កម្ពុជា ទើបតែ​ទទួលបាន​ពានរង្វាន់​ពិភពលោក​ចំនួន ២ ទាក់ទង​នឹង​វិស័យ​ទេសចរណ៍

កម្ពុជា ទទួលបាន​ពានរង្វាន់​ពិភពលោក​ចំនួន ២ ពី​ស្ថាប័ន World Travel Awards ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ ឆ្នាំ ២០២២ ដែល​ពិធី​ប្រគល់​ពានរង្វាន់​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​ព្រៃនគរ។

ស្ថាប័ន World Travel Awards បានប្រគល់​ពានរង្វាន់​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ចំនួន ២ ដល់ កម្ពុជា ក្នុងនោះ​រួមមាន ពានរង្វាន់ «គោលដៅ​វប្បធម៌​ឈានមុខ​គេ​ក្នុង​ទ្វីបអាស៊ី​ឆ្នាំ ២០២២ (Asia’s Leading Culture Destination 2022)» និង​ពានរង្វាន់ «គោលដៅ​ទេសចរណ៍​យុវជន​ឈានមុខ​គេ​ក្នុង​ទ្វីបអាស៊ី​ឆ្នាំ ២០២២ (Asia’s Leading Youth Travel Destination 2022)»។

ការទទួលបាន​ពានរង្វាន់​ទាំងនេះ គឺ​កើតឡើង​ដោយសារ​មានការ​គាំទ្រ​ពី​សំណាក់​ទេសចរ​ប្រមាណ ២ លាន​នាក់​មកពី​ជុំវិញ​ពិភពលោក ដែល​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស កម្ពុជា ជា​គោលដៅ​ទេសចរណ៍វប្បធម៌ និង គោលដៅ​ទេសចរណ៍​យុវជន​ឈានមុខ​គេ ក្នុង​ទ្វីបអាស៊ី​ឆ្នាំ ២០២២។

ពិធី​ប្រគល់ និង​ទទួល​ពានរង្វាន់​ខាងលើ ត្រូវបាន​ប្រារព្ធ​ឡើង នៅ​ទីក្រុង​ហូជីមិញ (ព្រៃនគរ) ប្រទេស​វៀតណាម កាលពី​ថ្ងៃទី ០៧ ខែកញ្ញា​កន្លងទៅ នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ITE HCMC 2022។

ក្នុងនាម​ជា​តំណាង​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា លោក ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួងទេសចរណ៍ បាន​អញ្ជើញ​ទៅ​ទទួល​ពានរង្វាន់​ទាំងនេះ៕

Advertisement