វីដេអូ-ផ្ទះសម្រាប់រស់នៅលើផែនដីនា​ពេល​អនាគតកាល៖ សាងសង់​ក្នុង​រយៈ​ពេល​តែ 200ម៉ោង និងកម្មករ 4នាក់ ដោយប្រើម៉ាស៊ីនបោះពុម្ភ 3D

ផ្ទះ​ដីឥដ្ឋ TECLA ដែល​សមស្រប​ជាមួយនឹង​ការថែរក្សា​បរិស្ថាន ត្រូវបាន​សាងសង់ឡើង​ដោយ​ប្រើពេល​ខ្លី និង​ត្រូវការ​កម្លាំង​ពលកម្ម​តែ 4 នាក់ រួម​នឹង​ម៉ាស៊ីន​បោះ​ពុ​ម្ភ​ចំនួន 2 គ្រឿង​ប៉ុណ្ណោះ។

នេះ​មិនមែនជា​ការសាកល្បង​សាង​សង់ផ្ទះ​សម្រាប់​បរិស្ថាន​នៅលើ​ផ្កាយ​ព្រះ​អង្គារ​នោះឡើយ ប៉ុន្តែ​វា​អាចជា​ផ្ទះ​សម្រាប់​​មនុស្ស​រស់នៅ​នាពេល​អនាគត​នៅលើ​ផែនដី។

វា​គឺ TECLA ដែលជា​ប្រភេទ​ផ្ទះ​ត្រូវបាន​សាងសង់​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​ដីឥដ្ឋ។ ម៉ាស៊ីន​បោះ​ពុ​ម្ភ 4D ធ្វើ​ការមិន​ឈប់ឈរ ដើម្បី​បោះ​ពុ​ម្ភ​ផ្ទះ​ដែលមាន​រាង​មូល​នេះ។ ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D ចំនួន 2 គ្រឿង ធ្វើការ​ទន្ទឹមគ្នា ក្នុងពេល​តែមួយ និង​ចំណាយពេល​ត្រឹមតែ 200 ម៉ោង ដើម្បី​សាងសង់​ផ្ទះមួយ​ខ្នង។

ផ្ទះ​ដីឥដ្ឋ TECLA នាពេល​អនាគត

វិស្វករ Ailberto Chiusoli នៃ​ក្រុមហ៊ុន Crane Wasp ដែលជា​អ្នក​អភិវឌ្ឍ​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D បានឱ្យដឹងថា «យោងតាម​គោលដៅ​អភិវឌ្ឍ​ចេរភាព​របស់​អង្គការសហប្រជាជាតិ (UN) វិធី​ប្រើប្រាស់​បច្ចេកទេស​បុរាណ​ត្រូវតែ​ប្ដូរ​ទៅជា​វិធីសាស្ត្រ​ចិ​រ​ភាព និង​មាន​ពណ៌​បៃតង​ជាង​មុន»។

Ailberto Chiusoli បន្តថា៖ «យើង​ជឿជាក់ថា ការបោះ​ពុ​ម្ភ 3D គឺជា​ចម្លើយ​សម្រាប់​គោលដៅ​ខាងលើ។ នេះ​គឺ​ជា​​វិធីសាស្ត្រ​ល្អ ប្រកបដោយ​ប្រសិទ្ធភាព និង​សន្សំសំច័យ​ធនធាន»។

ផ្ទះ​ដីឥដ្ឋ TECLA នាពេល​អនាគត

ដំណាក់កាល​នៃ​សាងសង់​ក៏​មិនសូវ​ប៉ះពាល់​ដល់​បរិស្ថាន ដោយសារ​ប្រើប្រាស់​ប្រភព​ដី​នៅក្នុង​តំបន់ លាយ​ជា​មួយនឹង​សំណល់​ដែល​បានមកពី​ការដាំ​ស្រូវ និង​វត្ថុ​ធាតុ​រក្សា​លំនឹង​ដើម្បី​បង្កើន​ភាព​ធន់ និង​ប្រសិទ្ធភាព​ក្នុងការ​ទប់​ទល់​នឹង​ទឹក។

តំណាង​ក្រុមហ៊ុន Crane Wasp ឱ្យដឹងថា ការគ្រប់គ្រង​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D ទាំង 2 គ្រឿង​នេះ ត្រូវការ​មនុស្ស​តែ 4 នាក់​ប៉ុ​ណ្នោះ៕

ប្រភព៖ Amaze Lab

Advertisement