ក្រុមហ៊ុន​អាកាសចរណ៍ ត្រូវ​ដោះ​កៅអី​ទាំងអស់​ក្នុង​យន្តហោះ​​មួយ​គ្រឿង​ ព្រោះតែ​ចិញ្ចៀនពេជ្រ​របស់​អ្នកដំណើរ

ផ្នែក​បច្ចេកទេស​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​របស់​វៀតណាម បាននាំគ្នា​ដោះ​កៅអី​ទាំងអស់​នៅក្នុង​យន្តហោះ​មួយគ្រឿង​ដើម្បី​ស្វែងរក​ចិញ្ចៀនពេជ្រ​មួយ​វង់​ដែលមាន​តម្លៃ​ខ្ពស់ ក្រោយពី​អ្នកដំណើរ​ម្នាក់​បាន​ជ្រុះ​នៅក្នុង​កាប៊ីន​សម្រាប់​អ្នកជំនួញ។

កាលពី​ថ្ងៃទី 12 មករា តំណាង​ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines បាន​បញ្ជាក់ថា ក្រុមហ៊ុន​នេះ កាលពី​ថ្ងៃទី 11 មករា បាន​ប្រគល់ជូន​ចិញ្ចៀនពេជ្រ​មួយ​វង់​ដែល​បាន​ជ្រុះ​បាត់​នៅក្នុង​យន្តហោះ​នៃ​ក្រុមហ៊ុន​នេះ​កាលពី​ថ្ងៃទី 8 មករា នៅក្នុង​ជើងហោះហើរ​ក្នុងស្រុក ទៅឱ្យ​អ្នកដំណើរ​របស់ខ្លួន​វិញ​ហើយ។

អតិថិជន​ដែល​បានធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ប្រភេទ​ពាណិជ្ជកម្ម បាន​ហោះ​ពី​ទីក្រុង​ហូជីមិញ ទៅកាន់​រដ្ឋធានី​ហាណូយ​នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី 8 ខែមករា និង​បាន​ចុះចត​នៅវេលា​ម៉ោង 15 និង 10 នាទី។ ក្នុងពេល​យន្តហោះ​ត្រៀម​ចុះចត ស្ត្រី​ជា​អ្នកដំណើរ​ម្នាក់​ក៏បាន​ជ្រុះ​បាត់​ចិញ្ចៀនពេជ្រ​មួយ​វង់​នៅក្នុង​យន្តហោះ​នេះ។

តំណាង​របស់​ក្រុមហ៊ុន Vietnam Airlines បានឱ្យដឹងថា ផ្នែក​បច្ចេកទេស​របស់​ខ្លួន ក្រោយមក​ក៏បាន​ដោះ​កៅអី​ទាំងអស់​ដែលមាន​នៅលើ​យន្តហោះ ដើម្បី​ស្វែងរក​ចិញ្ចៀន។ ប៉ុន្តែ មិនបាន​រកឃើញ​នោះទេ ដោយសារ​វា​មាន​ទំហំ​តូច​ពេក។ ផ្នែក​បច្ចេកទេស​ក៏បាន​រាយការណ៍​ហេតុការណ៍​នេះ​ដល់​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​បន្ត​រុករក។

បន្ទាប់មក យន្តហោះ​នេះ​ក៏បាន​ហោះ​ត្រលប់​មកកាន់​ទីក្រុង​ហូជីមិញ​វិញ នៅវេលា​ម៉ោង 18 ថ្ងៃទី 8 មករា ជាមួយនឹង​លេខ​សម្គាល់​ជើងហោះហើរ VN275។

ក្រោយមក សំណាងល្អ​ក៏បាន​កើតឡើង​ចំពោះ​ក្រុម​បុគ្គលិក​នៅលើ​យន្តហោះ​នេះ នៅពេលដែល​អ្នកបម្រើ​បាន​រកឃើញ​ចិញ្ចៀនពេជ្រ​ក្នុងពេល​ពិនិត្យមើល​ក្នុង​កាប៊ីន​អ្នកដំណើរ។ ពួកគេ​ក៏បាន​ប្រគល់​មកឱ្យ​អង្គភាព Lost & Found នៅ​ព្រលានយន្តហោះ Tan Son Nhat នាទី​ក្រុង​ហូជីមិញ ហើយ​វា​ក៏​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​ដើម​នៅ​រសៀល​ថ្ងៃទី 11មករា៕

ប្រភព៖ DNTT

Advertisement