ទិដ្ឋភាព​ខ្លះ​ៗ​ នៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ

នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន នឹងមាន​កម្មវិធី​កម្សាន្ត​ជាច្រើន ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍ និង​អំណរ​បុណ្យ​ប្រពៃណីជាតិ។

រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន បាន​ត្រៀមខ្លួន​រួចរាល់​ហើយ សម្រាប់​កម្មវិធី​លេងល្បែង​កម្សាន្ត​បែប​ប្រជាប្រិយ, កម្មវិធី​ដុត​កាំជ្រួច, ល្បែង​វាយក្អម, ល្បែង​ជិះ​ពោង​នាគ, រត់ប្រណាំង​គ្នា​លើ​ឆ្នេរ​ខ្សាច់ និង​កម្មវិធី​កម្សាន្តផ្សេងៗជាច្រើន​ទៀត ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍ ក៏ដូចជា​ទទួល​អំណរ​បុណ្យចូលឆ្នាំ​ខ្មែរ។ នេះ​បើតាម​ការអះអាង​របស់​លោក ប៊ុន ណា​រ៉ា ជា​អ្នកគ្រប់គ្រង​ស្ពាន​ឫស្សី និង រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន។

លោក ណា​រ៉ា បញ្ជាក់ថា ដើម្បីឱ្យ​កម្មវិធី​កម្សាន្ត​នានា ប្រព្រឹត្ត​ទៅដោយ​រលូន និង​សុខ​សុវត្ថិភាព ខាង​រមណីយដ្ឋាន​នេះ​បាន​ត្រៀម​សន្តិសុខ​ការពារ​ទាំង​ផ្លូវទឹក ទាំង​ផ្លូវគោក ជូន​ប្រជាជន​ដែលជា​ភ្ញៀវ​ទេសចរណ៍​ផងដែរ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម លោក ស៊ាន សុ​គុណ មានប្រសាសន៍ថា ភ្ញៀវ​ទេសចរណ៍​ចង់​ទៅលេង​រមណីយដ្ឋាន​កែច្នៃ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន គឺអាច​ធ្វើដំណើរ​តាម​ស្ពាន​ប្រដឹស​ឫស្សី ពី​ក្រុង​កំពង់ចាម។ សម្រាប់​អ្នក​ដែលមាន​រថយន្ត ត្រូវ​បើក​ឆ្លងតាម​ស្ពាន​កោះ​ប៉ែន ហើយ​ពេល​វិលត្រឡប់​វិញ ភ្ញៀវ​អាច​ទិញ​បន្លែ ផ្លែឈើ​ជាច្រើន​ប្រភេទ ដែល​ប្រជាពលរដ្ឋ​នៅទីនេះ ដាំ​ដុះ​តាមបែប​ធម្មជាតិ។

អ្នកគ្រប់គ្រង​ស្ពាន​ប្រដឹស​ឫស្សី និង រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន បាន​អំពាវនាវ​ឱ្យ​ភ្ញៀវ​ដែល​មកលេង ចូលរួម​រក្សា​សម្អាត​អនាម័យ និង​វេច​ខ្ចប់ ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ។ ចំណែក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម វិញ ក៏បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ អនុវត្តន៍​វិធានការ​ទប់ស្កាត់​ការឆ្លង កូ​វីដ-១៩ ទៅតាម ក្រសួងសុខាភិបាល ក្នុងនោះ កុំ​ភ្លេច​វិធានការ «៣កុំ និង ៣ការពារ»។

ឆ្នេរ​ខ្សាច់​កោះ​ប៉ែន មាន​ទីតាំង​ស្ថិតនៅ ភូមិ​កោះ​មិត្ត ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម និង​មាន​ចម្ងាយ​ប្រហែល ៣ គីឡូម៉ែត្រ ពី​សណ្ឋាគារ មិត្តភាព។ ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ស្ថិតនៅក្នុង​ប្រភេទ​រមណីយដ្ឋាន ឆ្នេរ​ស​មុ​ទ្យ និង​កោះ។

ខាងក្រោម​នេះ​គឺជា​កម្រង​រូប​ថតពី​បណ្ដាញ​សង្គម​ ​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​នៅ​ រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន នៅ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​៖

Advertisement