ក្រុមហ៊ុន​ជប៉ុន គ្រោង​នឹង​ផ្ដល់​សេវាកម្ម​ទេសចរណ៍ «លំដាប់​ប្រណិត» សម្រាប់​ភ្ញៀវ​​ដែល​មាន​ទ្រព្យ​ចាប់​ពី​ ៥០ លាន​ដុល្លារ​

បណ្ដា​សហគ្រិន​វិស័យ​ទេសចរណ៍​នៅ ប្រទេស​ជប៉ុន កំពុង​ពិភាក្សាគ្នា​អំពី​ការផ្ដល់​សេវាកម្ម​ទេសច​រណ៍​ដែល​អនុញ្ញាតឱ្យ​អតិថិជន​ដើរ​កម្សាន្ត​តាម​តំបន់​ប្រវត្តិសាស្ត្រ ធម្មជាតិ និង​វប្បធម៌​គ្រប់ទិសទី​នៅក្នុង ប្រទេស​ជប៉ុន តាមរយៈ​យន្តហោះ​ឯកជន។

ក្រុមហ៊ុន​អាកាសចរណ៍​ធំជាងគេ​របស់ ជប៉ុន ANA Holdings Inc. និង​ក្រុមហ៊ុន​ជាច្រើន​ទៀត កំពុងតែ​ពិនិត្យមើល​លទ្ធភាព​ក្នុង​ការផ្ដល់​សេវាកម្ម​ទេស​ចរណ៍​លំដាប់​ប្រណិត​សម្រាប់​ភ្ញៀវ​អ្នកមាន​ពី​បរទេស​ដែលមាន​លទ្ធភាព​ចំណាយ​ប្រាក់​ច្រើន​នៅ ជប៉ុន។

កញ្ចប់​សេវាកម្ម​ទេសចរណ៍​ខាងលើនេះ នឹង​អនុញ្ញាតឱ្យ​ភ្ញៀវ​ដើរទេស​ចរណ៍​ពាសពេញ​ផ្ទៃ​ប្រទេស​ជប៉ុន ក្នុង​រយៈពេល​ជាង ១ សប្ដាហ៍ តាមរយៈ​យន្តហោះ​ឯកជន ក្នុងនោះ តំបន់​ប្រវត្តិសាស្ត្រ តំបន់​ទេសចរណ៍ធម្មជាតិ និង​វប្បធម៌ គឺជា​គោលដៅ​សំខាន់។

ផែនការ​នេះ កំពុង​ត្រូវបាន​ពិភាក្សា​រួមគ្នា​ដោយ Nippon Travel Agency ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ANA Holdings, ក្រុមហ៊ុន​លក់​ឧបករណ៍​ក្រៅ​ផ្ទះ Snow Peak, រដ្ឋបាល​ទីក្រុង Tajimi នៅ​ខេត្ត Gifu និង ក្រុមប្រឹក្សា​ទេសចរណ៍ និង​ស្ដារ​តំបន់​ក្នុងប្រទេស។

ដំណើរ​ទេសចរណ៍​លក្ខ​ណៈ​សាកល្បង​មួយចំនួន ត្រូវបាន​បើក​ដំណើរការ​តាំងពី​ខែមេសា ២០២២។ ស្ថាប័ន​ពាក់ព័ន្ធ​មាន​គម្រោង​ជ្រើសរើស​តំបន់​ទេសចរណ៍ល្បីៗប្រមាណ​ជា ១០ នៅ​ទូទាំងប្រទេស​ជប៉ុន សម្រាប់​សេវាកម្ម​របស់​ពួកគេ​នៅ​ចុងឆ្នាំ​នេះ ហើយនឹង​ផ្ដល់​សេវាកម្ម​ទេសចរណ៍​ជា​ផ្លូវការ​នៅ​ដើម​ឆ្នាំក្រោយ។

អតិថិជន​គោលដៅ​របស់បណ្ដា​​ក្រុមហ៊ុន​ខាងលើ​គឺ​ក្រុមមនុស្ស​ដែលមាន​ទ្រព្យ​យ៉ាងតិច ៥០ លាន​ដុល្លារអាម៉េរិក។ តាម​ការ​គណនា អតិថិជន​ប្រភេទ​នេះ​មាន​ប្រហែល ២១០,០០០ នាក់ នៅលើ​ពិភពលោក។

​សំបុត្រ​សម្រាប់​ដំណើរ​ទេសចរណ៍​ថ្នាក់​ប្រណិត​នេះ​នឹងមាន​តម្លៃ​ប្រមាណ ៥ លាន​យេន (៣៦,០០០ ដុល្លារ​អាម៉េរិក) ក្នុង ១ សំបុត្រ៕

Advertisement