សម្ដេច​តេ​ជោ​អញ្ជើញ​ប្រជាពលរដ្ឋ​ទៅលេង​បុណ្យ​សមុទ្រ​នៅ​ក្រុងព្រះសីហនុ

នៅលើ​ទំព័រ​បណ្ដាញ​សង្គម នា​ព្រឹក​មិញ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បង្ហោះ​សារ​អញ្ជើញ​ប្រជាពលរដ្ឋ​ទៅលេង​បុណ្យ​សមុទ្រ​នៅ ខេត្ត​ព្រះសីហនុ ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 09 ដល់ 11 ធ្នូ 2022។

សម្ដេច​តេ​ជោ បានសរសេរថា «កំពុងធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន​ពី ភ្នំពេញ ខេត្ត​ព្រះសីហនុ។ យើង​នឹង​ខិតខំ​កសាង​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​ទៀត​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​បាវិត ព្រំដែន​វៀតណាម។ សូម​អញ្ជើញ​ទៅលេង​បុណ្យ​សមុទ្រ​នៅ ក្រុងព្រះសីហនុ ថ្ងៃស្អែក 10 ធ្នូ 2022»។

យោងតាម ក្រសួងទេសចរណ៍ ពិធីបុណ្យ​សមុទ្រ​លើក​ទី 9 ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី 09 ដល់ 11 ធ្នូ 2022 នេះ​នឹង​ធ្វើឡើង​អម​ជាមួយនឹង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក ចាប់ពី​ថ្ងៃទី 09 ដល់ 14 ខែធ្នូ ក្រោម​ប្រធានបទ «ឆ្នេរ​នៃ​សន្តិភាព ឆ្នេរ​នៃ​ក្ដីសង្ឃឹម»។

គិត​មកដល់ពេលនេះ សេវាកម្ម​ស្នាក់នៅ​ក្នុង ក្រុងព្រះសីហនុ មានការ​កក់​យ៉ាងច្រើន​ដើម្បី​ត្រៀម​មក​កម្សាន្ត នាឱកាស​បុណ្យ​សមុទ្រ ប៉ុន្តែ​មិនទាន់​ខ្វះ​កន្លែង​ស្នាក់នៅ​សម្រាប់​ទេសចរ​នៅឡើយ ដោយសារ​ថា ក្រុងព្រះសីហនុ មាន​បន្ទប់​ស្នាក់នៅ​សរុប​ជាង 9,000 បន្ទប់​ឯណោះ នេះ​បើតាម លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ៕

Advertisement