កម្មវិធី «រាត្រីកម្ពុជា – Cambodia Night» នៅ​ វៀតណាម ​រួម​ចំណែក​ទាក់​ទាញ​អ្នក​វិនិយោគ​ និង​ទេសចរបរទេស សម្រាប់​វិស័យ​ទេសចរណ៍​នៅ កម្ពុជា

(វៀតណាម)៖ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធី «រាត្រីកម្ពុជាឆ្នាំ ២០២២ – Cambodia Night 2022» កាលពី​យប់​​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២២ នៅ​ក្នុង​ឱកាសពិព័រណ៍​ទេសចរណ៍​អន្តរជាតិ (ITE-HCMC 2022) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បី​ចូល​រួម​ឃោសនា​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

«Cambodia Night» ត្រូវ​បាន​ប្រារព្ធ​ឡើងក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម, រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា, អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ, ប្រធានគណៈកម្មាធិការប្រជាជនក្រុងហូជីមិញ, មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ អគ្គកុងស៊ុល ស្ថានទូតនៃបណ្តាប្រទេសអាស៊ាន អ្នកលក់ អ្នកទិញ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ផ្នែកឯកជនពាក់ព័ន្ធ សមាគមទេសចរណ៍ ក្រុមហ៊ុន ទីភ្នាក់ងារទេសចរណ៍កម្ពុជា និង វៀតណាម និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិប្រមាណជាង ៤០០ នាក់។ នេះ​បើ​តាម​ ក្រសួង​ទេសចរណ៍​កម្ពុជា​។

នាកម្មវិធីរាត្រីកម្ពុជានេះមានការសម្តែងសិល្បៈបុរាណ របាំសហសម័យ និងមានការចូលរួមពីតារាចម្រៀងល្បីៗ ក្រុមតារាបង្ហាញម៉ូដ រួមជាមួយការរៀបចំម្ហូបខ្មែរពីសមាគមចុងភៅដឹកនាំដោយលោក លូ ម៉េង សហប្រធានវិស័យឯកជនទេសចរណ៍កម្ពុជា និងជាម្ចាស់ភោជនីយដ្ឋានម្លិះជូនភ្ញៀវជាតិនិងអន្តរជាតិក្នុងឱកាសខួបលើកទី ១៦ នៃពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE នៅទីក្រុងហូជីមិញ។

រាត្រីកម្ពុជា ២០២២ ទទួលបានការសហការសម្របសម្រួលពីក្រសួងវប្បធម៌កីឡា និងទេសចរណ៍វៀតណាម ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងរដ្ឋបាលជាតិទេសចរណ៍វៀតណាម (VNAT)។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា សង្ឃឹម​ថា «Cambodia Night» នឹង​ជា​ឱកាស​ដើម្បី​ផ្សព្វផ្សាយ​អំពី​វិស័យទេសចរណ៍​នៅ​ កម្ពុជា និង​ទាក់​ទាញ​អ្នកវិនិយោគ​វៀតណាម និង​ទេសចរ​បរទេស​ ចូល​វិនិយោគ ក៏ដូចជា​​​ទស្សនា​ កម្ពុជា កាន់​តែ​ច្រើន​ ពិសេស​នៅក្នុង​ដំណាក់​កាលនៃ​ការ​​ស្ដារវិស័យ​ទេសចរណ៍​ឡើង​វិញ​នេះ​។ ទន្ទឹម​នឹង​នេះ «Cambodia Night» ក៏​ជំរុញ​សកម្មភាព​ឃោសនា បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​សហគ្រិន​កម្ពុជា និង​មិត្ត​ភក្ដិ​នៅ​បណ្ដា​ប្រទេស​ផងដែរ​៕

Advertisement