អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ទទួល​ស្វាគមន៍​ទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ

«អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ ជាមួយនឹង​ការរង់ចាំ​ទទួល​ស្វាគមន៍ ទេសចរ​បរទេស​ដែល​បាន​វ៉ាក់សាំង​ពេញលេញ ដែល​អញ្ជើញ​មក​ទស្សនា​ខេត្តសៀមរាប» នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប មានប្រសាសន៍​ដូច្នេះ។

ការអះអាង​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី 24 វិច្ឆិកា 2021 នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​អំពី​កិច្ច​ប្រតិបត្តិ​ស្តង់ដារ​វិធាន​សុវត្ថិភាព SOP ដើម្បី​ទទួលភ្ញៀវ​ទេសចរ​បរ​ទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ពេញលេញ។

នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ឯកឧត្តម ប៊ុន រដ្ឋា បាន​បន្តថា កម្ពុជា​គឺជា​ប្រទេស​ដែល​បាន​បើក​ឡើង​ទ្វារ​សង្គម សេដ្ឋកិច្ច​ឡើងវិញ ដោយសារ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​កម្រិត​ភាគរយ​ខ្ពស់ ដែល​ពិភពលោក​បានទទួល​ស្គាល់។

កម្ពុជា​បានកំណត់​ក្នុង​បញ្ជី​រួចហើយ​ស្ដីពី​ពលរដ្ឋ​នៃ​ប្រទេសមួយ​ចំនួន​នៅលើ​ពិភពលោក មកកាន់ កម្ពុជា​ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ (VISA) ជាពិសេស​គឺ​បណ្ដា​ប្រទេស​នៅក្នុង​តំបន់ អាស៊ាន។ ឯកឧត្តម ប៊ុន រដ្ឋា ក៏បាន​ថ្លែងថា ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ក៏បាន​ត្រៀមខ្លួន​ជាស្រេច​ហើយ​ដែរ សម្រាប់​បម្រើការ​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នានា៕

Advertisement