ត្រូវ​ឆ្នោត 60លាន​ដុល្លារ​អាមេរិក ដោយសារ​ជឿ​លើ​សុបិន​របស់​ប្ដី រួម​នឹង​ការ​ព្យាយាម

បន្ទាប់ពី​ស្វាមី​បាន​ប្រាប់​អំពី​ដំណើរ​ដើមទង​នៃ​ង​សុបិន ស្ត្រី​ជា​ភរិយា​ក៏បាន​ព្យាយាម​ចាក់​ឆ្នោត​ផ្សងសំណាង ហើយ​ចុងក្រោយ​ក៏បាន​ត្រូវ​ឆ្នោត​តម្លៃ 60 លាន​ដុល្លារ​អាមេរិក ក្រោយ​ការ «តស៊ូ» ចាក់​ឆ្នោត​មិន​ដាច់​មួយថ្ងៃ។

ឆ្នាំ 2000 ស្វាមី​របស់​អ្នកស្រី Deng Pravatoudom យល់សប្ដិ​ចម្លែក​មួយ ដោយ​ឃើញ​លេខ​មួយ​ខ្សែ​យ៉ាងច្បាស់​នឹង​ភ្នែក។ ក្រោយពី​បានឮ​ស្វាមី​រៀបរាប់​ប្រាប់ អ្នកស្រី Pravatoudom ក៏​ចាប់ផ្ដើម​យក​លេខ​នោះ​ទៅ​ចាក់​ឆ្នោត។

ជីវភាព​របស់​គ្រួសារ​ខាងលើ ចេះតែ​បន្ត​ទៅមុខ​ដូច​ធម្មតា ហើយ​ការចាក់​ឆ្នោត​លេខដដែលៗនេះ​ក៏​ចេះតែធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ រហូតដល់ 20 ឆ្នាំ។

ថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2020 អ្នកស្រី និង​ស្វាមី​ក៏បាន​ទៅ​ទូទាត់​វិក្កយបត្រ​នៅក្នុង​ធនាគារ​មួយ។ ខណៈដែល​អ្នកស្រី​កំពុង​ទូទាត់​ប្រាក់ ស្វាមី​អ្នកស្រី​ក៏​ចាប់ផ្ដើម​ផ្ទៀង​លេខឆ្នោត។ ពេល​ត្រលប់​មកកាន់​រថយន្ត ស្រាប់តែ​ស្វាមី​បាន​ប្រាប់​អ្នកស្រី​ថា «យើង​ត្រូវ​ឆ្នោត​ហើយ!»។ ពួកគេ​ត្រូវ​ឆ្នោត​ដែលមាន​តម្លៃ​ដល់​ទៅ 60 លាន​ដុល្លារ​អាមេរិក។ នេះ​បើតាម​គេហទំព័រ​ឆ្នោត Ontario ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 25 មករា​កន្លងទៅ។

អ្នកស្រី Pravatoudom ក៏បាន​ស្រែកយំ ដោយសារ​ថា អ្នកស្រី​មិន​នឹកស្មានថា សុបិន​អាច​ក្លាយជា​ការពិត​យ៉ាង​ដូច្នេះ​សោះ។ ក្នុង​ពិធី​ប្រគល់​រង្វាន់​ឆ្នោត អ្នកស្រី​ប្រាប់ថា នឹង​ទិញ​ផ្ទះមួយ​ខ្នង ហើយ​ដើរ​ទេសចរណ៍​ជុំវិញ​ពិភពលោក ក្រោយពី Covid-19 បាន​ស្ងប់ស្ងាត់។

បន្ទាប់ពី​បានទទួល​ប្រាក់ អ្នកស្រី​បាន​ទិញ​ពេជ្រ​ជាច្រើន​គ្រាប់​សម្រាប់​ខ្លួនឯង។ អ្នក​ទាំងពីរ​បានគិត​គូរ​គ្នា​រួចហើយ​​ថា នឹង​យកប្រាក់​ខ្លះទៅ​ទូទាត់​បំណុល​ដែល​នៅសល់ និង​ជួយ​ដល់​កូនចៅ​របស់​ពួកគាត់។

អ្នកស្រី Pravatoudom គឺជា​ជនជាតិ​ឡាវ​ដែល​បាន​ទៅ​រស់នៅក្នុង​ប្រទេស​កាណាដា​ជាមួយនឹង​បងប្អូន​ចំនួន 14 នាក់​របស់ខ្លួន កាលពី​ឆ្នាំ 1980។ 40 ឆ្នាំ​កន្លងទៅនេះ អ្នកស្រី និង​ស្វាមី បានធ្វើការ​យ៉ាង​ហត់នឿយ និង​បាន​សន្សំសំច័យ​ប្រាក់​យ៉ាង​លំបាក​ដើម្បី​ចិញ្ចឹមកូន។

ការព្យាយាម​ពិតជា​អាចធ្វើឱ្យ​សុបិន​ក្លាយជា​ការពិត​បាន ក៏ប៉ុន្តែ បើតាម La Reine នេះ​គ្រាន់តែ​ជា​រឿង​ចៃដន្យ​ដ៏​កម្រ​មួយ​តែប៉ុណ្ណោះ ហើយ​ការចាក់​ឆ្នោត​គឺ​ប្រៀបបាន​ទៅនឹង​ការ​រាវរក​ម្ជុល​នៅក្នុង​ព្រែក​យ៉ាង​ដូច្នេះ​ដែរ៕

ប្រភព៖ CNN

Advertisement