គេ​ភ័យ​នឹង​រដ្ឋប្រហារ ឯ​នាង​ជា​គ្រូបង្វឹក​កីឡា បែរជា​រាំ​យ៉ាង​សង្ហា​តាម​ចង្វាក់ភ្លេង​ទៅវិញ

នារី​ជនជាតិ​មី​យ៉ាន​ម៉ា​ម្នាក់​មាន​ឈ្មោះថា Wai កំពុងតែ​ធ្វើឱ្យ​កក្រើក​បណ្ដាញ​សង្គម ដោយសារតែ​វីដេអូ​ដែល​បង្ហាញថា នាង​រាំ​តាម​ចង្វាក់ភ្លេង aerobic យ៉ាង​ក្លាហាន ក្នុងពេល​កងទ័ព​មី​យ៉ាន​ម៉ា​កំពុង​ធ្វើ​រដ្ឋប្រហារ។

ក្រូបង្វឹក​ផ្នែក​លំ​ហាត់ប្រាណ ឈ្មោះ Khing Hnin Wai កាលពី​ថ្ងៃទី 1 មករា បាន​បង្ហោះ​វីដេអូ​នៅលើ Facebook ដែល​បង្ហាញ​អំពី​សកម្មភាព​ដែល​នាង​កំពុង​រាំ​ហាត់ប្រាណ​នៅ​ខាងក្រៅ​អគារ​មួយ ក្នុង​គ្រា​ដែល​ក្បួន​រថយន្ត​របស់​កងទ័ព​កំពុងធ្វើដំណើរ និង​ទិដ្ឋភាព​រណាំង​ដែក​កំពុង​ត្រូវ​បានដាក់​បញ្ឈរ​ក្រោយខ្នង​របស់​នាង។ នេះ​ក៏​ជា​ពេលដែល​កងទ័ព​មី​យ៉ាន​ម៉ា កំពុង​ធ្វើ​រដ្ឋប្រហារ និង​ចាប់ខ្លួន​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi និង​ប្រធានាធិបតី រួម​នឹង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត​របស់​រដ្ឋាភិបាល។

ក្នុង​រយៈពេល​ប្រហែល 3 នាទី នាង Wai ហាក់​មិន​បានដឹង​អំពី​ហេតុការណ៍​មិន​ប្រក្រតី​ដែល​កំពុង​កើតឡើង​នៅក្រោយ​ខ្នង ហើយ​នាង​នៅតែ​បន្ត​ចាក់​ក្បាច់​រាំ​តាម​ចង្វាក់​តន្ត្រី​ធ្វើ​ព្រងើយ។ មនុស្ស​ជាច្រើន​មានការ​សង្ស័យ​អំពី​វីដេអូ​នេះ ប៉ុន្តែ ក្រោយមក នាង Wai បានបញ្ជាក់​ឱ្យដឹងថា នាង​ពិតជា​គ្រូបង្វឹក​ដែល​បាន​ថត​វីដេអូ​រាំ​តាម​ចង្វាក់ aerobic នៅ​ទីតាំង​នេះ​ប្រាកដ​មែន។

វីដេអូ​របស់ Wai ដែល​បាន​បង្ហោះ​នៅលើ Facebook ទទួលបាន​ការ​ចុច​ចូលចិត្ត​ជាង 36,000 លើក និង​មតិ​ជាង 1,600 ដង រួម​នឹង​ការចែករំលែក​ជាង 12,000 ដង​ផងដែរ។

សូមបញ្ជាក់ថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ដែល​កំពុង​កាន់អំណាច​របស់​ទីប្រឹក្សា​រដ្ឋ​នៃ​ប្រទេស​មី​យ៉ាន​ម៉ា លោកស្រី Aung San Suu Kyi ទទួលបាន 346 ក្នុងចំណោម​អាសនៈ​ចំនួន 412 នៅ​សភាជាតិ ក្រោយ​ការបោះឆ្នោត​នៅ​ចុងឆ្នាំ 2020។ ប៉ុន្តែ កងទ័ព​មី​យ៉ាន​ម៉ា​បាន​ចោទថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត​ចំនួន​ជាង 10 លាន​ករណី និង​ស្នើឱ្យ​គណកម្មការ​រៀបចំ​ការ​បោះឆ្នោត ប្រកាស​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដើម្បី​ពិនិត្យឡើងវិញ ប៉ុន្តែ​ត្រូវបាន​បដិសេធ។

ប្រការ​ខាងលើ​នេះហើយ ជា​លេស​មួយ​ដែល​ត្រូវបាន​កងទ័ព​ប្រើប្រាស់​ដើម្បី​រដ្ឋប្រហារ និង​បានប្រកាស​អាសន្ន​ទូទាំងប្រទេស​ដើម្បី​គ្រប់គ្រង​អំណាច​ក្នុង​រយៈពេល​មួយឆ្នាំ។ ក្រោយមក កងទ័ព​ក៏បាន​ដកតំណែង​រដ្ឋមន្ត្រី និង​អនុរដ្ឋមន្ត្រី​ចំនួន 24 រូប​របស់​បក្ស NLD ហើយ​បានតែងតាំង​ជំនួស​ដោយ​មនុស្ស​ចំនួន 11 នាក់ ឱ្យ​កាន់កាប់​ក្រសួង​មួយចំនួន ដូចជា ក្រសួង​ហិរញ្ញវត្ថុ សុខាភិបាល ព័ត៌មាន ការបរទេស និង​ក្រសួងការពារជាតិ រួម​នឹង​ក្រសួងមហាផ្ទៃ​និង​ការពារ​ព្រំដែន​ផងដែរ៕

ប្រភព៖ Sputnik

Advertisement