បែលហ្ស៊ិក ទទួល​ទេសចរ​ដោយ​កម្រាលព្រំ​ផ្កា​ស្រស់ ៣៦៥ ពាន់​ទង ក្រោយ​ការបិទ​ប្រទេស ២ ឆ្នាំ

ចាប់ពី​ព្រលប់​ថ្ងៃទី ១២ សីហា ដល់​ថ្ងៃទី ១៥ សីហា ភ្ញៀវ​ដែល​ចូលមក​ទស្សនា​កម្សាន្ត​នៅ រដ្ឋធានី​ព្រុ​ច​សែ​ល នៃ ប្រទេស​បែលហ្ស៊ិក នឹង​បាន​គយគន់​កម្រាលព្រំ​ខ្នាត​យក្ស​ ត្រូវបាន​រៀប​ឡើង​ដោយ​ប្រើប្រាស់​ផ្កា​ស្រស់​ទាំងស្រុង ដែល​គ្របដណ្ដប់​លើ​កម្រាល​ឥដ្ឋ​របស់​ទីលាន Grand Place។

ក្រោយ​ការបិទ​ប្រទេស​អស់​រយៈពេល ២ ឆ្នាំ ដោយសារតែ​វិបត្តិ​កូ​វីដ-១៩ កម្រាលព្រំ​ព្រុ​ច​សែ​ល ក៏បាន​ត្រលប់​មកវិញនៅ​ក្នុង​ឆ្នាំ​នេះ។

ទីលាន​ធំ Grand Place ដែលជា​បេតិកភណ្ឌ​វប្បធម៌​​របស់ យូណេស្កូ (UNESCO) ត្រូវបាន​បង្ហាញ​សម្រស់​ជាថ្មី ដោយ​ពណ៌​ចម្រុះ និង​ក្លិនក្រអូប​របស់​ផ្កា​​ស្រស់​ចំនួន ៣៦៥,០០០ ​ទង ​នៅក្នុង​ឱកាស​ចុង​សប្ដាហ៍​នេះ។

ចាប់ពី​ព្រលប់​ថ្ងៃទី ១២ សីហា ដល់​ថ្ងៃទី ១៥ សីហា ភ្ញៀវ​ដែល​ចូលមក​ទស្សនា​កម្សាន្ត​នៅ រដ្ឋធានី​ព្រុ​ច​សែ​ល នៃ ប្រទេស​បែលហ្ស៊ិក នឹង​បាន​គយគន់​កម្រាលព្រំ​ខ្នាត​យក្ស​ដែល​ត្រូវបាន​រៀប​ឡើង​ដោយ​ប្រើប្រាស់​ផ្កា​ស្រស់​ទាំងស្រុង គ្របដណ្ដប់​លើ​កម្រាល​ឥដ្ឋ​របស់​ទីលាន Grand Place។ ព្រឹត្តិការណ៍​ឆ្នាំនេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​អបអរសាទរ​ឆ្នាំ​ទី ៥០ នៃ​វត្តមាន​របស់​កម្រាលព្រំ​ផ្កា​ស្រស់​នៅ រដ្ឋធានី​ព្រុ​ច​សែ​ល។

លោកស្រី Delphine Houba អភិបាលរង​នៃ​រដ្ឋធានី​ព្រុ​ច​សែ​ល ទទួលបន្ទុក​វប្បធម៌ ទេសចរណ៍ សង្កត់ធ្ងន់ថា កម្រាល​ផ្កា​ក្លាយជា​ព្រឹត្តិការណ៍​មិន​អាច​​រលង​ចោល​បាន​នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ ចំពោះ​ទេសចរ និង​ប្រជាពលរដ្ឋ​ព្រុ​ច​សែ​ល។ នេះ​គឺជា​ព្រឹត្តិការណ៍​វប្បធម៌​ទេសចរណ៍​ដែល​ត្រូវបាន​ទន្ទឹងរង់ចាំ​បំផុត​ក្នុង​ឆ្នាំ ដោយ​វា​បង្ហាញ​អំពី​ភាពខុសប្លែក និង​អត្តសញ្ញាណ​របស់ ព្រុ​ច​សែ​ល។

កម្រាលព្រំ​ផ្កា​នេះ រួមមាន ៤៦៤ ម៉ែត្រក្រឡា​គឺជា​ផ្កា​ប៊ី​ហ្គោ​នី (Begonia) ចំនួន ១៤០,០០០ ទង និង ៥៦២ ម៉ែត្រក្រឡា​គឺជា​ផ្កា​តែ ២២៥,០០០ ទង។ ក្រៅពីនេះ​ក៏មាន ៥០៨ ម៉ែត្រក្រឡា​ជា​សម្បកឈើ​ធម្មជាតិ និង ៨៨ ម៉ែត្រក្រឡា​ជា​កម្រាល​ស្មៅ៕

Advertisement