ថៃ​អនុញ្ញាតឱ្យ​ទេសចរ​បរទេស​ចូល Phuket ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក

ចាប់ពី​ខែកក្កដា ឆ្នាំ 2021 ភ្ញៀវ​ទេសចរណ៍​នឹង​អាចធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ត្រង់​ទៅកាន់​កោះ Phuket ដោយ​​មិនចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក បើសិន​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចហើយ។

ប្រការនេះ​បានបញ្ជាក់​ថា ក្រុមមន្ត្រី​ថៃ​កំពុងតែ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​ដើម្បី​បើកទ្វារ​វិស័យ​ទេសចរណ៍​ឡើងវិញ​នាពេលឆាប់ៗនេះ បន្ទាប់ពី​ត្រូវ​បិទទ្វារ​អស់​មួយ​រយៈពេល​យ៉ាងយូរ​ដោយសារតែ Covid-19។

យោងតាម​សារព័ត៌មាន​ជប៉ុន Nikkei អង្គភាព​តាមដាន​សេដ្ឋកិច្ច​ប្រទេស​ថៃ ជា​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ពិសេស​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី Prayuth Chan-ocha បានលើកឡើង​សេចក្ដីសម្រេច​នេះ​កាលពី​ថ្ងៃទី 26មីនា។ គណៈរដ្ឋមន្ត្រី​ថៃ តាម​ផែនការ​នឹងធ្វើ​ការអនុម័ត​គម្រោង​នេះ​នៅក្នុង​ថ្ងៃទី 30មីនា​ខាងមុខ។

ចាប់ពី​ខែកក្កដា ឆ្នាំ2021 ភ្ញៀវ​ទេសចរណ៍​នឹង​អាចធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ត្រង់​ទៅកាន់​កោះ Phuket ដោយ​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ប៉ុន្តែ​អ្នក​ទេសចរណ៍​នឹងត្រូវ​តែមាន​លិខិត​បញ្ជាក់ថា បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់។

យ៉ាងនេះ​ក្ដី ក្រុមមន្ត្រី​ថៃ​ក៏​កំពុង​ពិចារណា​រក​វិធីសាស្ត្រ​ផ្សេង​ពីនេះ។ ទេសចរ​មិន​ត្រឹមតែ​ត្រូវ​បង្ហាញ​ភ័ស្ដុតាង​ថា ខ្លួន​​បាន​ចាក់​វ៉ាក់សាំង Covid-19 រួចហើយ តែ​ក៏​នៅ​ការ​ត្រូវធ្វើ​តេស្ត PCR នៅពេល​បានមក​ដល់​ភ្លាម។ ក្រៅពីនេះ ភ្ញៀវ​បរទេស​ក៏ត្រូវ​ទាញយក​កម្មវិធី​ទូរស័ព្ទ​ដែល​រដ្ឋាភិបាល​ថៃ​បានដាក់​ឱ្យប្រើ​ប្រាស់​ដើម្បី​បម្រើ​ដល់​ការតាម​ដាន​​ក្នុងករណី​មាន​ទាក់ទង​នឹង​ការឆ្លង Covid-19។

អគ្គលេខា​ក្រុមប្រឹក្សាភិបាល​សេដ្ឋកិច្ច​និង​សង្គម ដែលជា​ស្ថាប័ន​បង្កើត​គោលនយោបាយសំខាន់ៗរបស់​ប្រទេស​ថៃ លោក Danucha Pichayanan ថ្លែងថា៖ «បើសិនជា​ប្រទេស​ថៃ បើកទ្វារ​ទទួល​ទេសចរ​បាន​ឆាប់រហ័ស យើង​នឹង​អាច​បង្កើន​ប្រាក់ចំណូល​បាន​ឆាប់រហ័ស»។

វិស័យ​ដែល​ពាក់ព័ន្ធ​នឹង​ទេសចរណ៍ រួមចំណែក​រហូតដល់ 20% នៃ GDP សរុប​របស់​ថៃ ដែលជា​ប្រទេស​មាន​សេដ្ឋ​កិច្ច​ធំជាងគេ​លំដាប់​ទី​ពីរ​នៅ​អាស៊ីអាគ្នេយ៍​នេះ។

ដោយសារតែ​ផលប៉ះពាល់​ពី Covid-19 កំណើនសេដ្ឋកិច្ច​ថៃ ធ្លាក់ចុះ 6.1% ក្រោម​សូន្យ ដែលមាន​ភាព​ធ្ងន់ធ្ងរ​បំផុត​រាប់​ចាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​កាលពី​ចុង​ទសវត្សរ៍ 1990។

មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍ Covid-19 របស់​ថៃ បានស្នើ​ឱ្យ​កាត់បន្ថយ​រយៈពេល​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ពី 14 មក​នៅត្រឹម 10ថ្ងៃ​វិញ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី1 មេសា 2021។ ស្ថាប័ន​នេះ​កំពុង​កំណត់​គោលដៅ​បើកទ្វារ​សេដ្ឋ​កិច្ច​ទូទាំងប្រទេស ចាប់ពី​ខែតុលា ឆ្នាំ 2021៕

ប្រភព​៖ Nikkei
ប្រែសម្រួល​៖ បុត្រា

Advertisement