ទេសចរណ៍​នាពេល​អនាគត ៖ ជិត​ក្នុង​បា​ឡុង​ហោះ​ខ្នាត​យក្ស​ទស្សនា​ទិដ្ឋភាព​ភាព​កោង​របស់​ផែនដី​ពី​លើ​មេឃ

មនុស្ស​ភាគច្រើន​ទំនងជា​មិនមាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ដំណើរ​ទេសចរណ៍​គយគន់​ផែនដី​ពី​ចម្ងាយ​តាម​យានអវកាស​នៅពេល​អនាគត ក៏ប៉ុន្តែ មនុស្ស​ភាគច្រើន​​ប្រហែល​ជា​អាច​ជ្រើសរើស​​កញ្ចប់​ទេសច​រណ៍ «​ទត»​ ផែនដី​ពី «ឋាន ស្ត្រា​តូ​ស្ពែ​រ» (stratosphere) ដោយ​ប្រើប្រាស់​បា​ឡុង​ហោះ​ខ្នាត​យក្ស។

ក្រុមហ៊ុន​អាម៉េរិក មួយ កំពុងតែធ្វើ​ការ​ដើម្បី​សម្រេច​គោល​ដៅ​​​នាំយក​ភ្ញៀវ​ឡើងទៅ​កាន់ «ឋាន ស្ត្រា​តូ​ស្ពែ​រ» (stratosphere) របស់​ផែនដី ដោយ​ប្រើប្រាស់​បា​ឡុង​ហោះ​ដែល​ដំណើរការ​ដោយ​ឧស្ម័ន​អេ​ល្យូ​ម និង​មាន​ទំហំ​ធំ​ជាង​ទីលាន​បាល់ទាត់។

បា​ឡុង​ហោះ​ខ្នាត​យក្ស​នេះ​នឹង​ហោះ​នៅលើ​កម្ពស់​ប្រហែល ៣០,៤៨០ ម៉ែត្រ ស្មើនឹង​ជាង ៣ គីឡូម៉ែត្រ ពី​ដី និង​ភ្ជាប់​ជាមួយ​បន្ទប់​​ដាក់​​ទេសចរ​ដ៏​ធំ​មួយ។ ពី​បា​ឡុង​ហោះ​នេះ ភ្ញៀវ​អាច​គយគន់​ទៅកាន់​ទី​អវកាស និង​បានឃើញ​ភាព​កោង ក៏ដូចជា​បរិយាកាសរ​បស់​ផែនដី។

គំនិត​ខាងលើនេះ​កំពុងតែ​ត្រូវបាន​អភិវឌ្ឍ​ដោយ​ World View ដែលជា​ក្រុមហ៊ុន​មួយ​នៅ Arizona សហរដ្ឋ​អាម៉េរិក​។ សំបុត្រ​សម្រាប់​ដំណើរ​ទេសចរណ៍​ដូចខាងលើ​នេះ មានតម្លៃ​ប្រហែល ៥០,០០០ ដុល្លារ​អាម៉េរិក។

តាម​គម្រោង ជើងហោះហើរ​ដំបូង​របស់ World View នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ ២០២៤ ដោយ​ហោះ​ឡើង​ពី​ទីតាំង​មួយចំនួន​ដែល​ស្ថិត​នៅក្បែរ​បេតិកភណ្ឌ​ពិភពលោក។

Dale Hipsh ប្រធាន​ផ្នែក​ទេសចរណ៍ និង​ដំណើរ​ផ្សងព្រេង​របស់ World View ឱ្យដឹងថា ដំណើរ​ទេសចរណ៍​បែបនេះ​នឹង​ផ្ដល់ឱ្យ​ទេសចរ​នូវ​បទពិសោធន៍​ទូទៅ និង​ប្ដូរផ្លាស់​ផ្នត់គំនិត និង​ការយល់ឃើញ​អំពី​ពិភព​ផែនដី និង​ចក្រវាល។

«ឋាន ស្ត្រា​តូ​ស្ពែ​រ» (stratosphere) របស់​ផែនដី

នៅក្នុង​ថ្ងៃ​ចេញដំណើរ​ទេសចរណ៍ គ្រប់គ្នា​នឹង​ចូលទៅក្នុង​បន្ទប់​ដែល​ដាក់​ភ្ញៀវ​បាន ៨ នាក់ និង​សមាជិក​ក្រុម​បើកបរ ២ នាក់ នៅ​មុនពេល​ព្រះអាទិត្យ​រះ។ ១៥ នាទី​បន្ទាប់ពី​បាន​ហោះ​ឡើង ភាព​កោង​របស់​ផែនដី​នឹង​លេចឡើង​ច្បាស់។ បា​ឡុង​នេះ​ត្រូវការ​ពេល​ប្រហែល ២ ម៉ោង ដើម្បី​ហោះ​ឡើងដល់​ជាយ​អវកាស ហើយ​បន្ទាប់មក

វា​នឹង​អណ្ដែត​នៅលើ​កម្ពស់​ខ្ពស់បំផុត​ដើម្បីឱ្យ​ភ្ញៀវ​អាច​គយគន់​ទេសភាព​ដ៏​មហា​សែន​អស្ចារ្យ​មុនពេល​បន្ទាបខ្លួន​ចុះមក​​កាន់​ផែនដី។

ការហោះហើរ​នេះ​នឹង​អូសបន្លាយ​ពី ៦ ទៅ ៨ ម៉ោង ប៉ុន្តែ សំបុត្រ​នេះ​ក៏​រួមបញ្ចូល​ទាំង​ការ​ស្នាក់នៅ​កម្សាន្ត​សប្បាយ​នៅឯ​សណ្ឋាគារ​បែប boutique នានា, ការ​ធ្វើដំណើរ​ទេសចរណ៍​ទៅកាន់​ទីតាំង​ធម្មជាតិ​ដែល​នៅក្បែរ​កន្លែង​ហោះ​ហើរ, ការ​ទទួលទាន​អាហារ​នៅ​ហាង​នានា​​ក្នុង​តំបន់​ជាដើម។ល។

លោក Hipsh បានឱ្យដឹងថា សំបុត្រ​សម្រាប់​ការហោះហើរ​នៅ Grand Canyon ក្នុង​ឆ្នាំ​ ២០២៤ បច្ចុប្បន្ន​ត្រូវបាន​លក់​អស់ហើយ​៕

Advertisement