ទ្រព្យ​ចូលដល់​ក្នុង​មាត់! កំពុង​ហូប​ខ្យង ស្រាប់តែ​ក្លាយជា​អ្នកមាន​មួយ​រំពេច ដោយសារ​ខាំ​ចំ​ទ្រព្យ​​តម្លៃ​​រាប់​សែន​​ដុល្លារ​​អាមេរិក

អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ម្នា​ក់នៅ​ប្រទេស​ថៃ បាន​ប្រទះឃើញ​ទ្រព្យ​ដ៏​មានតម្លៃ​មួយ ដែល​ជួយ​ឱ្យ​គាត់​រកបាន​រាប់សែន​ដុល្លារ​អាមេរិក នៅពេល​កំពុង​ហូប​ខ្យង​ស្ងោរ​ជាមួយ​ប្រពន្ធ និងកូន។

សារព័ត៌មាន Daily Mail បានចេញ​ផ្សាយ​ថា បុរស​ឈ្មោះ Monthian Jansul អាយុ 40 ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​នៅ​ខេត្ត Chonburi ប្រទេស​ថៃ ទើបតែ​បាន​ប្រទះឃើញ «កំណប់» ដ៏​មានតម្លៃ​មួយ​នៅពេល​កំពុង​ទទួលទាន​អាហារ​ថ្ងៃត្រង់។

ថ្ងៃទី 10 កុម្ភៈ លោក Monthian បាន​ទៅ​ផ្សារ​ទិញ​អាហារ​សមុទ្រ​មក​ធ្វើ​ម្ហូប ក្នុងនោះ​ក៏មាន​ខ្យល​ធំ​មួយ​ក្បាល​តម្លៃ 50 បាត (ប្រហែល 6,700 រៀល)។

មកដល់​ផ្ទះ លោក Monthian និង​ភរិយា​ក៏បាន​នាំគ្នា​ធ្វើ​ម្ហូប។ ក្នុងពេល​កំពុង​ញ៉ាំ កូនប្រុស​របស់ Monthian ក៏​ខាំ​ចំ​វត្ថុ​រឹង​មួយ​គ្រាប់​ដែលមាន​រូបរាង​មូល​ដូច​ពងត្រី ប៉ុន្តែ​មាន​ទំហំ​ធំ។ គ្រាប់​ចម្លែក​នេះ​មាន​ពណ៌​ទឹកក្រូច​ដ៏​ស្រស់ស្អាត និង​មាន​ទម្ងន់​ជាង 7 ក្រាម។

ដំបូង​ឡើយ ពួកគេ​គិតថា វា​គឺជា​ពង​របស់​ព្យ​ង និង​មិនបាន​ចាប់អារម្មណ៍​អ្វី​សោះ។ ប៉ុន្តែ មួយ​រំពេច​ក្រោយមក លោក Monthian ក៏​ចាប់ផ្ដើម​សង្ស័យ និង​គិតថា វា​អាចជា​គជ់ខ្យង។ គាត់​ក៏បាន​ដើរ​ស្វែងយល់ និង​សួរ​អ្នកជិតខាង ហើយ​ក៏បាន​សន្និដ្ឋានថា វា​អាចជា​គជ់ខ្យង Melo ជា​គជ់ខ្យង​ដ៏​កម្រ​មួយ​ប្រភេទ និង​មានតម្លៃ​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក។

«នេះ​គឺជា​របស់​ដែល​ពួកយើង​មិន​ធ្លាប់​បានឃើញ​កន្លងមក។ ខ្ញុំ​ជឿថា យើង​អាច​រកបាន​ប្រាក់​ច្រើន​ពី​គ្រាប់​គជ់​នេះ និង​មាន​អារម្មណ៍​ថា ពិតជា​សំណាង» លោក Monthian ថ្លែង​ដូច្នេះ។

គជ់ខ្យង Melo កកើតឡើង​នៅក្នុង​សម្បកខ្យង​សមុទ្រ​មួយ​ប្រភេទ​ដែល​គេ​ហៅថា Melo Melo។ គជ់​ប្រភេទ​នេះ​មិនអាច​ផលិត​បាន​ដោយ​បច្ចេកទេស​ចិញ្ចឹម​បែប​សិប្បនិម្មិត​នោះឡើយ ដោយ​វា​កកើត​តែ​ពី​ធម្មជាតិ និង​កម្រ​ត្រូវបាន​រកឃើញ​ខ្លាំងណាស់ ដូច្នេះហើយ​ទើប​វា​មានតម្លៃ​ថ្លៃ។ ខ្យង Melo Melo នេះ មាន​ច្រើន​នៅ​សមុទ្រ​ថៃ មី​យ៉ាន​ម៉ា កម្ពុជា និង​វៀតណាម។

គជ់ខ្យង Melo មាន​ច្រើន​ពណ៌ ដូចជា ពណ៌​ទឹកក្រូច ពណ៌​លឿងទុំ និង​ពណ៌​ប្រផេះ។ ប៉ុន្តែ ពណ៌​ទឹកក្រូច​ដូច​ទៅនឹង​ពណ៌​គជ់​ដែល​លោក Monthian បាន​ប្រទះឃើញ​គឺមាន​តម្លៃ​ថ្លៃ​ជាងគេ ព្រោះ​ក្នុងចំណោម​រាប់ពាន់​ក្បាល​គឺមាន​តែមួយ​ក្បាល​ប៉ុណ្ណោះ​ដែលមាន​គជ់។

នៅ​ប្រទេស​ថៃ កាលពី​ខែ​មុន អ្នកនេសាទ​ម្នាក់​ឈ្មោះ Hatchai Niyomdecha នៅ​ខេត្ត Nakhon Si Thammarat ក៏បាន​ប្រទះឃើញ​គជ់​ខ្យល់ Melo ពណ៌​ទឹកក្រូច​មួយគ្រា​ប់​ផងដែរ ដែល​វា​មាន​ទម្ងន់ 7.68 ក្រាម និង​លក់​ក្នុងតម្លៃ​ដល់​ទៅ 10 លាន​បាត (ស្មើនឹង 333,000 ដុល្លារ​អាមេរិក)៕

ប្រភព៖ Daily Mail

Advertisement