មហាសេដ្ឋី​លេខ​មួយ​នៅ​ប្រទេស​ថៃ ​កំពុង​ប្រមូល​ទិញ​សណ្ឋាគារ​​​ទាំង​ឡាយ​​ដែល​​កំពុង​ «ត្រដរខ្យល់»

មហា​សេដ្ឋី​ថៃ លោក charoen sirivadhanabhakdi

ជាមួយនឹង​គម្រោង​នេះ មហាសេដ្ឋី​ថៃ លោក Charoen Sirivadhanabhakdi សង្ឃឹមថា វិស័យ​ទេសចរណ៍​នឹង​ងើបឡើង​ខ្ពស់​ជាថ្មី​នៅក្នុង​ប្រទេស​នេះ​នាពេលខាងមុខ។

សារព័ត៌មាន Bloomberg បានឱ្យដឹងថា Asset World Corp. ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​មហា​សេដ្ឋី​លំដាប់​លេខ​មួយ​នៅ​ប្រទេស​ថៃ លោក

Charoen Sirivadhanabhakdi កំពុងមាន​ផែន​ការប្រមូលទិញ​សណ្ឋាគារ​ជាច្រើន​ដែល​កំពុង «ដកដង្ហើម​ចង្រិត» នៅ​ប្រទេស​នេះ ដោយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា វិស័យ​ទេសចរណ៍​របស់​ប្រទេស​ថៃ​នឹង​ក្រោកឈរ​ជាថ្មី​នៅពេល​បើកទ្វារ​ទទួលភ្ញៀវ​ទេសចរណ៍​បរទេស​ឡើងវិញ។

បច្ចុប្បន្ននេះ ប្រទេស​ថៃ​មាន​សណ្ឋាគារ​ជាង 100 កំពុង​ត្រូវបាន​ដាក់លក់ ហើយ «តួលេខ​នេះ​កើន​ឡើងជា​រៀងរាល់ថ្ងៃ» នេះ​បើតាម Vanden Auweele នាយក​ផ្នែក​សណ្ឋាគារ​របស់ Asset World Corp។ ក្រុមហ៊ុន TTC Group របស់​មហាសេដ្ឋី​ថៃ Charoen Sirivadhanabhakdi បច្ចុប្បន្ន​កាន់កាប់​ភាគហ៊ុន​ភាគច្រើន​របស់ Asset World Corp។

ឆ្នេរ​ Patong របស់​ Phuket កាល​ពី​​ខែ​តុលា​ 2020

Vanden Auweele បាន​បង្ហើប​ឱ្យដឹងថា ក្នុង​ខែ​នេះ Asset World បាន​ទិញ​សណ្ឋាគារ​មួយ​នៅលើ​កោះ​មួយ​របស់​ទីក្រុង​ Pattaya ព្រមទាំង​មាន​គម្រោង​ទិញ​បន្ថែមទៀត។

សេដ្ឋកិច្ច​ប្រទេស​ថៃ​ដែល​ធ្លាប់តែ​អាស្រ័យ​លើ​វិស័យ​ទេសចរណ៍ ទើបតែ​បាន​ឆ្លងកាត់​រយៈពេល​ជាង​មួយឆ្នាំ​ដែល​មិនមាន​វត្តមាន​របស់​ទេស​ចរ​បរទេស នាំឱ្យ​សណ្ឋាគារ និង​ក្រុមហ៊ុន​ទេសចរណ៍​នានា​ត្រូវ​រស់​យ៉ាង​លំបាក។ យោងតាម​សមាគម​សណ្ឋាគារ​របស់​ប្រទេស​ថៃ ស្ថាប័ន​ជាច្រើន​ត្រូវ​បិទទ្វារ ហើយ​ពួកគេ​ទំនងជា​មិនអាច​វិល​ត្រលប់​វិញ​បាន​នៅពេល​ប្រទេស​នេះ​ចាប់ផ្ដើម​បើក​ព្រំដែន​ក្នុង​ឆ្នាំ2021នេះ។

«គម្លាត​រវាង​អ្នកទិញ និង​អ្នកលក់​របស់​សណ្ឋាគារ​ដែល​ត្រូវបាន​ដាក់លក់​នាបច្ចុប្បន្ន កំពុង​ខិតចូល​ជិតគ្នា។ ប្រការនេះ​​មាន​ន័យ​ថា​ សណ្ឋាគារ​បច្ចុប្បន្ន​មានតម្លៃ​សមស្រប​ជាង​មុន» Vanden Auweele ឱ្យដឹង​ដូច្នេះ។ «ជាមួយនឹង​ផលិតផល​ត្រឹមត្រូវ សណ្ឋាគារ​សមរម្យ និង​តម្លៃ​សម​ហេតុផល យើង​ប្រាកដជា​នឹង​ពិចារណា​រាល់​ឱកាស​ដែលមាន»។

Vanden Auweele បង្ហើប​ឱ្យដឹងថា Asset World មាន​គម្រោង​កែប្រែ​សណ្ឋាគារ​ដែល​ទើបបាន​ទិញ​នៅ Pattaya ឱ្យទៅជា​សណ្ឋាគារ​មួយ​ដែលមាន​ឈ្មោះ​ល្បី។ ក្រុមហ៊ុន​នេះ​ក៏​អាច​ទិញ​អចលនទ្រព្យ​បន្ថែមទៀត​តាមរយៈ​ខ្ទង់​វិនិយោគឯកជន​របស់ TCC Group ផងដែរ។

Pattaya កាល​ពី​ខែ​កក្កដា 2019

«វិស័យ​ទេសចរណ៍​របស់​ថៃ​នឹង​វិល​ត្រលប់​មកវិញ​យ៉ាង​លឿន នៅពេល​ព្រំដែន​ត្រូវបាន​បើក​ទាំងស្រុង​ក្នុង​ខែតុលា។ ប៉ុន្តែ ក្រុមហ៊ុន​មួយចំនួន​ដែល​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​នៅមុន Covid-19 នឹងមិន​អាច​រស់​ឡើងវិញ​បានទេ» លោក Vanden Auweele អះអាង​ដូច្នេះ។ «យុទ្ធនាការ​ចម្រាញ់​មួយ​កំពុង​កើតឡើង ហើយ​វា​នឹង​បំបាត់​រាល់​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​រកស៊ី​មិនមាន​ប្រសិទ្ធភាព​មុន​វិបត្តិ​សុខភាព»។

Asset World បច្ចុប្បន្ន​កាន់កាប់​គម្រោង​អចលនទ្រព្យ​ដែលមាន​តម្លៃ​ជាង 50ពាន់​លាន​បាត (ជាង 1.6ពាន់​លាន​ដុល្លារ​អាមេរិក)។ គម្រោង​ភាគច្រើន​ដែល​ត្រូវ​បានប្រកាស​ឱ្យដឹង​មុន​នោះ​របស់ Asset World គឺ​ជាប់ទាក់ទង​នឹង​សណ្ឋាគារ​ចំនួន​បី​ដែល​គ្រោង​នឹង​បើក​ដំណើរការ​នៅក្នុង​ឆ្នាំនេះ ក្នុងនោះ​ក៏មាន​អគារ​ខ្ពស់​ជាងគេ​បង្អស់​នៅ​ប្រទេស​ថៃ ដែល​គ្រោង​នឹង​បុកគ្រឹះ​នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ 2023៕

ប្រភព​៖ Bloomberg
ប្រែសម្រួល​៖ បុត្រា

Advertisement