ល្អាងភ្នំដែល​ធ្លាប់​ «ឃុំឃាំង» ​សិស្ស​ថៃ​ច្រើន​នាក់​អស់​ជា​ច្រើន​សប្ដាហ៍​ ត្រៀម​ខ្លួន​ទទួល​ទេសចរ​ឡើង​វិញ

ក្រោយ​ពី​ព្រឹត្តិការណ៍​ជួយ​សង្គ្រោះ​ក្មេង​ចំនួន ១២ នាក់ និង​គ្រូបង្វឹក​បាល់​ទាត់​ម្នាក់​ប្រកប​ដោយ​ភាព​​ក្ដុក​ក្ដួល​កាល​ពី​ ៤ ឆ្នាំ​មុន ល្អាង​ភ្នំ​ Tham Luang នៅ​ ប្រទេស​ថៃ បាន​ក្លាយ​ជា​ទីតាំង​ទេសចរណ៍​ដ៏​ទាក់​ទាញ​មួយ​ ប៉ុន្តែ​ត្រូវ​បាន​បិទ​ទ្វារ​អស់​រយៈ​ពេល​ ២ ឆ្នាំ​ ​ដោយ​សារ​កូវីដ-១៩។

កាលពី​ ៤ ឆ្នាំ​មុន នៅ​ខាង​ក្រៅ​ល្អាង​ភ្នំ​ Tham Luang គឺជា​ទិដ្ឋភាព​ដ៏ច្របូក​ច្របល់​ដោយ​មាន​មនុស្ស​រាប់​ពាន់​នាក់​ ក្នុង​នោះ​មាន​ទាំង​​​ក្រុមគ្រូពេទ្យ ក្រុម​​អ្នក​ជួយ​សង្គ្រោះ​ និង​សាច់​ញាតិ​របស់​ជន​រងគ្រោះ ក៏ដូចជា​អ្នក​ស្ម័គ្រ​ចិត្ត​រាប់​រយនាក់​មក​ពី​ជុំវិញ​ពិភពលោក​ កំពុង​តែ​​ចូល​រួម​ជួយ​​សង្គ្រោះ​អ្នក​ដែល​​កំពុង​​ជាប់នៅ​ក្នុង​ល្អាង​ភ្នំ​ពេញ​ដោយ​ទឹក។

ក្នុង​រយៈ​ពេល​នៃ​ការ​ស្លាប់​រស់ ១៨ ថ្ងៃ ចុង​ក្រោយ កុមារ​ចំនួន ១២ នាក់ មក​ពី​ក្រុម​បាល់​ទាត់​ Wild Boars រួម​នឹង​គ្រូបង្វឹក​ម្នាក់​ក៏ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ជោគ​ជ័យ​។ ចាប់​តាំង​ពី​ពេល​នោះ​មក រឿង​រ៉ាវ​នៃ​ព្រឹត្តិការណ៍​នេះ​បាន​ក្លាយ​ជា​ចំណុច​កណ្ដាល​នៃ​បណ្ដា​ខ្សែភាព​យន្ត​ឯកសារ និង​ខ្សែ​ភាព​យន្ត​នានា​របស់ Hollywood ក៏ដូច​ជា​សៀវ​ភៅ​រាប់​សិប​ក្បាល។

បច្ចុប្បន្ន ទិដ្ឋភាព​ខាង​ក្រៅ​ល្អាង​ខាងលើ​គឺជា​តំបន់​ដែល​ត្រូវ​បាន​សាងសង់​ដូច​ទៅ​នឹង​ឧទ្យានជាតិ អាច​ទទួល​ទេសចរ​មក​ទស្សនា​។ យោង​តាម New York Times ផ្លូវ​នានា​ដែល​ភ្ជាប់​ទៅ​កាន់​តំបន់​ល្អាង​នេះ​ត្រូវ​បាន​ជួសជុល​ឡើង​វិញ ខណៈ​ដែល​សណ្ឋាគារ ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​ថ្មី នៅ​ជុំវិញ​តំបន់​នេះ​ បាន​លេច​ឡើង​ជា​បន្ត​បន្ទាប់​។

ដើម្បី​លើក​តម្កើង​លោក Saman Gunan អ្នកមុជទឹក​ស្ម័គ្រ​ចិត្ត និង​ជា​អតីត​ទាហាន​ពិសេស​របស់​ទ័ព​ជើង​ទឹក​ថៃ ដែល​បាន​បាត់បង់ជីវិត​ក្នុង​ពេល​ជួយ​សង្គ្រោះ​ក្នុង​ករណី​ខាងលើ អាជ្ញាធរ​ថៃ ក៏​បាន​សង់​រូប​សំណាក​របស់​គាត់​នៅ​ឯការិយាល័យ​កណ្ដាល​របស់​ឧទ្យាជាតិ​ Tham Luang Khun Nam Nang Non។ ឧទ្យាន Tham Luang ក៏​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ផែនទី​ទេសចរណ៍​ពិភព​លោក ដោយ​សារ​តែ​ក្រុម​បាល់​ទាត់​ Wild Boars ដែល​បាន​ជាប់​ក្នុង​ល្អាង​នោះ។

ក្រោយ​ពី​បេសក​កម្ម​ជួយ​សង្គ្រោះ​បាន​បញ្ចប់​ដោយ​ជោគជ័យ អ្នកទេសចរណ៍​ជា​ច្រើន​ចាប់​ផ្ដើម​នាំគ្នា​មក​កាន់​តំបន់​នេះ​ ហើយពេល​ខ្លះ​មាន​មនុស្ស​ច្រើន​ដល់​ថ្នាក់​កក​ស្ទះ​ចរាចរណ៍​ទៀត​ផង។ ក៏ប៉ុន្តែ នៅពេល​កូវីដ-១៩​ មក​ដល់ តំបន់​នេះ​ក៏​ប្រែជា​ស្ងប់ស្ងាត់​ ធ្វើ​ឱ្យ​អ្នក​ស្រុក​មាន​ការ​ខកចិត្ត​។

យ៉ាង​នេះ​ក្ដី ដោយ​សារ​តែវិបត្តិ​​កូវីដ-១៩ បានធូរស្រាល​ឡើងវិញ រួម​នឹង​វត្តមាន​របស់​ខ្សែភាព​យន្ត​ល្បីៗ (Thirteen Lives របស់ Amazon Prime និង Thai Cave Rescue របស់ Netflix) ​ស្ដីពីការ​សង្គ្រោះ​ជីវិត​មនុស្ស​នៅ​ក្នុង​ល្អាង Tham Luang អ្នក​ស្រុក​ក្នុង​តំបន់​នេះ​សង្ឃឹមថា តំបន់​នេះ​នឹង​ក្លាយ​ជា​ទីទាក់ទាញ​ភ្ញៀវ​មក​ទស្សនាជា​ថ្មី​នៅ​ពេល​រដូវ​ភ្លៀង​បាន​បញ្ចប់ និង​នៅ​ពេល​ល្អាង​នេះ​បើក​ទ្វារ​ឡើង​វិញ​នៅ​ខែ​តុលា​ខាងមុខ​៕

Advertisement