វិស័យ​ទេសចរណ៍​ថៃ គ្រោង​​នឹង​​រក​​​ចំណូល​​បាន​​ ១១ ​ពាន់​​លាន​​ដុល្លារ​​ក្នុង​​ពាក់​កណ្ដាល​​ចុង​ឆ្នាំ​​នេះ

វិស័យ​ទេសចរណ៍​នៅ ប្រទេស​ថៃ កំពុងតែ​ងើបឡើង​វិញ ក្នុងនោះ មួយ​ភាគ​ធំ​គឺ​ដោយសារ​ភ្ញៀវ​បរទេស ក្រោយពី​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ ត្រូវបាន​ដកចេញ​។

យោងតាម Bloomberg វិស័យ​ទេសចរណ៍​របស់ ប្រទេស​ថៃ គ្រោង​នឹង​រក​ចំណូលបាន​​ប្រហែល ៤០០ ពាន់​លាន​បាត ដែល​ប្រហាក់ប្រហែល​នឹង ១១ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ ​ភ្ញៀវ​បរទេស​គឺជា​ប្រភព​ចំណូល​ធំជាង​គេ​របស់​វិស័យ​នេះ ក្រោយពី​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ ត្រូវបាន​ដកចេញ។

តំណាង​អ្នកនាំពាក្យ​របស់ រាជរដ្ឋាភិបាល​ថៃ លោក Rachada Dhnadirek បានឱ្យដឹងថា ទេសចរ​អន្តរជាតិ​ប្រហែល ៧.៥ លាន​នាក់ នឹង​មក​ទស្សនា​តំបន់​ទេសចរណ៍​ល្បីឈ្មោះនានា​​របស់ ប្រទេស​ថៃ អំឡុងពេល​ពី​ខែកក្កដា ដល់​ខែធ្នូ ២០២២ ដែល​តួលេខ​នេះ​កើនឡើង ១,៨៤០% ធៀប​នឹង​មួយឆ្នាំ​កន្លង។ ប្រការនេះ​នឹង​ជួយ​ឱ្យ​ចំនួន​ទេសចរ​សរុប​ដែល​មកកាន់ ប្រទេស​ថៃ ក្នុង​ឆ្នាំ ២០២២ ឡើងដល់ ១០ លាន​នាក់ ហើយនឹង​នាំមក​នូវ​ប្រាក់ចំណូល​ប្រមាណ ១.២៧ ទ្រី​លាន​បាត (ប្រហែល ៣៥.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក)។

មុន​នោះ ក្រសួងទេសចរណ៍ និង​កីឡា​ថៃ បាន​ព្យាករ​ថា ចាប់ពីពេលនេះ​រហូតដល់​ចុងខែ​កញ្ញា ២០២២ ចំនួន​ភ្ញៀវ​អន្តរជាតិ​ដែល​មកលេងប្រទេស​នេះ នឹងមាន​ចំនួន​ប្រហែល ២.៧ លាន​លើក។ ដល់​ត្រីមាស​ទី ៤ ឆ្នាំ ២០២២ ប្រទេស​ថៃ​នឹង​ទទួលភ្ញៀវ​បរទេស​បាន​ប្រហែល ៤.៥ លាន​នាក់។

ថៃ គឺជា​ប្រទេសមួយ​ដែល​ពឹងផ្អែក​ច្រើន​ទៅលើ​វិស័យ​ទេសចរណ៍។ មុនពេល​កូ​វីដ-១៩ ចូលមក​ដល់ វិស័យ​ទេសចរណ៍​បានរួម​ចំណែក​ប្រហែល ១២% ទៅក្នុង​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង ២០% ក្នុងចំណោម​ការងារ​នៅ​ប្រទេស​នេះ។ នៅក្នុង​ឆ្នាំ ២០១៩ ភ្ញៀវ​បរទេស​ជិត ៤០ លាន​នាក់ បានចូល​​ទស្សនា​ប្រទេស​ថៃ នេះ​បើតាម ធនាគារជាតិ​របស់ ប្រទេស​ថៃ។ រដ្ឋាភិបាល​ថៃ មានបំណង​លើកកម្ពស់​ការរួមចំណែក​របស់​វិស័យ​ទេសចរណ៍​ក្នុង GDP របស់​ប្រទេស​នេះ ឱ្យបាន​ដល់ ៣០% នៅ​ក្នុង​ឆ្នាំ​ ២០៣០៕

Advertisement