ប្រាសាទ​បុរាណ​របស់​ «អតីត​ប្រទេស​ចម្ប៉ា​» នៅ​​វៀតណាម ចាប់ផ្ដើម​បើក​ទ្វារ​ទទួល​ទេសចរ​

ក្រោយការ​ជួសជុលរយៈ​ពេល 6 ឆ្នាំ ក្រុម​អ្នក​ជំនាញ​របស់ ឥណ្ឌា ក៏​បាន​ប្រគល់​ក្រុម​បាសាទ​ A, H និង K មក​ឱ្យ​ វៀតណាម និង​បាន​បើក​ទ្វារ​ទទួល​ទេសចរ​ចាប់​ពី​ថ្ងៃទី 20 ធ្នូ 2022​។

ដំណើរ​ការ​នៃ​ជួស​ជុល ក្រុម​របស់ ឥណ្ឌា គឺ​ការ​​ជម្រះ​ស្មៅ ស្ដារ​ប្រព័ន្ធ​បង្ហូរ​ទឹក​ខាង​ក្នុង និង​ជុំវិញ កែលំអ​គ្រឹះ និង​ខឿន​របស់​ប្រាសាទ​ដោយ​ប្រើប្រាស់​ឥដ្ឋ​ និង​ជញ្ជាំង​។ល។

វៀតណាម និង​ឥណ្ឌា កាល​ពី​ឆ្នាំ 2014 បាន​ចុះ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​ក្នុង​ការ​អនុវត្ត​គម្រោង​អភិរក្ស និង​ជួស​ជុល​ក្រុម​ប្រាសាទ H, K និង A ដែល​ត្រូវ​ចំណាយ​ថវិកា​ជាង 60 ពាន់​លាន​ដុង (ជាង 2.5 លាន​ដុល្លារ​អាម៉េរិក) ក្នុង​នោះ ឥណ្ឌា ផ្ដល់​ជំនួយ​ 50 ពាន់​លាន​ដុង​ (2.1 លាន​ដុល្លារ​)។ ឆ្នាំ 2017 ក្រុម​អ្នកជំនាញ​មក​ពី​ វិទ្យាស្ថាន​បុរាណ​វិទ្យា​ឥណ្ឌា (ASI) ចាប់​ផ្ដើម​ដំណើរ​ការ​ជួស​ជុល​។

បណ្ដុំ​ប្រាសាទមីស៊ឺន ​​ខាង​លើ ក្នុង​នោះ​មាន​ទាំង​ប្រាសាទ​ដែល​មានរូប​សំណាក​​លិង្គ និងយោនីជា​ដើម​ ​គឺជា​ស្នាដៃ​ស្ថាបត្យ​កម្ម​របស់​ អតីត​ប្រទេស​ចម្ប៉ា ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ប្រទេស​វៀតណាម​។

លោក Subhash Prasad Gupta ឯកអគ្គរដ្ឋ​ទូត​រង​ឥណ្ឌា​ប្រចាំ​វៀតណាម ឱ្យ​ដឹង​ថា ខាងលើ​គឺជា​ចំណុច​ចាប់​ផ្ដើម​នៃ​ការ​ជួសជុល​បណ្ដា​ប្រាសាទ​ចាម​នៅ​ វៀតណាម​។ ពេល​ខាងមុខ​ ឥណ្ឌា​ នឹង​បន្ត​ជួយ​ដល់ វៀតណាម ក្នុងការ​ជួស​ជុល​ប្រាសាទ​ចាម​ ផ្សេង​ទៀត​។

ក្រុម​ប្រាសាទ​បុរណ​​របស់អតីត​ប្រទេស​ចម្ប៉ា ស្ថិត​នៅ​ក្នុង​ខេត្តក្វាងណាំ (Quang Nam) ភាគ​កណ្ដាល​ប្រទេស​វៀតណាម និង​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ធៀប​នឹង​តំបន់​កន្ទុយ​នាគ​របស់​កម្ពុជា​។ នេះ​គឺជា​បណ្ដុំ​នៃ​ប្រាសាទ​បុរាណ​របស់​ ចាម ដែល​មាន​ទីតាំង​ក្នុង​ជ្រលង​ភ្នំ​មួយ​ដែល​មាន​អង្កត់​ផ្ចិត​ប្រហែល 2 គីឡូម៉ែត្រ​ និង​ព័ទ្ធ​ជុំ​វិញ​ដោយ​ព្រៃ​​ភ្នំ​។

ឆ្នាំ 1999 បណ្ដុំ​ប្រាសាទមីស៊ឺន (My Son Sanctuary) ត្រូវ​បាន​អង្គការ UNESCO ទទួលស្គាល់​ថា​ជា​បេតិកភណ្ឌ​ពិភពលោក​៕

Advertisement