ថៃ អនុញ្ញាតឱ្យអ្នកទេសចរណ៍ មក​លេង​ Phuket​ ដោយ​មិន​បាច់​ធ្វើ​ចត្តា​ឡីស័ក

ប្រទេស​ថៃ បានអនុម័ត​លើ​រូបមន្ត​ទីតាំង​សាកល្បង​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​ភ្ញៀវ​ទេសចរណ៍​ដែល​មកលេង​កោះ Phuket ដែល​នេះ​គឺជា​ជំហាន​ដំបូង​នៅក្នុង​គោលដៅ​ស្ដារ​សេដ្ឋកិច្ច ដែល​បាន និង​កំពុង​ដាំ​ក្បាល​ចុះ​ដោយសារតែ Covid-19។

គម្រោង «ប្រអប់​ខ្សាច់ Phuket» ដែល​អនុញ្ញាតឱ្យ​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់ ចូលមក​កាន់​តំបន់​ទេសចរណ៍​នេះ ដោយ​មិនចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល 2 សប្ដាហ៍ ដូចដែល​បានកំណត់​មុននេះ ទទួលបាន​ការបើក​ភ្លើង​ខៀវ​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​ថៃ កាលពី​ថ្ងៃទី22 ខែមិថុនា។ គម្រោង​នេះ នឹងត្រូវ​អនុវត្ត ចាប់ពី​ថ្ងៃទី1 ខែកក្កដា ឆ្នាំ2021។

Anucha Burapachaisri ដែលជា​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ថៃ បានឱ្យដឹងថា គណៈរដ្ឋមន្ត្រី​ថៃ របស់​នាយករដ្ឋមន្ត្រី Prayuth Chan-ocha បាន​គាំទ្រ​គម្រោង​នេះ។

ក្រៅពី​កោះ Phuket ក៏​នៅមាន​ទីតាំង​ទេសចរណ៍​ជាច្រើន​ផ្សេងទៀត នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​សាកល្បង​គម្រោង​ដូចខាងលើ​ផងដែរ ក្នុងនោះ​មានដូចជា កោះ Samui, កោះ Phangan និង​កោះ Tao ជាដើម ដែល​សុទ្ធសឹងតែ​ជា​កោះ​ដែលមាន​ឆ្នេរ​ខ្សាច់​ស្រស់ស្អាត ទឹកថ្លា​ឈ្វេង និង​ពេញ​ដោ​យក​កម្ដៅថ្ងៃ។

ដើម្បី​ធានាថា គម្រោង​ខាងលើនេះ មិន​ជួប​បញ្ហា​រអាក់រអួល ទីតាំង​ទេសចរណ៍​ទាំងនេះ ត្រូវតែ​រក្សា​អត្រា​នៃ​ការឆ្លង Covid-19 ឱ្យនៅ​ទាប ក្នុងនោះ Phuket មិនត្រូវ​បណ្ដោយឱ្យ​ករណី​ឆ្លង​វីរុស​Covid-19 កើន​លើសពី 90នាក់/សប្ដាហ៍។

«គិត​មកដល់ពេលនេះ តួលេខ​អ្នក​ឆ្លង Covid-19 នៅ Phuket នៅតែ​អាច​ធានាបាន​ចំពោះ​គម្រោង “ប្រអប់​ខ្សាច់”» នេះ​បើតាម Taweesin Visanuyothin អ្នកនាំពាក្យ​របស់​គណៈ​កម្ម​ការគ្រប់គ្រង Covid-19 របស់​រាជរដ្ឋាភិបាល​ថៃ។

គម្រោង «ប្រអប់​ខ្សាច់ Phuket» ត្រូវបាន​អាជ្ញាធរ​ថៃ​ស្នើឡើង​តាំងពី​ខែមីនា ឆ្នាំ2021 ក្នុង​គ្រា​វិស័យ​ទេសចរណ៍ ដែល​ធ្លាប់​រួមចំណែក​ជិត 20% ទៅក្នុង GDP របស់​ប្រទេស​នេះ ត្រូវបាន​រុញច្រាន​ដល់​មាត់ជ្រោះ ដោយសារ Covid-19 ធ្វើឱ្យ​សេដ្ឋកិច្ច​ថៃ ធ្លាក់​ទៅក្នុង​ស្ថានភាព​អាក្រក់​បំ​ផុត រាប់​ចាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី កាលពី​ឆ្នាំ1997។

នាយករដ្ឋមន្ត្រី​ថៃ លោក Prayuth Chan-ocha កាលពី​សប្ដាហ៍​មុន បានឱ្យដឹងថា លោក​មាន​គម្រោង​បើកទ្វារ​ប្រទេស​ទាំងស្រុង​ឡើងវិញ សម្រាប់​ទទួលភ្ញៀវ​ទេសច​រណ៍ប​រទេស ចាប់ពី​ខែតុលា ឆ្នាំ2021 បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ ឱ្យបាន​យ៉ាងតិច 50លាន​នាក់​ក្នុង​រយៈពេល 4ខែ។ ក៏ប៉ុន្តែ មកដល់ពេលនេះ ប្រទេស​ថៃ ទើប​ចាក់​វ៉ាក់សាំង​បាន​មិន​ដល់ 3% នៅឡើយ ក្នុងចំណោម​ពលរដ្ឋ​សរុប 70លាន​នាក់ ដែល​នេះ​គឺជា​អត្រា​ទាប​បំផុត​មួយ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement