រកឃើញ​ជីវិត​នៅក្នុង​ជម្រៅ 900ម៉ែត្រ ក្រោម​ស្រទាប់​ទឹកកក​នៅ​ប៉ូល​ខាងត្បូង

ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ទម្រង់​ជីវិតចម្លែកៗដែល​ស្ថិតនៅ​ខាងក្រោម​នៃ​បាត​ទឹកកក​នៅ​ប៉ូល​ខាងត្បូង​របស់​ភពផែនដី និង​មាន​ចម្ងាយ​ប្រមាណ 260 គីឡូម៉ែត្រ​ពី​សមុទ្រ។

ក្រុម​អ្នកស្រាវជ្រាវ​របស់​ប្រទេស​អង់គ្លេស​ប្រចាំ​នៅ​ប៉ូល​ខាងត្បូង​នៃ​ភពផែនដី បាន​រកឃើញ​សត្វ​ជាច្រើន​នៅពេល​ពួកគេ​កំពុង​ប្រមូល​សំណាក​នៃ​ស្នូល​ដីល្បាប់​ពី​ខាងក្រោម​ផ្ទាំង​ទឹកកក Filchner-Ronne។ ពេល​ខួង​ដល់​ជម្រៅ 900 ម៉ែត្រ​ក្រោម​ផ្ទាំង​ទឹកកក ក្បាល​ខួង​របស់​ពួកគេ​ក៏បាន​ប៉ះ​នឹង​ថ្ម pebble។ កាមេរ៉ា​ដែល​ភ្ជាប់​នៅលើ​ក្បាល​ខួង​បាន​បង្ហាញថា មាន​បណ្ដុំ​សត្វ​មាន​ជិវិត​កំពុងតែ​តោង​ជាប់​នឹង​ផ្ទៃ​របស់​ថ្ម។

បណ្ដុំ​សត្វ​ទាំងនេះ​គឺជា​ប្រភេទ​មិន​ផ្លាស់​ទី ដូច​ទៅនឹង​ប្រភេទ sponges ប៉ុន្តែ ពួកវា​ទំនងជា​ប្រភេទ​ផ្សេង​ដទៃទៀត​ដែល​មនុស្ស​មិនទាន់បាន​ស្គាល់។ យោងតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ដែល​ត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 15 កុម្ភៈ នៅលើ​ទស្សនាវដ្ដី Frontiers in Marine Science ការរកឃើញ​ខាងលើនេះ រួមចំណែក​ក្នុងការ​យល់ដឹង​របស់​មនុស្ស​អំពី​ជីវិត​នៅលើ​ផែនដី។

ការរុករក​មុននេះ​ក៏​ធ្លាប់បាន​ប្រទះឃើញ​សត្វ​មួយចំនួន​ដែល​ស៊ី​ចំណីរ​លួច​ជា​អាហារ និង​សត្វ​ស៊ីសាច់​ប្រភេទតូចៗដែល​ផ្លាស់​ទី​ស្រដៀង​នឹង​ត្រី ជន្លេន និង​កំពឹស ឬ​លៀស។ ប៉ុន្តែ ការរកឃើញ​លើក​នេះ​ពិតជា​គួរឱ្យភ្ញាក់ផ្អើល ព្រោះថា សត្វ​ទាំងនេះ​មិនអាច​ផ្លាស់​ទីនោះ​ទេ ពោលគឺ​ពួកវា​នៅ​មួយកន្លែង។ ក្រៅពីនេះ ពួកវា​ក៏​នៅ​សែនឆ្ងាយ​ពី​ផ្ទៃ​ទឹក និង​ពន្លឺព្រះអាទិត្យ។ ពួកវា​រស់នៅក្នុង​ភាព​ងងឹត​ទាំងស្រុង និង​មាន​សីតុណ្ហភាព -2.2 អង្សា​សេ។

សត្វ​ sponges នៅ​បាត​សមុទ្រ

ការស្រាវជ្រាវ​បង្ហាញថា សត្វ​ខាងលើ​រស់នៅ​ឆ្ងាយ​ពី​ប្រភព​រស្មី​សំយោគ​ដែល​នៅ​ជិត​បំផុត ប្រមាណ​ជា 1,500 គីឡូម៉ែត្រ។ ប្រការ​នេះហើយ ធ្វើឱ្យ​ក្រុម​អ្នកស្រាវជ្រាវ​ចោទ​ជា​សំណួរ​ថា «តើ​ពួកវា​ប្រមូល​ថាមពល​ពន្លឺ និង​សារធាតុ​បំប៉ន​បាន​ពី​ណា?»។

បណ្ឌិត Huw Griffiths ប្រធាន​ក្រុម​ស្រាវជ្រាវ​ខាងលើ បានឱ្យដឹងថា៖ «ការរកឃើញ​នេះ​បង្ហាញថា ជីវិត​នៅ​ប៉ូល​ខាងត្បូង​ពិតជា​ពិសេស​អស្ចារ្យ និង​មាន​ភាពស៊ាំ​ដ៏​ល្អឥតខ្ចោះ​ជាមួយនឹង​ពិភព​ទឹកកក។

ដើម្បី​បាន​យល់​អំពី​ដំណើរការ​នៃ​ការចិញ្ចឹម​ជីវិត​របស់​សត្វមានជីវិត​ទាំងនោះ ក្រុម​អ្នកស្រាវជ្រាវ​ត្រូវការ​ពេលវេលា​ច្រើន​ទៀត​ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម៕

ប្រភព៖ Live Science

Advertisement