វិស័យ​ទេសចរណ៍​របស់ ឡាវ មាន​សញ្ញា​ប្រសើរ​ជាង​មុន បន្ទាប់ពី​បើក​ប្រទេស​ឡើងវិញ

ក្នុង ៦ ខែ​ដើម​ឆ្នាំនេះ ភ្ញៀវ​បរទេស​ដែល​បានមក​ទេសចរណ៍​នៅ ប្រទេស​ឡាវ មាន​ជាង ៤២ ពាន់​នាក់ ក្នុងនោះ​ភាគច្រើន​នៅក្នុង​ខែឧសភា និង​ខែមិថុនា។

ប្រភពព័ត៌មាន​ពី រដ្ឋធានី​វៀងចន្ទន៍ បានឱ្យដឹងថា នាយកដ្ឋាន​អភិវឌ្ឍ​ទេសចរណ៍ នៃ ក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ឡាវ ប្រកាសថា ចំនួន​ទេសចរ​មកកាន់​ប្រទេស​នេះ​បាន​កើនឡើង​វិញ បន្ទាប់ពី ឡាវ បាន​ដក​បម្រាម​ក្នុងការ​ដើរហើរ​កាលពី​ខែមករា ២០២២។

ជាក់ស្ដែង ក្នុង​រយៈពេល ៦ ខែ​ដើម​ឆ្នាំនេះ ភ្ញៀវ​បរទេស​ដែល​បានមក​កាន់ ប្រទេស​ឡាវ ដោយ​ប្រើប្រាស់​ទិដ្ឋាការ​ទេសចរណ៍ មាន​ជាង ៤២ ពាន់​នាក់ ក្នុងនោះ​ភាគច្រើន​នៅក្នុង​ខែឧសភា និង​ខែមិថុនា នៅពេល​រដ្ឋាភិបាល បាន​លុបចោល​លក្ខខណ្ឌ​នៃ​ការផ្ដល់​ទិដ្ឋាការ ទាក់ទិន​នឹង​ការបង្ការ​ជំងឺ​កូ​វីដ-១៩។

នាយកដ្ឋាន​អភិវឌ្ឍ​ទេសចរណ៍​ឡាវ បានឱ្យដឹងថា ក្នុងអំឡុង ៥ ខែ​ដើមឆ្នាំ ២០២២ ឡាវ បានទទួល​ភ្ញៀវ​បរទេស​ជាង ៣៦,៥០០ នាក់ ស្នាក់នៅ​ជា​មធ្យម ៧.៩ ថ្ងៃ និង​ចំណាយ​មធ្យម​ប្រមាណ ៨៣ ដុល្លារ​អាម៉េរិក/ម្នាក់/ថ្ងៃ បង្កើតបាន​ចំណូល​ជូន​រដ្ឋ​ជាង ៤.៥៥ លាន​ដុល្លារ​អាម៉េរិក។

ចំនួន​ទេសចរ​ក្នុងស្រុក​ក្នុង ៥ ខែ​ដើម​ឆ្នាំនេះ ក៏​ឡើងដល់​ជាង ៦២៦,០០០ លើក កើន ២.៨% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ​កន្លង និង​បង្កើតបាន​ចំណូល​ប្រមាណ ៧០.៧៩ លាន​ដុល្លារ។

យោងតាម នាយកដ្ឋាន​អភិវឌ្ឍ​ទេសចរណ៍​ឡាវ ភ្ញៀវ​មកពី តំបន់​អាស៊ីអាគ្នេយ៍ គឺមាន​ច្រើន ក្នុងនោះ ប្រទេស​ថៃ ឈរ​លំដាប់​កំពូល​តារាង ដោយមាន ១៨,០០០ នាក់ បាន​ទៅលើ ប្រទេស​ឡាវ ក្នុងអំឡុង ៦ ខែ​ដើមឆ្នាំ ២០២២។

Advertisement