ទេសចរ​នាំគ្នា​សម្រុក​ទៅ​មើ​លប​ន្ទុះ​ភ្នំភ្លើង Mauna Loa នៅ​កោះ Hawaii

មនុស្ស​រាប់ពាន់នាក់​ស​ម្រុ​ក​ទៅ​មើល​ទិដ្ឋភាព​ដ៏​អស្ចារ្យ​ដែល​ប្រហែលជា​អាច​បាន​ឃើញតែ​ម្ដងគត់​ក្នុង​មួយ​ឆាកជីវិត​របស់​មនុស្ស​ម្នាក់ នៅពេល​ភ្នំភ្លើង​ធំជាងគេ​បង្អស់​លើ​ពិភពលោក Mauna Loa កំពុង​ផ្ទុះ​កំ​អែ បន្ទាប់ពី «ដេកលក់» ជិត 40 ឆ្នាំ។

ក្រោយពី​ភ្នំភ្លើង Mauna Loa ចាប់ផ្ដើម​ផ្ទុះឡើង​ជាថ្មី​កាលពី​ថ្ងៃទី 27 វិច្ឆិកា 2022 ហើយ​អាជ្ញាធរ​របស់ Hawaii ប្រកាសថា មិនមាន​សញ្ញា​បង្ហាញថា កំ​អែ​ភ្នំ​ឡើង​នេះ​នឹង​គំរាមកំហែង​ដល់​ប្រជាជន​ដែល​នៅក្នុង​បណ្ដា​តំបន់​ក្បែរ​នោះ ភ្លាមនោះ​វា​ក៏បាន​ក្លាយជា​ទេសភាព​ដ៏​អស្ចារ្យ ទាក់ទាញ​ទេសចរ​រាប់ពាន់ រាប់​ម៉ឹ​ន​នាក់មក​ទស្សនា។

ដំបូង​ឡើយ មនុស្សម្នា​ទាំងគ្រួសារៗ ដែល​នៅក្បែរ​តំបន់ភ្នំ​ភ្លើង Mauna Loa នាំគ្នា​មក​ទស្សនា។ ពួកគេ​នាំយក​ទាំង​សម្ភារ​ប្រើប្រាស់​មកជា​មួយ​ដើម្បី​អាច​គយគន់​ទិដ្ឋភាព​ធម្មជាតិ​នេះ​បាន​ងាយស្រួល។ បន្ទាប់មក គេ​ឃើញ​មាន​ទេសចរ​បរទេស​មក​ទ​ស្សា​នាច្រើនឡើងៗ ធ្វើឱ្យ​វិស័យ​ទេសចរណ៍​នៅ Hawaii ប្រែជា​ងើបឡើង​យ៉ាង​ឆាប់រហ័ស។

«ទេសចរណ៍​ពេលនេះ ផ្ទុះ​ឡើងវិញ​ហើយ» នាង Marian Somalinog បុគ្គលិក​របស់​សណ្ឋាគា​រ Castle Hilo និយាយ​ដូច្នេះ និង​បន្ថែមថា «ពួកយើង​អស់​កន្លែង​រហូតដល់​ផុត​រដូវ​ណូអែល»។

ក្រៅពី Mauna Loa ក៏​នៅមាន​ភ្នំភ្លើង​តូច​មួយទៀត​កំពុង​ផ្ទុះ នោះ​គឺ​ភ្នំភ្លើង Kilauea។ ទេសចរ​ទៅកាន់ Hawaii អាច​ទស្សនា​ភ្នំភ្លើង​ទាំងពីរ​ក្នុងពេល​តែមួយ។

Mauna Loa បាន​ផ្ទុះឡើង​ជាថ្មី​កាលពី​ថ្ងៃអាទិត្យ​ទី 27 វិ​ច្ឆ​កា 2022។ ភ្នំភ្លើង​ដែល​ស្ថិតនៅលើ​កោះ Hawaii ក្នុង​រដ្ឋ Hawaii សហរដ្ឋ​អាម៉េរិក គឺជា​ភ្នំភ្លើង​សកម្ម​ធំជាងគេ​បង្អស់​លើ​ពិភពលោក។ មុន​នោះ ភ្នំភ្លើង Mauna Loa បាន​ផ្ទុះ​ជា​លើកចុងក្រោយ​កាលពី​ឆ្នាំ 1984៕

Advertisement