(វីដេអូ)-រូបចម្លាក់​ព្រះពុទ្ធ​ជាប់​ជើងភ្នំ​អាយុកាល​ពាន់​ឆ្នាំ ស្រោបមាស និង​ប្រាក់

(ប្រទេស​ចិន)-ក្រុម​បុរាណវត្ថុវិទូ​បាន​រកឃើញថា រូបចម្លាក់​ព្រះពុទ្ធ​ដ៏​ធំ​នៅក្នុង​រូងភ្នំ Longmen Grottoes នៅ ខេត្ត Henan ទំនងជា​ធ្លាប់​ត្រូវបាន​ស្រោបមាស ប្រាក់ និង​ដាំ​កញ្ចក់​ពណ៌។

ក្រុម​ស្រាវជ្រាវ​ខាងលើ​ប្រមូលបាន​ភស្ដុតាង​ថ្មី​ជាច្រើន​នៅក្នុង​គម្រោង​អភិរក្ស​ល្អាង​ថ្ម Longmen។ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ពួកគេ​បាន​រកឃើញ​ដាន​មាស និង​ប្រាក់​នៅលើ​ព្រះ​ភក្ត្រ​របស់​ព្រះ​ពុទ្ធរូប Lu She Na Buddha ដែល​ត្រូវបាន​កសាង​កាលពី​សម័យ​រាជវង្ស​តាង (Tang dynasty) ចន្លោះ​ពី​ឆ្នាំ ៦១៨ ដល់ ៩០៧។ «ប្រការនេះ​បង្ហាញថា បច្ចេកទេស​ស្រោប​លោហធាតុ​អាច​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​សាងសង់​រូបចម្លាក់​ព្រះពុទ្ធ​ខាងលើ» Shi Jiazhen ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ចិន ឱ្យដឹង​ដូច្នេះ។

នៅលើ​ផ្ទៃ​ព្រះ​ភក្ត្រ​របស់​រូបចម្លាក់ ក្រុម​ស្រាវជ្រាវ​បាន​រកឃើញ​ស្នាម​ថ្នាំលាប​ដែលមាន​ពណ៌​បៃតង ក្រហម ខ្មៅ និង​ពណ៌ផ្សេងៗជាច្រើន​ទៀត ដែល​នេះ​អាចឱ្យ​យើង​ជឿ​បាន​ថា រូបចម្លាក់​នេះ ទំនងជា «គ្រងចីវរ​យ៉ាង​ស្រស់​ឆើត» នៅ​សម័យ​នោះ។

ក្រៅពី​ការរកឃើញ​ខាងលើ ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​រកឃើញ​គ្រាប់​ព្រះ​នេត្រ​ដែល​ធ្វើ​អំពី​កញ្ចក់​ពណ៌ និង​សំណ នៅលើ​រូបចម្លាក់​ព្រះ​ពោធិសត្វ​ដែល​នៅ​ខាងស្ដាំ​នៃ​រូបចម្លាក់​ព្រះពុទ្ធ Lu She Na Buddha ផងដែរ។ គ្រាប់​ព្រះ​នេត្រ​នេះ​មាន​រាង​ជា​ដង​ធ្នូ និង​ប្រវែង​ប្រហែល ០.៥ ស.ម។

Advertisement