កុមារី​ម្នាក់​ត្រូវ​គ្រូ​ចាប់​ខ្មោច​វាយ​រហូតដល់​ស្លាប់ នៅក្នុង​ពិធី​បណ្ដេញ​ព្រលឹង​បិសាច

កុមារីម្នាក់ត្រូវគ្រូចាប់ខ្មោចវាយរហូតដល់ស្លាប់ នៅក្នុងពិធីបណ្ដេញព្រលឹងបិសាច
ក្រុមនគរបាលរបស់ស្រីលង្កា ចុះដល់កន្លែងកើតហេតុកាលពីថ្ងៃទី 28 កុម្ភៈ

ក្មេងស្រី​ម្នាក់​អាយុ 9 ឆ្នាំ​ម្នាក់ ត្រូវ​ម្ដាយ និង​គ្រូមន្តអាគម​វាយតប់​ជា​បន្តបន្ទាប់​រហូត​នាំឱ្យ​បាត់បង់​ជីវិត ក្នុងពេល​ពួកគេ​ធ្វើ​ពិធី «ប្ដូរ​ព្រលឹង» នៅ​ទីរួមស្រុក Delgoda នៃ​ប្រទេស​ស្រីលង្កា។

នគរបាល​ស្រីលង្កា កាលពី​ថ្ងៃទី 1 មីនា បានឱ្យដឹងថា បាន​ចាប់ខ្លួន​ជនសង្ស័យ 2 នាក់ ដែល​ទាក់ទិន​នឹង​ការស្លាប់​របស់​ក្មេងស្រី​ខាងលើ រួមមាន គ្រូមន្តអាគម និង​ម្ដាយ​របស់​កុមារី​នេះ។ ជនសង្ស័យ​ទាំង 2 នាក់​នេះ ត្រូវបាន​គេ​ជឿថា បាន​វាយតប់​កុមារី​រងគ្រោះ​រហូតដល់​បាត់បង់​ជីវិត នៅក្នុង​ពិធី​បណ្ដេញ​ព្រាយ​បិសាច​នៅក្នុង​ទីរួមស្រុក Delgoda មាន​ចម្ងាយ​ពី​រដ្ឋធានី Colombo ប្រមាណ 40 គីឡូម៉ែត្រ​ទៅ​ទិសឦសាន កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។

តុលាការ​បានចេញ​បញ្ជា​ឱ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​លើ​ជនសង្ស័យ​រហូតដល់​ថ្ងៃ​កាត់ក្ដី​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី 12 មីនា​ខាងមុខ។ Ajith Rohana អ្នកនាំពាក្យ​របស់​នគ​របាល​ក្នុង​តំបន់ ឱ្យដឹងថា ម្ដាយ​របស់​កុមារី​រងគ្រោះ​ជឿថា កូនស្រី​របស់ខ្លួន​ត្រូវ​ខ្មោច​ចូល ទើបបាន​នាំ​នាង​ទៅ​ជួប​គ្រូមន្តអាគម​ដើម្បី «បណ្ដេញ​ព្រលឹង​ខ្មោច»។

Ajith Rohana បន្ថែមថា ដំបូង គ្រូ​ចាប់​ខ្មោច​បាន​លាប​ប្រេងខ្យល់​លើ​ដងខ្លួន​របស់​កុមារី​នេះ ហើយ​ក្រោយមក​ក៏​យក​រំពាត់​វាយ​នាង​រហូតដល់​សន្លប់។ ក្មេងស្រី​រងគ្រោះ​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់ ប៉ុន្តែ មិនបាន​ប៉ុន្មាន​ម៉ោង​ក៏បាន​ដាច់ខ្យល់​ស្លាប់។ នគរបាល​បានធ្វើ​កោសល្យវិច័យ​សាកសព​កាលពី​ថ្ងៃទី 1 មីនា។

ប្រភពព័ត៌មាន​ពី​ប៉ូលិស​ឱ្យដឹងថា គ្រូ​ចាប់​ខ្មោច​នេះ បាន​ចូលរួម​ធ្វើ​ពិធី​បណ្ដេញ​ព្រលឹង​ខ្មោច​ព្រាយ​បិសាច​ជា​ញឹកញាប់​ក្នុងអំឡុង​ច្រើន​ខែ​ចុង​ក្រោយនេះ។ ប៉ូលិស​កំពុង​ស្រាវជ្រាវ​បន្ត​ដើម្បី​ឱ្យដឹងថា តើ​មាន​អ្នកណា​ទៀត​ដែលជា​ជនរងគ្រោះ​នៃ​ពិធី​ឆ្កួត​ឡប់​នេះដែរ ឬ​អត់៕

ប្រភព៖ AP
ប្រែ​សម្រួល៖ បុត្រា

Advertisement