កូនអណ្ដើក​ជាង 92,000​ក្បាល ចាប់កំណើត​ដំណាលគ្នា​លើ​វាល​ខ្សាច់​នៅ​តំបន់​អាមេរិក​ខាងត្បូង

អណ្ដើក​ដ៏​ច្រើនសន្ធឹក​នៅឯ​ទន្លេ​នៃ​តំបន់​អាមេរិក​ខាងត្បូង បាន​ញាស់​ដំណាលគ្នា ដើម្បី​បង្កើន​ឱកាស​រស់រានមានជីវិត​នៅពេល​វារ​ទៅកាន់​ទន្លេ និង​ចាប់ផ្ដើម​ជីវិត​ថ្មី​របស់​ពួកវា។

អង្គការ​អភិរក្ស​សត្វ​ព្រៃ (WCS) កាលពី​ថ្ងៃទី 14ធ្នូ បាន​ចែករំលែក​វីដេអូ​គួរឱ្យ​ចាប់អារម្មណ៍​ទាក់ទង​នឹង​អណ្ដើក​យក្ស​នៅ​ទន្លេ​នៃ​តំបន់​អាមេរិក​ខាងត្បូង (Arrau turtle/South American river turtle) រាប់ម៉ឺន​ក្បាល​ដែល​ទើបតែ​បាន​ញាស់ថ្មីៗ និង​វារ​នៅលើ​វាល​ខ្សាច់​ដែល​ស្ថិតក្នុង​តំបន់​អភិរក្ស​ជម្រក​ជីវសាស្ត្រ Abufari នៃ​រដ្ឋ Amazonas ប្រទេស Brazil។

ក្រុម​អ្នក​អភិរក្ស​នៃ​អង្គការ WCS Brazil បានឱ្យដឹងថា ការ​ញាស់​នៃ​ពងអណ្ដើក មាន​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ កូនអណ្ដើក​ប្រមាណ 71,000ក្បាល​បានចាប់កំណើត​ក្នុង​ថ្ងៃ​ជាមួយគ្នា ចំណែក 21,000ក្បាល​ទៀត​បាន​ញាស់​នៅ​ថ្ងៃ​បន្ទាប់។

WCS Brazil បាន​តាមដាន​អណ្ដើក​មេ និង​សម្បុក​របស់​ពួកវា​យ៉ាង​យកចិត្តទុកដាក់ នៅមុន​និង​ក្រោយ​ការ​ញាស់។ ក្រុម​អ្នកជំនាញ​នៅទីនេះ​បាន​សិក្សា​ស្រាវជ្រាវ​អំពី​លក្ខណ​ដែល​ពង​អាច​ញាស់​ជា​ហ្វូង​ដំណាលគ្នា ដើម្បី​កែលម្អ​យន្តការ​នៃ​ការគ្រប់គ្រង និង​ការពារ​ពួកវា​ពី​ការជួញដូរ។ ពួកវា​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារតែ​ត្រូវគេ​ចាប់​យកទៅលក់​សម្រាប់ធ្វើ​ជា​អាហារ។

Camila Ferrara អ្នកជំនាញ​ខាង​សត្វ​អណ្ដើក​នៅ​អង្គការ WCS Brazil បានឱ្យដឹងថា៖ «សម្រាប់​អណ្ដើក​យក្ស​នៅ​ទន្លេ​អាមេរិក​ខាងត្បូង ការបន្ត​ពូជ​គឺជា​ដំណាក់កាល​លេចធ្លោ​បំផុត ប៉ុន្តែ​ក៏​ជា​ពេលដែល​ងាយ​រងគ្រោះ​បំផុត​ផងដែរ។ នៅ​តំបន់​មួយចំនួន កូនអណ្ដើក​តែងតែ​ញាស់​ស្រុះគ្នា​ដើម្បី​បង្កើន​ឱកាស​ក្នុងការ​រស់រានមានជីវិត។ ប្រការនេះ​អនុញ្ញាតឱ្យ​ពួកវា​ធ្វើដំណើរ​ជា​ហ្វូង​ទៅកាន់​ទន្លេ និង​ចាប់ផ្ដើម​ជីវិត​ថ្មី»។

អណ្ដើក​យក្ស​នៅ​ទន្លេ​អាមេរិក​ខាងត្បូង​គឺជា​ប្រភេទ​អណ្ដើក​ទឹកសាប​ធំ​បំផុត​នៅក្នុង​តំបន់​អាមេរិក​ខាងត្បូង ដោយ​អណ្ដើក​ពេញវ័យ​មួយក្បាលៗ មាន​ប្រវែង​ដល់​ទៅ​ជាង 1ម៉ែត្រ និង​ទម្ងន់ 90គីឡូក្រាម។ ពួកវា​មាន​តួនាទី​យ៉ាងសំខាន់​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ព្រោះថា ពួកវា​ជួយ​ពង្រាយ​គ្រាប់ពូជ​នៃ​រុក្ខជាតិ​តូចធំ ដែល​ជួយ​ដល់​ការកែសម្រួល​ការបាត់បង់​រុក្ខជាតិ​នៅ​ជុំវិញ​ទន្លេ៕

ប្រភព៖ Reuters

Advertisement