៀតផង៕

ប្រភព៖ Soha

Advertisement