ដែនដី​ដែលមាន​កូនភ្នំ​ជាង ១,៧០០ នៅ​តំបន់​អាស៊ីអាគ្នេយ៍ (វីដេអូ)

ocolate Hills គឺជា​តំបន់​អច្ឆរិយ​ធម្មជាតិ​ដែលមាន​អាយុកាល​រាប់លាន​ឆ្នាំ​មកហើយ និង​ត្រូវ​បានស្នើ​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់ UNESCO។

បណ្ដា​កូនភ្នំ​ដែល​ស្ថិតនៅ​ជា​ក្រុម និង​លាតសន្ធឹង​ដាច់​កន្ទុយភ្នែក​នេះ ត្រូវបាន​គេ​ហៅថា ប្រជុំ​កូនភ្នំ​សូកូឡា (Chocolate Hills)។ ឈ្មោះ​នេះ​មាន​ប្រភព​ចេញពី​ពណ៌​ស្មៅ​ដែល​ប្ដូរ​ពី​បៃតង​ទៅជា​ប្រផេះ​នៅក្នុង​រដូវក្ដៅ។

ប្រជុំ​កូនភ្នំ​សូកូឡា មានកូន​ភ្នំ​សរុប​ចំនួន ១,៧៧៦ និង​មាន​ទ្រង់ទ្រាយ​ស្ទើរតែ​ដូចគ្នា​ទាំងស្រុង ស្ថិតនៅលើ​ផ្ទៃដី​ប្រមាណ ៥០ គីឡូម៉ែត្រ​ក្រឡា។ តំបន់ភ្នំ​អច្ឆរិយ​នេះ​ស្ថិតនៅលើ​កោះ Bohol របស់ ប្រទេស​ហ្វ៊ី​លី​ពី​ន។

យោងតាម​ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ ប្រភព​ដែលនាំឱ្យ​ក​កើតជា​ប្រជុំ​កូនភ្នំ​នេះ​គឺ​ដោយសារ​សមុទ្រ។ ប្រមាណ ២ លាន​ឆ្នាំមុន ទឹកសមុទ្រ​បាន​គ្របដណ្ដប់​តំបន់ Bohol ទាំងមូល ប៉ុន្តែ ដោយសារតែ​ការផ្លាស់​ទី​របស់​ស្រទាប់​តិច​តូ​និ​ច (Tectonic Plate) នៃ​សម្បក​ផែនដី ទឹកសមុទ្រ​ក៏បាន​នាច​ទៅ​អស់ បន្សល់ទុក​នូវ​បណ្ដុំ​នៃ​សិលា​កម្ទេចកំណ (sedimentary rock), ផ្កាថ្ម និង​សំបក​គ្រំ គ្រែង​ជាដើម។ល។

ក្រោយ​រយៈពេល​ច្រើន​សតវត្សរ៍ ឬ​យូរ​ជាង​នេះ ធម្មជាតិ​ក៏បាន​ធ្វើឱ្យ​បណ្ដុំ​វត្ថុ​ធាតុ​ទាំងឡាយ​ខាងលើ ក្លាយជា​កូនភ្នំ​ដែលមាន​សណ្ឋាន​ដូច​ទៅនឹង​រូបរាង​ដួន និង​មាន​កម្ពស់​ចាប់ពី ៣០ ទៅ ៥០ ម៉ែត្រ។

Chocolate Hills ត្រូវបាន​ប្រកាស​ចាត់ទុក​ជា បេតិកភណ្ឌ​ភូមិសាស្ត្រ​ជាតិ​លំដាប់​ទី​បី​របស់ ប្រទេស​ហ្វ៊ី​លី​ពី​ន និង​ត្រូវ​បានស្នើ​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO ផងដែរ៕

Advertisement