ស្ថានីយ​អវកាស​ចិន រៀប​គម្រោង​ទទួលភ្ញៀវ​ទេសចរណ៍ នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ

ស្ថានីយអវកាស​ចិន Tiangong

ស្ថានីយ​អវកាស​ចិន Tiangong គ្រោង​នឹង​ស្ថាបនា​រួចរាល់​នៅ​ចុង​ឆ្នាំនេះ ហើយ​អាច​បើកទ្វារ​ទទួលភ្ញៀវ​ទេសច​រណ៍​អវកាស​ក្នុង​រង្វង់ ១០ ឆ្នាំ​ទៀត។

Yang Liwei ដែល​បាន​ក្លាយជា​អ្នក​អវកាស​ដំបូង​របស់ ប្រទេស​ចិន ឱ្យដឹងថា អ្នក​ទាំងឡាយណា​ដែល​មិន​ត្រូវបាន​បណ្ដុះ​បណ្ដាលឱ្យ​ក្លាយជា​អ្នក​អវកាស​ផ្លូវការ អាច​ហោះ​ទៅធ្វើ​ទស្សនកិច្ច​ស្ថានីយ​អវកាស Tiangong របស់​ចិន នៅក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទំព័រ Space កាលពី​ថ្ងៃទី ២២ មីនា។

«វា​មិនមែនជា​បញ្ហា​បច្ចេកវិទ្យា​នោះទេ តែ​វា​គឺជា​តម្រូវការ។ រឿន​នេះ​នឹង​ក្លាយជា​ការពិត​ក្នុង​រង្វង់ ១ ទសវត្សរ៍​ទៀត ឱ្យ​តែមាន​តម្រូវការ​ដូច្នេះ» Yang បាន​ឆ្លើយ​ដូច្នេះ នៅពេល​ត្រូវបាន​សួរថា តើ​ប្រជាជន​អាចធ្វើ​ទស្សនកិច្ច​ស្ថានីយ​អវកាស Tiangong ដែរ ឬ​អត់។ លោក Yang បច្ចុប្បន្ន​គឺជា​សមាជិក​សន្និបាត​ក្រុមប្រឹក្សា​នយោបាយ​ប្រជាជន​ចិន (CPPCC)។

ចំណែក Chu Jianping ដែលជា​ប្រធាន​ផ្នែក​រចនា​ក្នុង​កម្មវិធី​យានអវកាស​ដឹក​មនុស្ស​របស់ ប្រទេស​ចិន ក៏បាន​ឱ្យដឹងថា យានអវកាស Shenzhou អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​វិស័យ​ទេសចរណ៍​អវកាស​ក្នុងពេល​អនាគត។

យាន​អវកាស​ចិន Shenzhou

ការលើកឡើង​ទាំងឡាយ​ខាងលើ​បង្ហាញថា ប្រទេស​ចិន កំពុង​ស្វែងរក​វិធី​ដើម្បី​កសាង​ទីផ្សារ​ទេសចរណ៍​អវកាស​ដោយឡែក​របស់​ខ្លួន។

ក៏ប៉ុន្តែ ដំបូង ចិន ត្រូវ​សាងសង់​ស្ថានីយ​អវកាស​រាង​អក្សរ T ឱ្យបាន​រួចរាល់។ ប្រទេស​ចិន គ្រោង​នឹង​បាញ់​បង្ហោះ​យាន ៦ លើក​ទៀត​ក្នុងឆ្នាំនេះ ដើម្បី​បង្ហើយ​ការស្ថាបនា​ស្ថានីយ​អវកាស Tiangong។

នៅ ប្រទេស​ចិន មាន​ក្រុមហ៊ុនធំៗ​​មួយចំនួន​ក៏​កំពុង​អភិវឌ្ឍ​ផ្នែក​ទេសចរណ៍​អវកាស។ CAS Space ដែលជា​ក្រុមហ៊ុន​របស់ បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន (CAS) មាន​ផែនការ​ផ្ដល់​សេវាកម្ម​ទេស​ចរណ៍​អវកាស​ដល់​អតិថិជន យ៉ាង​ឆាប់​ត្រឹម​ឆ្នាំ ២០២៥។ ចំណែក​ក្រុមហ៊ុន​យន្តហោះ​អវកាស Space Transportation ក៏​កំពុង​អភិវឌ្ឍ រ៉ុក្កែត​មាន​ស្លាប ដែល​អាច​ហោះហើរ​ទៅកាន់​តំបន់​ក្រោម​គន្លង​គោចរ​នៅ​ឆ្នាំ ២០២៥ ផងដែរ។ ជើងហោះហើរ​ទៅកាន់​គន្លង​គោចរ​របស់​ផែនដី គ្រោង​នឹងត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ ២០៣០៕

Advertisement