ភ្ញៀវទេសចរ​ជាតិ និង​បរទេស​យ៉ាងច្រើន​កុះករ នាំគ្នា​ទៅ​ទស្សនា​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទអង្គរវត្ត នៅ សៀមរាប

ភ្ញៀវ​ទេសចរណ៍​ជាតិ និង​បរទេស​យ៉ាងច្រើន​កុះករ បាននាំគ្នា​ទៅ​ទស្សនា «ព្រឹត្តិការណ៍​សម​រាត្រី» ដែលមាន​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទអង្គរវត្ត ដែល​បានចាប់ផ្តើម​រះ​ពី​ម៉ោង ៦ និង ៣០ នាទី​ព្រឹក ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២។

«ព្រឹត្តិការណ៍​សម​រាត្រី» នេះ កើតឡើង​ពីរដង ក្នុង ១ ឆ្នាំ គឺ​នៅ​ថ្ងៃទី ២១ ខែមីនា និង​នៅ​ថ្ងៃទី ២២ ខែកញ្ញា។ ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កណ្តាល​កំពូល​អង្គរ គឺជា​ពេលវេលា ដែល​ពេល​ថ្ងៃ​និង​ពេលយប់ មាន​រយៈពេល​ស្មើគ្នា ដោយ​ខុសពី​ខែ​ធម្មតា​ខ្លះ ដែល​យប់​មាន​រយៈពេល​វែង​ជាង​ពេល​ថ្ងៃ ឬ​ថ្ងៃ​មាន​រយៈពេល​វែង​ជាង​យប់ នេះ​បើតាម លោក អ៊ឹម សុខ​រិទ្ធី បុរាណ​វិទូ​នៃ អាជ្ញាធរ​ជាតិ​អប្សរា។

បុរាណ​វិទូ​រូបនេះ​បញ្ជាក់ថា ប្រទេស​កម្ពុជា មាន​ព្រឹត្តិការណ៍​សម​រាត្រី​កើតឡើង​នេះ មិនមែនជា​រឿង​ចៃដន្យ​នោះឡើយ ព្រោះ​វា​គឺជា​លក្ខណៈពិសេស​របស់​បុព្វបុរស​ខ្មែរ ដែល​រៀបចំ​ស្ថាបត្យកម្ម ប្លង់​របស់​ប្រាសាទ​ទុក​មុន ក្នុង​បំណង​តម្រូវ​តាម​បាតុភូតធម្មជាតិ។

Advertisement