កក់ក្ដៅ​បេះដូង! រូបភាព​រៀបការ រវាង​អា​ម៉ា​នឹង​អ្នក​កំលោះ​ជំនាន់​ចៅ ដែល​បង្កប់​ដោយ​រឿងរ៉ាវល្អៗជាច្រើន

កាលពីពេលថ្មីៗនេះ មានការ​ចែក​រំំ​លែ​ក​រូបភាព លោកយាយ​ម្នាក់​គ្រង​ឈុត​អាពាហ៍ពិពាហ៍ ថត​ទន្ទឹមគ្នា​នឹង​អ្នក​កំលោះ​រូប​សង្ហា​ជំនាន់​ចៅ​ម្នាក់ ទៅ​ទូទាំង​ពិភព​អន​ឡាញ​របស់​ប្រទេស​ចិន ដោយនៅ​ពីក្រោយ​រូបភាព​ទាំងនោះ មាន​បង្កប់​ដោយ​រឿងរ៉ាវ ដ៏​សែន​កក់ក្ដៅ​បេះដូង​ជាច្រើន។

អ្នក​កំលោះ​ម្នាក់នេះ មាន​ឈ្មោះថា ចាង ចៀ​កាំ​ង ជា​មន្ត្រី​ពន្លត់​អគ្គិភ័យ​នៅ​តំបន់​ហ្វឹ​ន​អ៊ី មណ្ឌល​ចៀង​ស៊ី អាយុ 24ឆ្នាំ ចំណែក​លោកយាយ មាន​ឈ្មោះថា ថាំង សៃ​អ៊ីង អាយុ 85ឆ្នាំ។ ទាំង 2នាក់ មាន​អាយុ​ខុសគ្នា 61ឆ្នាំ តែ​នេះ​មិនមែនជា​អាយុ​ខុសគ្នា​របស់​គូស្នេហ៍​ទេ តែ​ជា​អាយុ​ខុសគ្នា​របស់​យាយ និង​ចៅ​ទៅវិញ​ទេ។

ចាង រៀបរាប់ថា លោកយាយ​ថាំង តែងតែ​រើស​ក្មេង​ដែល​ត្រូវគេ​បោះបង់ចោល​នៅក្នុង​មន្ទីរពេទ្យ យកមក​ចិញ្ចឹម…បើ​ក្មេង​ណា​ម្នា​ក់មាន​រាងកាយ​រឹងមាំ លោកយាយ​នឹង​បញ្ជូនទៅ​មណ្ឌលកុមារ​កំព្រា ឬ​ស្វែងរក​អ្នកទទួល​ចិញ្ចឹម​ធ្វើជា​កូនធម៌ តែបើ​ក្មេង​ណា មាន​រាងកាយ​ទន់ជ្រាយ លោកយាយ​នឹង​ចិញ្ចឹម​មើលថែទាំ​ដោយ​ខ្លួនឯង ហើយ ចាង ក៏​ជា​ក្មេង​ម្នាក់​ដែលមាន​សុខភាព​ទន់ជ្រាយ​ដែរ។

លោកយាយ និង​ស្វាមី បាន​ជួយ​គ្នា​ចិញ្ចឹម​មើលថែ​ក្មេង​កំព្រា​ដល់​ទៅ 6នាក់ ទាំង​លោកយាយ​ខ្លួនឯង ក៏មានកូនៗបង្កើត​ដល់​ទៅ 5នាក់​ទៀត​ដែរ តែ​លោកយាយ​នៅតែមាន​ដួងចិត្ត​ដ៏​សែន​ល្អ​ប្រពៃ ចិញ្ចឹម​មើលថែទាំ​ពួកគេ ប្រៀបដូចជា​កូនបង្កើត​ដូច្នោះ​ដែរ។

ចំណែក​ថ្លៃ​ចាយវាយ​ក្នុងការ​ចិញ្ចឹម​មើលថែ លោកយាយ​បានមកពី​ប្រាក់ខែ​ចូលនិវត្តន៍ និង​ការលក់​បន្លែ ដែល​ប្រាកដ​ណាស់​ថា ការចិញ្ចឹម​គ្រួសារ​ដ៏​ធំ​មួយ ច្បាស់​ជាមាន​ការលំបាក​ខ្លាំង​មិន​ខាន។ មានពេលខ្លះ​ខ្វះខាត​លុយកាក់ តែ​សំណាងល្អ​ដែរ ដែល​ខាង​អង្គភាព​ពន្លត់​អគ្គិភ័យ​ក្នុង​តំបន់​ហ្វឹ​ន​អ៊ី បានដឹង​រឿងនេះ ក៏បានផ្ដល់​អាហារូបករណ៍​ការសិក្សា ឱ្យ​ចាង និង​ប្អូនស្រី រយៈពេល 10ឆ្នាំ ដែល​ទោះជា​ក្រោយមក មានការ​ប្រែប្រួល​កិច្ចការ​ផ្ទៃក្នុង របស់​ស្ថាប័ន​ក្ដី តែ ក៏​អង្គភាព​ពន្លត់​អគ្គិភ័យ នៅតែ​ផ្ដល់​ការឧបត្ថម្ភ រហូតដល់ ចាង​បញ្ចប់​ការសិក្សា​កម្រិត​មធ្យមសិក្សា ចំណែក​ប្អូនស្រី ចប់​វិទ្យាល័យ។

ការជួយ​យកអាសា​ក្នុង​គ្រានោះ ប្រៀបដូចជា​ការបណ្ដុះ​គ្រាប់ពូជ​នៅក្នុង​បេះដូង​របស់​ចាង​ដូច្នោះ​ដែរ… ក្រោយ​រៀន​ចប់ គេ​សម្រេចចិត្ត​ចូលរួម​ក្នុង​កងទ័ព​បម្រើ​ប្រទេសជាតិ បន្ទាប់ពីនោះ ក៏​ចូលរួម​ជាមួយ​អង្គភាព​ពន្លត់​អគ្គិភ័យ។ គេ​ទទួលស្គាល់ថា ការធ្វើការ​នៅក្នុង​អង្គភាព​ពន្លត់​អគ្គិភ័យ ពិបាក​ខ្លាំង​ជាង​ការ​នឹកស្មាន​ទៅទៀត តែ​គេ​បានគិត​ជាប់​ជានិច្ច​ថា វា​គឺជា​ការបម្រើ​ប្រជាជន ទើប​មិនដែល​នឹក​សោកស្ដាយ​ចំពោះ​ការសម្រេចចិត្ត​នេះឡើយ។

“លោកយាយ បានផ្ដល់​ជីវិត​ទី2 ដល់​ខ្ញុំ ចំណែក​អង្គភាព​ពន្លត់​អគ្គិភ័យ បានផ្ដល់​ជីវិត​ទី3 ដល់​ខ្ញុំ”

ពេលនេះ ចាង មិនសូវ​បាន​នៅក្បែរ​លោកយាយ​ថាំង​ប៉ុន្មាន​ឡើយ ដោយសារតែ​កាលវិភាគ​ការងារ​ដ៏​មមាញឹក តែ​បើសិនជា​ថ្ងៃ​ណា មាន​ពេលទំនេរ គេ​តែង​នាំ​លោកយាយ​ចេញទៅ​ដើរ​កម្សាន្ត​ជានិច្ច។ គេ​និយាយថា លោកយាយ​ជាម​នុស្ស​ស្រឡាញ់​ភាពស្រស់ស្អាត​ខ្លាំងណាស់ តែ ដោយសារតែ​ត្រូវ​មើលថែទាំ​ក្រុមគ្រួសារ ធ្វើឱ្យ​លោកយាយ​មិនមាន​ឱកាស​បាន​មើលថែទាំ​ខ្លួនឯង និង​ដែល​សំខាន់​នោះ គឺ​លោកយាយ មិនដែល​ធ្លាប់បាន​ស្លៀក​ឈុត​រៀបការ​ម្ដងណា​ឡើយ​ក្នុង​មួយជីវិត​នេះ។

ដូច្នេះហើយ​ទើប ចាង រៀបចំ​ធ្វើ​ស៊ើ​ផ្រៃ​ស៍ ដោយ​ការថតរូប “ព្រី​វេដ​ឌី​ង” ជូន​លោកតា និង​លោកយាយ​ថាំង តែ ថ្ងៃនោះ លោកតា​មិន​អាចម​កបាន ដោយសារតែ​មូលហេតុ​ខាង​សុខភាព ហើយ​គេ​ក៏​មិន​ចង់ឱ្យអ្វីៗដែល​បាន​ត្រៀម​រួចហើយនោះ ខាតបង់ទទេៗដែរ ក៏​ស្លៀក​ឈុត​ឯកសណ្ឋាន ហើយ​ថតរូប​កំដរ​លោកយាយ។

នៅពេល​ឃើញ​រូបថត​ភ្លាម លោកយាយ​រាងអៀនៗបន្តិច​ដែរ តែ​ក៏មាន​សេចក្ដីសុខ​យ៉ាងខ្លាំង។

ចាង និយាយថា គេ​ពេញចិត្ត​ចំពោះ​ជីវិត​ក្នុង​ពេលនេះ​ខ្លាំងណាស់ ក្ដី​ប្រាថ្នា​របស់គេ គឺ​លោកយាយ​ថាំង​មាន​សុខភាព​រឹងមាំ មាន​ពេលវេលា​រស់នៅ​ជាមួយគ្នា​កាន់តែ​ច្រើនឡើង ហើយ​គេ​ថែមទាំង​បាន​លើកតម្កើង​ទឹកចិត្ត​របស់លោក​យាយ​យ៉ាងខ្លាំង ដែល​ទោះជា​លោកយាយ រៀន​ចប់​ត្រឹមតែ​ថ្នាក់​បឋម​មែន តែ​លោកយាយ​មាន​ដួងចិត្ត​ដ៏​ល្អ​ស្រស់ ពោរពេញ​ដោយ​ការផ្ដល់ឱ្យ…”ទោះជា​លោកយាយ​មាន​មាឌតូច​មួយ​មែន តែ​លោកយាយ​អាចធ្វើ​រឿង​ជាច្រើន​បាន ដោយ​បេះដូង​ដ៏​រឹងមាំ​របស់​លោកយាយ”

ប្រភព៖ worldofbuzz

ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

Advertisement