វៀតណាម ទទួល​នាវាទេសចរណ៍​​ប្រណិត​លើក​ដំបូង​ ក្រោយ​រយៈ​ពេល ៣ ឆ្នាំ​

នាវាទេសចរណ៍ Le Laperouse កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​វៀតណាម

នាវាទេសចរណ៍​ប្រភេទ​ប្រណិត Le Laperouse របស់ បារាំង ដឹក​ក្រុម​អ្នក​ទេសរណ៍​អន្តរ​ជាតិ​​ជិត ១០០ នាក់​ ទើប​តែ​បាន​ចូល​ចត​នៅ​កំពង់ផែ​សាយហ្គន។ នេះ​គឺ​​ក្រុម​ទេសចរ​បរទេស​ដំបូង​ដែល​បាន​មក​ដល់​ ទីក្រុង​ហូជីមិញ (អតីត​ទីក្រុងព្រៃនគរ) តាម​នាវាទេសចរណ៍ ក្រោយ​រយៈ​ពេល ៣ ឆ្នាំ​ដែល​ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​រាតត្បាត​សកល​កូវីដ-១៩​។

កាលពី​ថ្ងៃទី ០២ តុលា ក្រុម​ហ៊ុន​ឯកជន សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​ហូជីមិញ បាន​ចេញ​ទៅ​ទទួល​ក្រុម​ទេសចរ​អន្តរ​ជាតិ​​ដែល​ធ្វើ​ដំណើរ​តាម​នាវាទេសចរណ៍​ ជា​លើក​ដំបូង​ រាប់ចាប់​តាំង​ពី​ក្រោយ​វិបត្តិ​កូវីដ-១៩​ នេះ​បើ​យោង​តាម ​នាយកដ្ឋាន​ទេសចរណ៍​ក្រុង​ហូជីមិញ។

នាយកដ្ឋាន​ខាងលើ​បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ពេល​នេះ​រហូត​ដល់​ខែមករា​ឆ្នាំ​ក្រោយ​ វៀតណាម នឹង​អាច​បន្ត​ទទួល​នាវាទេសចរណ៍​​ធំៗ​មួយ​ចំនួន​ទៀត​ ហើយ​ទីផ្សារ​ទេសចរណ៍​​នឹង​ងើប​ឡើង​វិញ​ជា​បណ្ដើរ​ៗ​ក្រោយ​ខែ​មករា​។

នាវាទេសចរណ៍​ Le Laperouse និង​ភ្ញៀវ​ទេសចរណ៍​នឹង​ស្នាក់​នៅ ដើរ​ទស្សនា​ក្នុង ​ទីក្រុង​ហូជីមិញ រយៈ​ពេល​ ៣ ថ្ងៃ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដទៃ​ទៀត​របស់​ប្រទេស​វៀតណាម៕

Advertisement