កម្ពុជា កំពុងជំរុញឱ្យមាន​ជើង​ហោះ​ហើរ​ត្រង់​ជា​មួយ​ ប្រទេស​ជប៉ុន​ បន្ថែម​ទៀត​ ដើម្បី​ទាក់​​ទាញ​ទេសចរ​វ៉ាក់​សាំង

កម្ពុជា កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ចាក់​វ៉ាក់សាំង​ពី​អន្តរជាតិ ក្នុងនោះ​ទីផ្សារ​ជប៉ុន ត្រូវបាន​រដ្ឋាភិបាល​យ​ក​ចិត្ត​ទុកដាក់​ខ្លាំង។

យោងតាម​ខ្លឹមសារ​នៃ​ជំនួប​ទ្វេភាគី​រវាង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង លោក មី​កា​មិ ម៉ាសា​ហ៉ី​រ៉ូ (Mikami Masahiro) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ កម្ពុជា ស្ដីពី​កិច្ចសហការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់។ ជំនួប​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី 10 វិច្ឆិកា 2021 នៅ​ស្ថានទូត​ជប៉ុន នា​រាជធានី​ភ្នំពេញ។

ក្នុងជំនួប​នោះ ឯកឧត្តម ថោង ខុន បាន​ជម្រាប​លោក មី​កា​មិ ថា កម្ពុជា នឹងមាន​ការរៀបចំ​ជាពិសេស​សម្រាប់​ការធ្វើដំណើរ​របស់​ទេស​ចរ​ជប៉ុន មកកាន់​តំបន់​គោលដៅ​ទាំង 3 របស់ កម្ពុជា ដែល​ទើបតែ​ត្រូវបាន​បើក​ដំណើរ​ការទទួល​ទេសចរ​វ៉ាក់សាំង​ពី​បរទេស។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំ កម្ពុជា

ថ្មីៗនេះ កម្ពុជា បានប្រកាស​បើកទ្វារ​សេដ្ឋកិច្ច និង​សង្គម​ឡើងវិញ​លើ​គ្រប់​វិស័យ ក្នុងនោះ​តំបន់​ទេសចរណ៍សំខាន់ៗចំនួន 3 រួមមាន ខេត្ត​ព្រះសីហនុ ក្រុង​កោះរ៉ុង និង​តំបន់​តារា​សាគរ នៃ​ខេត្តកោះកុង ចាប់ពី​ថ្ងៃទី 31 ខែវិច្ឆិកា ខណៈ​តំបន់​សៀមរាប​អង្គរ ក៏​នឹង​ទទួលភ្ញៀវ​ទេសចរណ៍​ចាប់ពី​អំឡុង​ខែមករា ឆ្នាំ 2022៕

Advertisement