ទេសចរ​ដែល​នាំយក​ផ្លែឈើ​ស្រស់​ចូល​ទឹកដី​ថៃ អាច​ត្រូវបាន​ពិន័យ​ដាក់ពន្ធនាគារ

បើសិនជា​នាំយក​ផ្លែឈើ​ដែល​មិន​ទទួលបាន​ការអនុញ្ញាត ចូលទៅក្នុង​ទឹកដី​របស់ ប្រទេស​ថៃ ទេសចរ​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​រាប់រយ​ដុល្លារ​អាម៉េរិក ឬ​ជាប់ពន្ធនាគារ​ទៀតផង។

Rapeephat Chantarasriwong អ្នកនាំពាក្យ​របស់ ក្រសួងកសិកម្ម​ថៃ បានឱ្យដឹងថា ទេសចរ​នាំយក​ផ្លែឈើ​ស្រស់​ចូល​ទឹកដី​របស់ ប្រទេស​ថៃ ដោយ​មិនមាន​លិខិត​បញ្ជាក់ថា មិនមាន​ជំងឺ​ដង្កូវ លិខិតអនុញ្ញាត​ការនាំ​ចូល ឬ​មិនបាន​រាយការណ៍ គឺជា​ការបំពានច្បាប់​ត្រួតពិនិត្យ​រុក្ខជាតិ​របស់ ប្រទេស​ថៃ នេះ​បើតាម Thai PBS World។

យោងតាម National News Bureau of Thailand ពលរដ្ឋ​ថៃ ដែល​ទៅ​ទេសចរណ៍​នៅ​ប្រទេសក្រៅ ត្រូវបាន​ព្រមាន​មិនឱ្យ​នាំយក​បន្លែ​ផ្លែឈើ​ស្រស់​ត្រលប់មក ប្រទេស​ថៃ ព្រោះ​អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់។

អ្នកនាំពាក្យ​របស់ ក្រសួងកសិកម្ម​ថៃ បានឱ្យដឹងថា ការ​នាំចូល​ផ្លែឈើ​ដោយ​ខុសច្បាប់​នឹងត្រូវ​ពិន័យ​ជា​ប្រាក់ 20,000 បាត (ប្រហែល 560 ដុល្លារ​អាម៉េរិក) ឬ​ជាប់ពន្ធនាគារ 1 ឆ្នាំ។ បច្ចុប្បន្ន មាន​ទេសចរ​ជាច្រើន​នាក់​ត្រូវបាន​រឹបអូស​យក​ផ្លែឈើ និង​បំផ្លាញចោល​នៅឯ​ព្រលានយន្តហោះ ប៉ុន្តែ​មិនទាន់មាន​ករណី​រង​ការពិន័យ​នៅឡើយ។

លោក Rapeephat Chantarasriwong បន្ថែមថា នាពេលខាងមុខ ក្រសួងកសិកម្ម​ថៃ នឹង​ស្នើឱ្យ​គ្រប់​អាកាសយានដ្ឋាន ផ្ដល់ព័ត៌មាន​នេះ​ដល់​អ្នកដំណើរ​គ្រប់រូប៕

Advertisement