ទីក្រុង​និម្មិត​ដំបូង​របស់ ប្រទេស​អេ​ហ្ស៊ី​ប ក្នុង​ចក្រវាល Metaverse

ក្រុមហ៊ុន​មួយ​នៅ ប្រទេស​អេ​ហ្ស៊ី​ប ទើបតែ​បានបង្ហាញ MetaTut ដែលជា​ទីក្រុង​និម្មិត​ដំបូង​របស់​ប្រទេស​នេះ​នៅក្នុង​ចក្រវាល​និយម Metaverse។

គម្រោង​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​បំណង​រម្លឹក​ខួប 100 ឆ្នាំ​នៃ​ការរកឃើញ​ចេតិយ​តម្កល់​ព្រះ​សព​របស់​មហាក្សត្រ Tutankhamun។

គំនិត​ស្ដីពី​ទីក្រុង​និម្មិត​ខាងលើ​គឺ​យោងទៅតាម​ការ​សន្ម​ត់​ដោយ​ការ​ប្រឌិត​ថា ស្ដេច Tutankhamun មាន​ព្រះជន្ម​ឡើងវិញ​នៅ​ឆ្នាំ 2022 ដើម្បី​សម្រេច​នូវ​អ្វីដែល​ទ្រង់​ប្រាថ្នា​ចង់បាន​នៅ អេ​ហ្ស៊ី​ប។

ក្នុង​ទីក្រុង​និម្មិត MetaTut ភ្ញៀវ​អាច​ដើរ​ទស្សនា​ក្នុង​ដំណើរ​ឆ្លង​ពេលវេលា និង​ទីកន្លែង ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​របស់ អេ​ហ្ស៊ី​ប ហើយ​អាច​លេង​កម្សាន្ត ក៏ដូចជា​ធ្វើ​អន្តរ​កម្ម​ជាមួយ​អ្នកដទៃ​នៅក្នុង​បរិយាកាស​និម្មិត។

បច្ចុប្បន្ន MetaTut បានដាក់​ឱ្យ​ទស្សនា​ទីតាំង​ចំនួន 4 រួមមាន ជ្រលង​ភ្នំ​របស់​មហាក្សត្រ​នានា បន្ទប់​ព្រះអាទិត្យ រាជវាំង Akhenaton និង​បន្ទប់​តន្ត្រី។

ក្រៅពី​ឧបករណ៍​បង្ហាញ​ទិដ្ឋភាព​និម្មិត (virtual reality device) MetaTut ក៏​អាច​ត្រូវបាន​ចូល​ទស្សនា​តាមរយៈ​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ឆ្លាត​វៃ​ផងដែរ៕

Advertisement